តំណែងខ្ពស់ប្រាក់ខែថ្លៃ គឺជាក្តីស្រមៃរបស់បុគ្គលិកមួយភាគធំ ប៉ុន្តែបញ្ហាខ្លះបានក្លាយទៅជារនាំងឃាំងឃាត់មិនឱ្យពួកគាត់បានឡើងតំណែងជាអ្នកដឹកនាំគេនោះឡើយ។
ជាមួយគ្នានេះដែរ ពាក់ព័ន្ធជាមួយប្រធានបទនេះ លោក សោម សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន Cam-Paint ថ្នាំពណ៌ជាតិ ជាអ្នកដឹកនាំ និងជាវាគ្មិនសាធារណៈដែលមានកិត្តិនាមមួយរូបធ្លាប់បានបង្ហើបថា បញ្ហាធំៗដែលរារាំងមនុស្សមិនឱ្យឡើងតំណែងជា CEO បាននោះគឺមាន៦យ៉ាង ហើយជាសញ្ញាបញ្ជាក់ប្រាប់ថាមិនឡើងតំណែងធំ។
ជាក់ស្តែងលោក សោម សម្បត្តិ បានគូសបញ្ជាក់ កត្តាចម្បងទាំង៥ ដែលនាំឱ្យមនុស្សមិនបានឡើងតំណែងជា CEO នោះមានដូចជា៖
ទី១គឺ មានមហិច្ឆតាខុស មនុស្សទូទៅតែងតែចង់ឱ្យសុបិនក្លាយជាការពិត ប៉ុន្តែសុបិននិងក្តីស្រមៃខ្លះបើវាក្លាយជាការពិតវានឹងប៉ះពាល់អ្នកដទៃ ដូច្នេះហើយត្រូវធ្វើការពិចារណា កំណត់សុបិននិងក្តីស្រមៃរបស់ខ្លួនឱ្យបានត្រឹមត្រូវ ពិចារណាថ្លឹងថ្លែងមុននឹងសម្រេចចិត្តធ្វើវា។
ទី២គឺ ខ្វះចំណេះដឹង សំណាងអាងលើចំណេះ រឿងទាំងពីរនេះត្រូវពឹងលើចំណង់ មនុស្សខ្លះធ្វើអ្វីតាមដែលខ្លួនចង់ច្រើនជាងអ្វីដែលខ្លួនចេះ។ បើខ្វះចំណេះដឹងមិនអាចដឹកនាំយើងអាចឱ្យក្លាយជាអ្នកដឹកនាំបាននោះទេ ។ ឧទាហរណ៍ថា ចង់មានទេចម្លើយភាគច្រើនគឺចង់ ប៉ុន្តែចេះធ្វើជាអ្នកមានទេទើបលំបាក។
ទី៣គឺ ខ្វះទេពកោសល្យ មនុស្សគ្រប់គ្នាកើតមកមានកុសលរៀងខ្លួន ប៉ុន្តែអ្នកដែលឈ្នះគេគឺមានទេពកោសល្យ។ អ្នកខ្លះអាចធ្វើបានប៉ុន្តែធ្វើបានធម្មតា តែអ្នកដែលធ្វើបានល្អអស្ចារ្យគឺទាមទារទេពកោសល្យ បើមានត្រឹមតែចំណេះដឹងគឺមិនទាន់ពេញលេញនៅឡើយនោះទេ។
ទី៤គឺ ខ្វះជំនាញ នៅក្នុងសហគ្រាសខ្ញុំគឺយើងមិនយកអ្នកជំនាញពីក្រៅប្រទេសទេ ព្រោះខ្ញុំគិតថាអនាគតក្រុមហ៊ុនក្នុងស្រុកត្រូវការអ្នកជំនាញក្នុងស្រុកដូចគ្នា។ ដូច្នេះយើងត្រូវមានជំនាញព្រោះយើងមិនអាចពឹងគេបានរហូតទេ ជាCEO ក៏ដូចគ្នាគឺត្រូវមានជំនាញ១ច្បាស់លាស់។
ទី៥គឺ នៅទ្រឹងខ្វះទំនុកចិត្ត មនុស្សខ្លះនៅដដែលៗធ្វើឱ្យគេគ្មានទំនុកចិត្តថានឹងធ្វើការមួយបាន ហើយការសាងទំនុកចិត្តគឺត្រូវប្រើពេលវេលាយូរ ហើយបើយើងមិនអាចសាងជំនឿចិត្តឱ្យគេទុកចិត្តយើងបានទេគឺមិនអាចតំឡើងតំណែងយើងបានឡើយ។
គួរជម្រាបម្តងទៀតថា លោក សោម សម្បត្តិ គឺជាសហគ្រិន ជាអ្នកដឹកនាំនិងវាគ្មិនល្បីឈ្មោះមួយរូបដែលតែងតែចែករំលែកបទពិសោធន៍ នៃភាពជាអ្នកដឹកនាំ និងការធ្វើអាជីវកម្ម។ លោកបានចាប់ផ្តើមក្រុមហ៊ុនថ្នាំពណ៌ជាតិក្នុងឆ្នាំ២០០៣ ដែលមានរយៈពេលប្រមាណជិត២០ឆ្នាំមកហើយនៅកម្ពុជា៕
អត្ថបទដោយ៖ ពីង ជូអេង