ការខំប្រឹង មិនធ្វើឱ្យអ្នកខកចិត្តទេ ចង់បានជំនួយ ត្រូវខំជួយខ្លួនឯងសិន។ ជាក់ស្តែងពេលនេះ យុវជនក្រខ្សត់មានឆន្ទៈសិក្សា អន ផានិត ទទួលបានអាហារូបករណ៍១០០% និងប្រាក់ឧបត្ថម្ភជាច្រើន អាចបន្តការរៀនសូត្រតាមក្តីស្រមៃ។
ក្នុងចំណោមសប្បុរសជនជាច្រើនរូប សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិប្រឹទ្ធបណ្ឌិត បានជួយផ្គត់ផ្គង់ការសិក្សាបន្ត និងជីវភាពគ្រួសាររបស់យុវជន អន ផានិត រួមមាន៖
១/. ជួយឲ្យបានចូលរៀន វិស្វករ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ដែលជាជំនាញក្នុងក្ដីស្រមៃ រួមជាមួយការផ្ដល់ជូន មធ្យោបាយធ្វើដំណើរ ក៏ដូចជាប្រាក់ឧបត្ថម្ភប្រចាំខែ ក្នុងការរៀនសូត្រ
២/. ទទួលបានការស្នាក់នៅ នៅទីបញ្ជាការដ្ឋានអង្គរក្ស តាមរយៈឯកឧត្តម ហ៊ីង ប៊ុនហៀង
៣/. សម្ដេចទាំងទ្វេបានបញ្ជូនទីប្រឹក្សាផ្ទាល់ ឯកឧត្តម សេង ទៀង និងឯកឧត្តម ខេង សាម៉េត ចុះផ្ទាល់នឹងជួយសាងសង់លំនៅឋានថ្មីជូនក្រុមគ្រួសារ
៤/. ជួយចេញលុយសង ដែលក្រុមគ្រួសារជំពាក់គេកន្លងមកឲ្យអស់
៥/. ឧបត្ថម្ភប្រចាំខែ មួយលានរៀលដល់គ្រួសារ។
គួរជម្រាបផងដែរថា យុវជន អន ផានិត ជាសិស្សប្រលងជាប់និទ្ទេស A ក្នុងសម័យប្រឡងសញ្ញាបត្រទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២៣ មានគ្រួសារជីវភាពក្រខ្សត់ជាខ្លាំង រួមទាំងឪពុកម្តាយមានពិការភាពថែមទៀតផងនោះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមនានា ធ្វើការផ្សព្វផ្សាយយ៉ាងព្រោងព្រាធពីការតស៊ូរៀនសូត្ររបស់យុវសិស្សរូបនេះ ដោយបង្ហាញពីការខ្វះខាតសព្វបែបយ៉ាង៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)