ក្នុងហេតុការណ៍ផ្ទុះនាវាមុជទឹក Titan ដែលសន្មត់ថាបានសម្លាប់មនុស្ស៥នាក់ មានជនរងគ្រោះពីរនាក់ត្រូវជាឪពុកនិងកូនបង្កើត ដោយបុរសជាឪពុកមានឈ្មោះថា Shahzada Dawood ជាអ្នកជំនួញជនជាតិប៉ាគីស្ថាន ហើយកូនប្រុសមានឈ្មោះថា Suleman មានអាយុ ១៩ឆ្នាំ ជានិស្សិតកំពុងសិក្សាក្នុងប្រទេសអង់គ្លេស។
យ៉ាងណាមិញ នៅពីក្រោយការស្លាប់របស់ជនរងគ្រោះទាំងពីរនាក់នេះ គឺបានបន្សល់នូវរឿងរ៉ាវដ៏គួរឲ្យរំជួលចិត្តមួយ ជាមនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាងកូននិងឪពុក។ ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Business Insider លោកស្រី Azmeh Dawood ដែលជាប្អូនស្រីបង្កើតរបស់លោក Shahzada Dawoo បានឲ្យដឹងយ៉ាងដូច្នេះថា៖ «ក្មួយប្រុស Suleman មិនសប្បាយចិត្តទាល់តែសោះមុនពេលធ្វើដំណើរ ហើយក៏គ្មានគម្រោងនឹងធ្វើដំណើរកំសាន្តតាមនាវាមុជទឹកនេះឡើយ ប៉ុន្តែបងប្រុស Shahzada Dawood បានឈ្លក់វង្វេងនឹងកប៉ាល់ទីតានិកតាំងពីកុមារភាពមកម្ល៉េះ ហើយគាត់ចង់ធ្វើដំណើរផ្សងព្រេងទៅកាន់ទីនោះ»។
លោកស្រី Azmeh Dawood បានបន្តទៀតថា៖ «ដើម្បីផ្គាប់ចិត្តឪពុកឲ្យគាត់សប្បាយចិត្ត និងចង់ចំណាយពេលនៅក្បែរអ្នកមានគុណឲ្យបានយូរក្នុងថ្ងៃ “ទិវាឪពុក“ (Father’s Day) ក្មួយប្រុស Suleman ក៏សម្រេចចិត្តទៅតាមឪពុកដោយមិនរុញរា»។ ប៉ុន្តែការព្យាយាមចំណាយពេលវេលាល្អជាមួយឪពុកនៅពេលនេះមិនបានបង្កើតនូវការចងចាំដ៏ល្អសម្រាប់យុវជនរូបនេះឡើយ ហើយផ្ទុយទៅវិញវាបានប្រែក្លាយជាសោកនាដកម្មដ៏រន្ធត់ទៅវិញ។
គួរជម្រាបផងដែរថា លោក Shahzada Dawood មានវ័យ៤៨ឆ្នាំ គឺជាអ្នកជំនួញជនជាតិអង់គ្លេស-ប៉ាគីស្ថាន មានទ្រព្យសម្បត្តិ១៣៦.៧៣ លានដុល្លារ និងមានភរិយាឈ្មោះថា Christine Dawood និងកូនចំនួន២នាក់។ លោកបានបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកទីផ្សារវាយនភណ្ឌពិភពលោកពីសាកលវិទ្យាល័យ Philadelphia នៅសហរដ្ឋអាមេរិក និងសញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យ Buckingham ក្នុងចក្រភពអង់គ្លេស។ សេដ្ឋីរូបនេះបានក្តោបក្តាប់ក្រុមហ៊ុនវិនិយោគ Dawood Hercules ដ៏ចាស់វស្សាមួយនៅក្នុងប្រទេសប៉ាគីស្ថានដែលបន្តពីមរតកពីគ្រួសាររបស់លោក។ រីឯយុវជន Suleman Dawood វ័យ១៩ឆ្នាំជាកូនប្រុសរបស់លោក Shahzada Dawood ជាក្មេងប្រុសចូលចិត្តសិក្សាពីវិទ្យាសាស្រ្តនិងជាអ្នកលេងបាល់បោះម្នាក់៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)