ម្ចាស់កាហ្វេជ្រុងស្រែផ្ដោតខ្លាំងលើចំណុច១នេះ ទើបអាចទាញភ្ញៀវចូលខ្ទង់ពាន់នាក់ក្នុង១ថ្ងៃ
Bunthoeun KoemMAY 10 20226.7 K views

កាហ្វេជ្រុងស្រែ by square coffee & tea បាននឹងកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋគ្រប់វ័យទាំងនៅរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្ដាខេត្ដមួយចំនួនចូលមកលេងកម្សាន្ដយ៉ាងច្រើនកុះករពីមួយថ្ងៃទៅមួយថ្ងៃ ខណៈថ្ងៃខ្លះកាហ្វេជ្រុងស្រែទទួលបានភ្ញៀវដល់ខ្ទង់ ១ ពាន់នាក់នៅក្នុងមួយថ្ងៃក៏មាន។ តើកត្ដាអ្វីដែលធ្វើឲ្យកាហ្វេជ្រុងស្រែទទួលបានការចាប់អារម្មណ៍ខ្លាំងបែបនេះ? មកពីកាហ្វេនៅទីនោះរសជាតិឆ្ងាញ់ខ្លាំងជាងកាហ្វេដទៃ ឬក៏យ៉ាងណា?

តាមបញ្ជាក់ពីលោក ឆឹង សុវណ្ណារ៉ូ ដែលជាម្ចាស់ហាងកាហ្វេជ្រុងស្រែ មកកាន់ Business Cambodia  ចំណុចពិសេសដែលធ្វើឲ្យកាហ្វេជ្រុងស្រែ ទទួលបានការចាប់អារម្មណ៍ខ្លាំងបែបនេះ គឺមិនមែនមកពីរសជាតិកាហ្វេនៅទីនេះឆ្ងាញ់ខ្លាំងជាងគេនោះទេ ប៉ុន្ដែមកពីលោកបានធ្វើការរចនាទីតាំង (Design) ស្អាតល្អបែបធម្មជាតិ ដែលមានកន្លែងកម្សាន្ដ ដូចជាកន្លែងថតរូប កន្លែងជិះទូក ដោយគ្រប់ដណ្ដប់ដោយបរិយាកាសស្រស់ស្រាយ ខុសប្លែងពីហាងកាហ្វេដទៃ ទើបទាក់ទាញភ្ញៀវបានច្រើនបែបនេះ។ ជាក់ស្ដែងតាមសំដីលោក សុវណ្ណារ៉ូ បានបញ្ជាក់យ៉ាដូច្នេះថា «ហាងកាហ្វេជ្រុងស្រែ យើងមិនផ្ដោតទៅលើរសជាតិទេ តែយើងផ្ដោតទៅលើទេសភាព យើងផ្ដោតលើចំណីអារម្មណ៍ឲ្យគាត់ (ភ្ញៀវ)»។ 

279098102 164143949384041 8929194709830826808 N

លោកបន្ដថា គំនិតនៃការចនាហាងកាហ្វេឡើងបែបនេះ គឺដោយសារកន្លងមកខ្លួនធ្លាប់បានទៅចុះកម្មសិក្សានៅប្រទេសម៉ាឡេស៊ី និងសាំងហ្គាពួរ ហើយឃើញហាងកាហ្វេនៅទីនោះមានការតុបតែងទាក់ទាញ ទើបធ្វើឲ្យលោកមានគំនិតមួយចង់រចនាហាងកាហ្វេបែបនេះនៅក្នុងប្រទេសកម្ពុជា។ បន្ទាប់មកលោកក៏បានរិះរកគំនិតធ្វើកាគូរប្លង់នឹងបានសង់ហាងកាហ្វេជ្រុងស្រែ ដែលមានរូបរាងដូចសព្វថ្ងៃនេះតែម្ដង។

សូមជម្រាបថា កាហ្វេជ្រុងស្រែ បានបង្កើតឡើងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ដែលគិតមកដល់ពេលនេះ គឺមានរយៈពេលទើបតែជាង ២ ខែប៉ុណ្ណោះ។ ចំពោះទុនក្នុងការរៀបចំបើកហាងកាហ្វេនេះវិញ គឺមានសរុបប្រមាណ ៤ ម៉ឺនដុល្លារ ហើយទីតាំងសម្រាប់សាងសង់ហាងកាហ្វេនេះគឺមានទំហំដី១ ហិចតាផងដែរ។

ការបើកលក់បំដូងៗគឺអាចទទួលបានភ្ញៀវខ្ទង់ ៥០ ទៅ ១០០ នាក់ប៉ុណ្ណោះក្នុង ១ ថ្ងៃ ប៉ុន្ដែចាប់តាំងពីថ្ងៃបុណ្យចូលឆ្នាំខ្មែររួចមក ចំនួនភ្ញៀវដែលចូលមកហាងកាហេ្វជ្រុងស្រែ គឺចាប់ផ្ដើមកើនឡើងជាលំដាប់ ដោយថ្ងៃធម្មតាមានភ្ញៀវចូលចន្លោះពី ២០០ ទៅ ៣០០ នាក់ ខណៈថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃឈប់សម្រាក គឺភ្ញៀងអាចហក់ឡើងចាប់ពី ៥០០ ទៅដល់ ១០០០ នាក់ឯណោះក្នុង១ថ្ងៃ។ នេះតាមការបញ្ជាក់បន្ថែមពីលោក សុវណ្ណារ៉ា

ជាចុងក្រោយ លោក ឆឹង សុវណ្ណារ៉ូ ក៏បានលើកទឹកចិត្ដដល់អ្នកដែលចង់បើកហាងកាហ្វេក្រោយៗ គួរផ្ដោតសំខាន់លើការជ្រើសរើស និងរៀបចំទីតាំង ធ្វើយ៉ាងណាឲ្យមានភាពប្លែក និងទាក់ទាញ នោះនឹងមានភាគរយច្រើនដែលអាចទាក់ទាញភ្ញៀវមកហាងខ្លួនបាន។ ហើយចំពោះអ្នកមានហាងកាហ្វេស្រាប់វិញ ក៏ត្រូវតែរិះរកគំនិតថ្មី ដើម្បីកែច្នៃយ៉ាងណាឲ្យមានភាពទាក់ទាញ បើចង់ទទួលបានភ្ញៀវច្រើនតទៅមុខទៀត។

សម្រាប់លោកអ្នកដែលចង់ទៅលេងកម្សាន្ដ និងភ្លក់រសជាតិកាហ្វេ ជ្រុងស្រែ អាចធ្វើដំណើរទៅលេងបាន ដែលហាងកាហ្វេមួយនេះ មានទីតាំងស្ថិតនៅនៅ​ភូមិ​ត្រពាំង​មាន​ ​សង្កាត់​ក្រាំង​ធ្នង់​ ​ខណ្ឌ​សែន​សុខ​ ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ។ ចំពោះការបើកដំណើរការវិញគឺចាប់ពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៧ យប់។ សម្រាប់ព័ត៌មានបន្ថែមលោកអាចទាក់ទងទៅកាន់លេខទូរស័ព្ទ 010 43 9999 ឬទាក់ទងតាមហ្វេសប៊ុកផេក កាហ្វេជ្រុងស្រែ by square coffee & tea

អត្ថបទដោយ៖ កឹម ប៊ុនធឿន 

279905290 494082285796474 8013436436512293226 N

279180380 164143896050713 4408574879062940392 N

279115864 164143776050725 4012480511431559745 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia