ទិញខុសខាត ទិញត្រូវចំណេញ! មេ Starbucks នៅខ្មែរ បង្ហើបចំណុចខ្លឹម ៥ គួរដឹងមុនសម្រេចចិត្តទិញហ្វ្រេនឆាយគេមករកស៊ី
ធី ស្រីល័ក្ខJANUARY 9 2023756 views

ការទិញហ្វ្រេនឆាយគេមករកស៊ីបើគិតមួយភ្លែតវាអាចជារឿងល្អ ខុសឆ្ងាយពីការបើកអាជីវកម្មដោយខ្លួនឯង ព្រោះពេលទិញហ្វ្រេនឆាយមក យើងមិនហត់ក្នុងការធ្វើទីផ្សារ ហត់រៀបចំជាដើម ព្រោះអាជីវកម្មបែបហ្វ្រេនឆាយមានភ្ញៀវស្គាល់ស្រាប់ ហេតុនេះពេលបើកអត្រាដែលចំណេញខ្ពស់ជាងការចាយពេលធ្វើខ្លួនឯង។

ប៉ុន្តែក្នុងន័យនេះក៏មិនមែនមានន័យថា ការទិញហ្វ្រេនឆាយមករកស៊ីសុទ្ធតែជាជម្រើសល្អ ហើយសុទ្ធតែចំណេញទាំងអស់នោះទេ ក្នុងនោះវាក៏មានបញ្ហាមួយចំនួននៅពីក្រោយការទិញហ្វ្រេនឆាយមិនត្រឹមត្រូវផងដែរ ដែលវាអាចបង្ករទៅជាបញ្ហាជាច្រើនដែលយើងនឹកស្មានមិនដល់។ជាក់ស្តែងជាមួយបញ្ហានេះដែរ បើតាមការលើកឡើងរបស់លោក ប៉ោ លីម បច្ចុប្បន្នជា CEO កាហ្វេ Starbucks នៅខ្មែរបានលើកឡើងនូវចំណុចខ្លឹមៗ ៥ ពាក់ព័ន្ធនឹងការទិញហ្វ្រេនឆាយដែលបងប្អូនគួរតែយកចិត្តទុកដាក់ ដើម្បីកុំឱ្យមានការខាតបង់នៅពេលក្រោយ ដែលចំណុចទាំងនោះរួមមាន ៖

១.គួរមើលពីក្រុមហ៊ុនដែលលក់ហ្វ្រេនឆាយ ៖ បើតាមការលើកឡើងរបស់លោក ប៉ោ លីម បានមានប្រសាសន៍ថា មុននឹងទិញហ្វ្រេនឆាយមករកស៊ី យើងគួរតែធ្វើការសិក្សាទៅលើក្រុមហ៊ុនលក់អាជីវកម្មនោះឱ្យច្បាស់សិន ថាតើក្រុមហ៊ុននោះរឹងមាំហើយឬនៅ។

២.មើលថាម្ចាស់អាជីវកម្មជាអ្នកណា ៖ មុនសម្រេចចិត្តយកលុយទាំងដុលៗទៅទិញហ្វ្រេនឆាយ យើងគួរដឹងជាមុនថាតើម្ចាស់អាជីវកម្មនោះជានរណា តើគាត់មានកម្រិតនៃការជួយគាំទ្រអាជីវកម្មយើងបានកម្រិតណាបន្ទាប់ពីទិញហ្វ្រេនឆាយហើយ និងត្រូវដឹងទៀតថាតើការជួយគាំទ្ររបស់គាត់នៅលើផ្នែកអ្វីខ្លះជាដើម។

៣.មើលអនាគតទីផ្សារអាជីវកម្ម ៖ ចំពោះបងប្អូនដែលមានបំណងចង់ទិញហ្វ្រេនឆាយពីបរទេសត្រូវមើលថាតើអនាគតអាជីវកម្មនោះបែបណាដែរ នៅស្រុកគេដើរ យកមកខ្មែរលក់បែបនេះដើរ លក់ដាច់ មានភ្ញៀវឬអត់?ព្រោះពេលខ្លះអាជីវកម្មដែលល្បីនៅក្រៅប្រទេសក៏មិនប្រាកដថានៅខ្មែរល្បីនោះទេ។

៤.សួរខ្លួនឯងសិន មុននឹងចាយលុយទៅទិញហ្វ្រេនឆាយមួយៗមកត្រូវសួរខ្លួនឯងសិនថាយើងចូលចិត្តអាជីវកម្មនេះឬអត់ ហើយពេលយកមកយកមានពេលជាមួយវា មានពេលគ្រប់គ្រងទេ ឬគ្រាន់តែទិញហើយលក់តាមតែបាន។ព្រោះមែនទែនទៅ ថ្វីបើអាជីវកម្មហ្វ្រេនឆាយមានរៀបចំប្រព័ន្ធការងាររួចស្រេចក៏ពិតមែន តែក៏នៅមានមួយចំនួនតម្រូវឱ្យអ្នកទិញមកត្រូវសិក្សាស្វែងយល់ និងចំណាយពេលជាមួយវាដែរ ។ប្រសិនបើយើងគ្មានពេល យើងអាចជួលបុគ្គលិកម្នាក់ដែលមានជំនាញឱ្យមកមើលការខុសត្រូវជំនួស នោះទើបមិនមានបញ្ហាបន្ទាប់ទិញហ្វ្រេនឆាយហើយ។

៥.ទីតាំង ៖ ការរើសទីតាំងពិតជាសំខាន់មិនថាតែបើករកស៊ីខ្លួនឯងឬក៏ទិញហ្វ្រេនឆាយនោះទេ មុនពេលបើកត្រូវតែមើលឱ្យច្បាស់ពីទីតាំងជាមុនសិន ត្រូវធ្វើការសិក្សាថាតើកន្លែងដែលយើងចង់បើកមានអាជីវកម្មប្រភេទនេះឬនៅ បើកទៅមានភ្ញៀវចូលច្រើនទេ ហើយអត្រាការលក់អាចនឹងបានប្រហែលប៉ុន្មានបើយើងបើកកន្លែងនោះ៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia