Zara គឺជាហាងសម្លៀកបំពាក់ដ៏ល្បីឈ្មោះមួយរបស់ប្រទេសអេស្ប៉ាញ ដែលមានឈ្មោះបោះសម្លេងល្បីរន្ទឺពេញពិភពលោក។ យីហោមួយនេះដែរ បានចាប់ផ្តើមបើកហាងដំបូងរបស់ខ្លួនតាំងពីឆ្នាំ ១៩៧៥ មកម្លេះនៅទីក្រុងឆ្នេរសមុទ្រនៃប្រទេសអស្ប៉ាញ A Coruña ។
ជាមួយគ្នានោះដែរ ក្រោយរកស៊ី៤៨ឆ្នាំ ទីបំផុតយីហោលំដាប់ថ្នាក់អន្តរជាតិ Zara បានសម្រេចមករកស៊ីនៅក្នុងប្រទេសកម្ពុជាជាលើកដំបូងហើយ ដែលយីហោនេះបានបើកដំណើរការដាក់ផលិតផលរបស់ខ្លួនជាផ្លូវការ នៅ ផ្សារទេំនើប ជីប ម៉ុង មេហ្គាម៉ល ២៧១ ជាន់ផ្ទាល់ដី ក្នុងរាជធានីភ្នំពេញ ដែលជាទីកន្លែងមួយកំពុងមានសក្តានុពល និងប្រមូលផ្ដុំនូវម៉ូដឈានមុខគេផងដែរ។
ចំពោះវត្តមាន ហាង ZARA ដំបូងគេក្នុងប្រទេសកម្ពុជានេះដែរ គឺមានទំហំសរុបរហូតដល់ទៅ ៣៣០០ ម៉ែត្រការេ ផ្នែកខាងក្នុងរចនាដោយ ស្ថាបត្យកម្ម ZARA (Zara Architectural Studio) ដែលត្រូវបានតុបតែងដេគ័រភាគច្រើនមានពណ៌ស ស្អាត ជាពិសេសស៊ីគ្នានឹងពណ៌ផ្សេងទៀត រួមជាមួយ ភាពទាក់ទាញនៃគ្រឿងសង្ហារិមធ្វើពីឈើ និងផ្ទៃពណ៌ធម្មជាតិ ដែលធ្វើឲ្យមានភាពស្រឡះប្លែកភ្នែក និងមានភាពទាក់ទាញ ធំទូលាយ ងាយស្រួលដល់អតិថិជន។
លើសពីនេះទៅទៀត សម្រាប់ចំណុចពិសេសមួយរបស់យីហោសម្លៀកបំពាក់ Zara ដែលមានឈ្មោះល្បីរន្ទឺរហូតមកដល់ពេលនេះ ដោយសារនៅពេលអតិថិជនចង់ផ្លាស់ប្តូរទំនិញ ពេលទិញនៅហាងផ្ទាល់ឬតាមអនឡាញអតិថិជនទាំងអស់អាចប្រគល់ទំនិញដែលមិនទាន់បានប្រើប្រាស់ត្រលប់មកវិញដើម្បីប្តូររយកប្រាក់ ក្នុងរង្វង់ ៣០ថ្ងៃ បន្ទាប់ពីបានទិញរួច។
សូមបញ្ជាក់ថា យីហោ Zara គឺជាផ្នែកមួយនៃក្រុមហ៊ុន Inditex ដែលជាក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ទូទាំងពិភពលោក។ Inditex ក៏ជាម្ចាស់កម្មសិទ្ធិលើក្រុមហ៊ុនជាច្រើនទៀត រួមមាន ក្រុមហ៊ុន Pull&Bear, Massimo Dutti, Bershka, Stradivarius, Oysho, Zara Home និង Uterque ផងដែរ។ តែ Zara គឺជាយីហោមួយដែលផ្តោតលើការច្នៃប្រឌិតឥតឈប់ឈរ ZARA ផ្តល់ជូននូវផលិតផលឈានមុខគេសម្រាប់ស្រ្តី បុរស និងកុមារ តាមរយៈគំរូអាជីវកម្មដែលធ្វើឱ្យអតិថិជនមានចំណាប់អារម្មណ៍លើអ្វីគ្រប់យ៉ាងដែលយើងមាន៕
អត្ថបទ៖ ធី ស្រីល័ក្ខ