សហគ្រិនខ្មែរ និង ធនាគារ ជីប ម៉ុង សហការគ្នា ដើម្បីផ្តល់លទ្ធភាពទទួលបានហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម និងជំរុញផលិតកម្មក្នុងស្រុក
Sreymom ChaAUGUST 16 2025

រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ — សហគ្រិនខ្មែរ និងធនាគារ ជីប ម៉ុង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីជម្រុញលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម ស្របតាមតម្រូវការកំណើនផលិតផលក្នុងស្រុក ដែលគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងរួមចំណែកដល់វឌ្ឍនភាពយូរអង្វែងរបស់ព្រះរាជាណាចក្រកម្ពុជា។
អនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិ នៃសហគ្រិនខ្មែរ និងអ្នកឧកញ៉ា លាង ម៉េង អគ្គនាយក ធនាគារជីប ម៉ុង  ក្រោមអធិបតីដឹងឮដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ នៅអគារជីបម៉ុង ថោវើរ។ ពិធីនេះក៏មានការចូលរួមពីក្រុមការងារធនាគារ ជីប ម៉ុង ក្រុមការងារសហគ្រិនខ្មែរ និងម្ចាស់អាជីវកម្ម សរុបចំនួនប្រមាណ ៧៥ នាក់។

Photo 2025 08 16 09 58 20

ថ្លែងក្នុងពិធីនេះ ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិ នៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា “កិច្ចសហការនេះសំដៅលើកកម្ពស់ ផ្សព្វផ្សាយផលិតផលហិរញ្ញវត្ថុរបស់ធនាគារ ដែលបង្កើតឱ្យមានជាទុនបង្វិលបន្ថែមនៅក្នុងវិស័យឯកជន ដែលផ្តល់ជាប្រយោជន៍ជូនសហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើនផលិតផលក្នុងស្រុក ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន។”

Photo 2025 08 16 09 58 14
អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង បានលើកឡើងថា៖ “គោលដៅដ៏ធំនៃកិច្ចសហការនេះគឺធ្វើឡើងដើម្បីជួយគាំទ្រដល់ម្ចាស់អាជីវកម្មខ្មែរអាចបង្កើនលទ្ធភាពក្នុងការពង្រីក ដើម្បីបង្កើនផលិតកម្មក្នុងស្រុក និងធ្វើឱ្យពាណិជ្ជកម្មក្នុងស្រុករបស់យើងមានភាពសកម្មកាន់តែខ្លាំងឡើង។ ក្នុងនាមជាធនាគារដែលបង្កើតឡើងដោយកូនខ្មែរ ១០០% យើងខ្ញុំយល់ច្បាស់ពីតម្រូវការជាក់ស្តែងរបស់ម្ចាស់អាជីវកម្ម។ ធនាគារ ជីប ម៉ុង មិនត្រឹមតែផ្តល់ហិរញ្ញប្បទានប៉ុណ្ណោះទេប៉ុន្តែយើងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពបត់បែនខ្ពស់ និងការប្រឹក្សាយោបល់ជំនាញ ដើម្បីធានាដល់ការរីកចម្រើនប្រកបដោយចីរភាពដល់អាជីវកម្មរបស់ពួកគាត់។”
អនុស្សរណៈនៃការយោគយល់គ្នា (MoU) មានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម តាមរយៈការកសាងបណ្តាញធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ជាមួយវិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអាជីវកម្មសំខាន់ៗ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ស្ថាប័នទាំងពីរចំពោះនវានុវត្តន៍ ឧត្តមភាព និងការអភិវឌ្ឍន៍សហគ្រាសធុនតូច និង មធ្យមដែលជាម៉ាស៊ីនដ៏សំខាន់សម្រាប់ជម្រុញ ភាពធន់នៃសេដ្ឋកិច្ច វិស័យការងារនៅប្រទេសកម្ពុជា។

Photo 2025 08 16 09 58 07

Photo 2025 08 16 09 58 01

Photo 2025 08 16 09 57 55
អំពីសហគ្រិនខ្មែរ 
សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តកម្មវិធីគាំទ្រនានា និងធ្វើការដោយផ្ទាល់ ជាមួយដៃគូ និងអ្នកទួលផល។ សហគ្រិនខ្មែរមានគោលបំណងកៀរគរ វិនិយោគ និងគ្រប់គ្រងធនធានពីប្រភពស្របច្បាប់ទាំងឡាយ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឱ្យមានភាពរស់រវើក និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដល់អ្នកកសាងពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ អ្នកទាំងអស់នោះរួមមាន សហគ្រិន ធុរកិច្ចបង្កើតថ្មីដែលមានលក្ខណៈនវានុវត្តន៏ សហគ្រាសធុនតូចនិងមធ្យមដែលពោរពេញដោយសក្តានុពល និងស្ថាប័ន ដៃគូនានា ដែលចូលរួមលើកកម្ពស់សកម្មភាពសហគ្រិនភាពផ្សេងៗ ដើម្បីសំដៅជំរុញនវានុវត្តន៏ និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://khmerenterprise.info/sector


អំពីធនាគារ ជីប ម៉ុង
ធនាគារ ជីប ម៉ុង ជាធនាគារបង្កើតឡើងដោយសហគ្រិនខ្មែរ១០០% មានគ្រឹះរឹងមាំ និងផ្តល់សេវាហិរញ្ញវត្ថុទៅកាន់អតិថិជនប្រកបដោយសុវត្ថិភាពនិងទំនុកចិត្តខ្ពស់ ដោយមានក្រុមហ៊ុនយក្ស ជីប ម៉ុង ជាក្រុមហ៊ុនមេ មានប្រពភច្បាស់លាស់ ប្រវត្តិអាជីវកម្មយូរអង្វែងក្នុងទីផ្សារកម្ពុជា និងទទួលបានភាពជោគជ័យតាំងពីឆ្នាំ១៩៨២។ ធនាគារ ជីប ម៉ុង មានមន្ត្រីឥណទាននៅគ្រប់ខេត្តក្រុង ដែលចាំជួយផ្ដល់ការពិភាក្សា និងផ្ដល់សេវាកម្ចីដល់ទីកន្លែងផ្ទាល់ ផ្តល់ភាពងាយស្រួល និងឺឆាប់រហ័ស ស្របទៅតាមចក្ខុវិស័យច្បាស់លាស់របស់ខ្លួន គឺធ្វើយ៉ាងណាផ្ដល់នូវដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសផ្ដល់សេវាធានាគារកាន់តែកៀកជិតអតិថិជន។ ក្នុងនាមជាធនាគារខ្មែរ ធនាគារ ជីប ម៉ុង ប្តេជ្ញាផ្ដល់ជូននូវសេវាធនាគារ ដែលងាយស្រួលប្រើប្រាស់ ផ្តល់ផលចំណេញ ជាពិសេសសុវត្ថិភាព ជូនទៅដល់អតិថិជននិងដៃគូអាជីវកម្មទាំងអស់ ទូទាំងប្រទេស ដើម្បីឆ្ពោះទៅរក ភាពជោគជ័យ រីកចម្រើន យូរអង្វែង ទៅមុខទាំងអស់គ្នា។ សម្រាប់ព័ត៌មាន សូមទំនាក់ទំនងទៅកាន់សេវាអតិថិជន២៤ម៉ោង៖ 081 811 911 ឬ 066 811 911។  សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://www.chipmong.com/km/chip-mong-commercial-bank-2/

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia