ចង់មានជំនាញមួយច្បាស់លាស់ អាចរកចំណូលចិញ្ចឹមក្រពះបាន តែពុំមានលទ្ធភាពសិក្សារយៈពេលវែង។ ចូរកុំបារម្ភ ខាងក្រោមនេះគឺជាជំនាញធំៗទាំង៥ ប្រើពេលរៀនត្រឹម ៣-៦ខែ អាចចេញធ្វើការបាន ហើយចំណូលខ្ពស់ទៀត៖
១/. ជំនាញធ្វើនំ
ជំនាញធ្វើនំ ដុតនំ ចាយពេលសិក្សាជាមធ្យមត្រឹមរយៈពេល ៤ខែប៉ុណ្ណោះ និងអាចរកចំណូលបានភ្លាមៗបន្ទាប់ពីរៀនចប់។ ប្រសិនបើពុំដឹងថារៀននៅទីណា ឬគ្មានមានលទ្ធភាព អ្នកអាចរៀនតាមឆានែល១ ដែលមានឈ្មោះថា Punleu Kim ដោយនៅក្នុងឆានែលនេះ អាចរៀនពីរបៀបដុតនំ តាំងពីវគ្គដំបូង រហូតដល់វគ្គចុងក្រោយ សម្រាប់អ្នកមិនចេះសោះ ក៏អាចចាប់ផ្ដើមរៀនបាន។
២/. ជំនាញកាហ្វេ និងភេសជ្ជៈ
នាពេលបច្ចុប្បន្ន តម្រូវការទីផ្សារការងារក្នុងវិស័យកាហ្វេនៅក្នុងប្រទេសកម្ពុជា កំពុងមានកំណើនខ្ពស់ និងជាពិសេសពិបាករកអ្នកជំនាញខាងផ្នែកឆុងកាហ្វេ ( Barista)។ បើអ្នកស្រលាញ់ការងារប្រភេទនេះ អាចចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ក្រោយរៀនចប់អ្នកអាចធ្វើការក៏បាន ឬបើករបររកស៊ីខ្លួនឯងក៏បាន។
៣/. ជំនាញដំឡើងបណ្តាញអគ្គិសនីក្នុងអគារ
ចាប់ពីផ្ទះ ការិយាល័យ រហូតដល់សាលារៀន ឃ្លាំងធំៗ និងអគារខ្ពស់ៗទាំងអស់ សុទ្ធតែប្រើប្រាស់ប្រព័ន្ធអគ្គិសនី។ ប្រសិនបើចាប់អារម្មណ៍ អ្នកអាចចាប់យកជំនាញនេះបាន ដោយសិក្សាវគ្គបណ្តុះបណ្តាលក្នុងរយៈពេលខ្លីបំផុតចន្លោះពី ៣ ទៅ ៦ខែប៉ុណ្ណោះ។ ក្រោយរៀនចប់មានលទ្ធភាពរកការងារធ្វើ កសាងប្រាក់ចំណូលភ្លាមៗ។
៤/. ជំនាញទីផ្សារឌីជីថល (Digital Marketing)
ម្ចាស់អាជីវកម្មមួយចំនួនសព្វថ្ងៃនេះមិនទាន់យល់ដឹងពីរបៀបធ្វើទីផ្សារបែបឌីជីថលនៅឡើយទេ ខណៈមនុស្សបច្ចុប្បន្នចាប់អារម្មណ៍លើបណ្ដាញសង្គមច្រើនបំផុត។ ដូច្នេះហើយបានជាគេតែងត្រូវការអ្នកចេះធ្វើទីផ្សារលើប្រព័ន្ធឌីជីថល បើអ្នកចេះជំនាញនេះមានឱកាសរកប្រាក់ចំណូលបានខ្ពស់ និងចាយពេលរៀនត្រូវរយៈពេលខ្លីប៉ុណ្ណោះ។
៥/. ជំនាញរចនាគេហទំព័រ (Web Design)
ពិភពលោកកាន់តែជឿលឿន ការរចនាគេហទំព័រគឺជាជំនាញដ៏សំខាន់បំផុតមួយពុំអាចខ្វះបាន ព្រោះម្ចាស់អាជីវកម្មសម័យថ្មីត្រូវផ្លាស់ប្តូររបត់រកស៊ីពីលក់តាមតូប ឡើងទៅលើគេហទំព័រកាន់តែច្រើនឡើងៗ។ ម្ល៉ោះហើយអ្នកអាចចាប់ជំនាញនេះបាន តាមរយៈការសិក្សាវគ្គបណ្តុះបណ្តាលខ្លីៗលើអ៊ីនធឺណេត ឬជាមួយគ្រូបង្គោលផ្ទាល់។ បើនិយាយពីចំណូលសម្រាប់អ្នកចេះជំនាញនេះមិនក្រោមពាន់ដុល្លារនោះទេ។
យ៉ាងណាមិញ ក្រៅពីជំនាញទាំង៥ខាងលើ នៅមានជំនាញជាច្រើនទៀតដែលអ្នកអាចចំណាយពេលសិក្សាក្នុងរយៈពេលខ្លី និងអាចបង្កើតចំណូលបានភ្លាមៗបន្ទាប់ពីរៀនចប់។ ចូរចាប់ផ្តើមឥឡូវនេះ ជាមួយអ្នកដែលអ្នកមាន ហើយធ្វើវាឲ្យល្អបំផុត នោះជីវភាពអ្នកនឹងប្រសើរ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook