ពិតជារឿងគួរឱ្យសោកស្តាយមួយ ដែលយីហោ Starbucks បានប្រកាសបិទហាង១៦កន្លែង នៅអាមេរិក ខណៈកាលពីកន្លងទៅ ក្រុមហ៊ុន Tesla ក៏បានប្រកាសបញ្ឈប់បុគ្គលិកប្រមាណ ១ម៉ឺននាក់ ហើយនៅក្នុងនោះសូម្បីតែមេធំ Meta លោក Mark Zuckerberg ក៏បានប្រកាសថានឹងកាត់បន្ថយបុគ្គលិកថ្មីចំនួន ៣០% ផងដែរ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា ក្រុមហ៊ុន Starbucks ប្រកាសបិទហាង ១៦ទីតាំងនៅសហរដ្ឋអាមេរិកចាប់ពីចុងខែកក្កដានេះតទៅ ដោយនៅក្នុងនោះ Starbucks បិទហាងនៅទីក្រុងធំៗដូចជា ទីក្រុង Los Angeles; Philadelphia, Washington DC និង Portland, Oregon ចំពោះការបិទនេះ ដោយសារតែក្រុមហ៊ុនព្រួយបារម្ភពីសុវត្ថិភាពនៅទីនោះ។
អនុប្រធានជាន់ខ្ពស់ផ្នែកប្រតិបត្តិការនៅក្រុមហ៊ុន Starbucks គឺ Debbie Stroud និង Denise Nelson បានពិភាក្សាគ្នាថា ការសម្រេចបិទហាង ១៦ទីតាំងនៅអាមេរិកនេះ បន្ទាប់ពីបានមើលឃើញពីបញ្ហាបុគ្គលិកភាគច្រើនមានវិបត្តិផ្លូវចិត្តរហូតពេលខ្លះពួកគាត់ជក់គ្រឿងញៀនថែមទៀតផងមិនតែប៉ុណ្ណោះបុគ្គលិកភាគច្រើនក៏រងនៅបញ្ហាការរើសអើងពូជសាសន៍ កង្វះលទ្ធភាពទទួលបានការថែទាំសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ។
អនុប្រធានខាងលើ បានបន្ថែមថា ឥលូវនេះក្រុមហ៊ុនកំពុងតែបញ្ជូនបុគ្គលិកទាំងនោះឱ្យទៅហាងក្បែរៗនោះ ដើម្បីធ្វើការបណ្តុះបណ្តាលលើបុគ្គលិកទាំងអស់ ដើម្បីឱ្យចេះនៅវិធានការការពារខ្លួន ពីរបៀបថែទាំសុខភាព ដើម្បីធ្វើឱ្យបុគ្គលិកអាចមានអារម្មណ៍សុវត្ថិភាពបំផុតនៅពេលបម្រើការងារនៅក្នុងហាង Starbucks។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំនេះក្រុមហ៊ុន Starbucks បានបិទហាងនៅសហរដ្ឋអាមេរិកសរុបចំនួន ៤២៤ ហាងឬប្រហែល ៥% នៃចំនួនសរុបនៅលើទឹកដីសហរដ្ឋអាមេរិក៕