បើនិយាយពីការធ្វើលិខិតឆ្លងដែននៅមានមនុស្សតិចនៅឡើយទេដែលបានយល់ដឹងពីរបៀបធ្វើក៏ដូចជាឯកសារសំខាន់ៗជាមួយគ្នានោះដែរ នាពេលនេះលិខិតឆ្លងដែនផុតសុពលភាពឬមិនទាន់ផុតសុពលភាពក៏អាចធ្វើថ្មីបានដែរ។ កាលពីពេលថ្មីៗនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានផុសនៅលើផេកផ្លូវការរបស់លោក អំពីឯកសារចាំបាច់ត្រូវមាននៅក្នុងដៃពេលធ្វើលិខិតឆ្លងដែនថ្មី។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានមានប្រសាសន៍ថា “លិខិតឆ្លងដែនផុតសុពលភាព ឬមិនទាន់ផុតសុពលភាព តែចង់ប្តូរថ្មី សាមីខ្លួនត្រូវមកបំពេញបែបបទ ថតរូប បង់សេវាធ្វើឡើងវិញ ដោយភ្ជាប់លិខិតឆ្លងដែនចាស់ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព”។
គួរជម្រាបថា ទីតាំងផ្តល់សេវាធ្វើលិខិតឆ្លងដែនគឺមាននៅទីតាំង នាយកដ្ឋានលិខិតឆ្លងដែន នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, សាខាលិខិតឆ្លងដែន ផ្សារទំនើបអ៊ីអន២,សាខាលិខិតឆ្លងដែន ខេត្តបាត់ដំបង ខេត្តកោះកុង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ. សម្រាប់ព័ត៌មានបន្ថែម សូមDownload កម្មវិធី GDI eServices ឬ ទាក់ទងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕