ក្រុមហ៊ុន Smart Axiata និងធនាគារ អេស៊ីលីដា សហការ​គ្នា​គាំទ្រប្រតិបត្តិការ​​ទូទាត់​ប្រាក់តាមឌីជីថល​សម្រាប់​​​​អតិថិជន
Sopheak PichSEPTEMBER 20 2022223 views

ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា៖ ក្រុមហ៊ុន Smart Axiata ដែល​ជា​ប្រតិបត្តិករ​​ទូរស័ព្ទ​ចល័ត​ឈាន​មុខគេនៅ​កម្ពុជា​ កំពុង​សហការ​ជាមួយ​​ធនាគារ អេស៊ីលីដា ដែល​ជាគ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏ល្បី​មួយ​របស់​កម្ពុជា ដើម្បី​ផ្តល់​ជម្រើស​ទូទាត់​បន្ថែម ដែល​អនុញ្ញាតឱ្យ​អតិថិជន​ធ្វើប្រតិបត្តិការ​ឌីជីថល​បាន​យ៉ាង​ឆាប់រហ័ស និង​ប្រកប​ដោយ​​សុវត្ថិភាព។  

ភាពជាដៃគូថ្មីនេះ នឹងអាចឱ្យអតិថិជន និង​ដៃគូ​របស់ក្រុមហ៊ុន Smart Axiata និងធនាគារ អេស៊ីលីដា ធ្វើ​ប្រតិបត្តិការហិរញ្ញវត្ថុ ​ជា​ច្រើន​តាម​រយៈ​គណនីរបស់ធនាគារ អេស៊ីលីដា របស់ពួកគេ៖

  • អតិថិជនប្រើសេវាលេខទូរស័ព្ទបង់លុយជាមុនរបស់ក្រុមហ៊ុនSmart Axiata នឹងអាចបញ្ចូលលុយលេខទូរសព្ទ័តាមរយៈគណនីធនាគារ អេស៊ីលីដា នៅក្នុងកម្មវិធី ស្មាតណាស់ (SmartNas) និងគេហទំព័ររបស់ក្រុមហ៊ុន Smart Axiata។
  • អតិថិជន Postpaid របស់​ក្រុមហ៊ុន Smart Axiata នឹងមាន​ជម្រើស​បន្ថែម​ក្នុង​ការ​ទូទាត់​វិក្កយបត្រ​ប្រចាំខែ​ ​​តាម​រយៈ​គណនីធនាគារ អេស៊ីលីដា របស់ពួកគេនៅ​ក្នុង​​ គេហទំព័រ PayMyBill។
  • អតិថិជនរបស់ក្រុមហ៊ុនSmart Axiata នឹងអាចទិញលេខទូរស័ព្ទពិសេសនៅក្នុង គេហទំព័រ GetMyNumber និងទទួលបានជា eSIM ហើយទូទាត់តាមរយៈគណនីធនាគារ អេស៊ីលីដា របស់ខ្លួន។ 
  • ដៃគូនិងអ្នកចែកចាយរបស់ក្រុមហ៊ុន Smart Axiata នៅទូទាំងប្រទេសនឹងអាចធ្វើប្រតិបត្តិការទិញ និងទូទាត់នៅក្នុងកម្មវិធី Dealer  App តាមរយៈគណនីធនាគារ អេស៊ីលីដា។  
  • លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍​ថា៖ «ការ​ផ្តោត​ជាចម្បង​​របស់​ក្រុមហ៊ុន Smart Axiata គឺ​​ជំរុញឌីជីថលនីយកម្មនៅ​កម្ពុជា​សម្រាប់​អតិថិជន ដៃគូ និង​ឧស្សាហកម្ម​ទាំងអស់។ យើង​កំពុង​ផ្តល់​​ជូន​អតិថិជន​របស់​យើង​នូវ​ជម្រើស​កាន់​តែច្រើន និងកាន់តែ​មាន​ភាព​ងាយ​ស្រួល តាម​រយៈ​ការ​បន្ថែម​ធនាគារ អេស៊ីលីដា ទៅ​ក្នុង​ជម្រើស​​ទូទាត់​របស់​យើង ​»។

    ការដាក់​​​ធនាគារ អេស៊ីលីដា បញ្ចូល​​ជាជម្រើស​ទូទាត់​នៅ​ទូទាំង​​បណ្តាញ​ឌីជីថល​របស់​ក្រុមហ៊ុន Smart Axiata គឺ​ជា​ការ​បោះ​ជំហាន​មួយ​ទៀត​ឆ្ពោះ​ទៅរក​ការ​ធ្វើ​ឌីជីថលនីយកម្ម​​បទ​ពិសោធ​របស់​អតិថិជន និង​ផ្តល់​ដំណោះ​​​ស្រាយ​ដ៏​ឆាប់​រហ័ស និង​គួរឱ្យ​ទុក​ចិត្ត​បាន​សម្រាប់​ពួកគេ និងដៃគូ​របស់​ក្រុមហ៊ុន Smart Axiata។​

    Acleda E Top up 1

    Acleda E Top up 2

    Acleda E Top up 3លោកបណ្ឌិត  អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ​​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា៖ «ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុដ៏ល្បីមួយនៅ​កម្ពុជា គឺពិតជាមានកិត្តិយស ​ដែលបានចាប់​ដៃគូ​សហការ​​គ្នា​ជាមួយ​ប្រតិបត្តិករ​ទូរស័ព្ទ​កំពូលមួយ​នៅ​ក្នុង​​ប្រទេស​គឺក្រុមហ៊ុន Smart Axiata។ តាម​រយៈការ​រួម​សហការ​នេះ យើង​នឹង​ធ្វើ​ឱ្យ​ដំណោះ​ស្រាយ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​​កាន់តែងាយស្រួល និងមាន​​សុវត្ថិភាពខ្ពស់ដល់​អ្នក​ប្រើ​ប្រាស់​ ដែលមានចំនួនកាន់តែ​ច្រើនឡើង​​​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​»។

    ការទូទាត់​​អេឡិចត្រូនិកគឺ​ជាមូលដ្ឋាន​គ្រឹះ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល។​​ ក្រុមហ៊ុន Smart Axiata កំពុង​​បន្ត​ខិតខំផ្សព្វផ្សាយអំពីបចេ្ចកវិទ្យា​ទូទាត់អេឡិច​ត្រូនិក​ ព្រម​ទាំង​​លើក​កម្ពស់​​ការយល់​ដឹង​​អំពី​​ដំណោះស្រាយ​ទូទាត់ប្រភេទ​នេះ។ ជាមួយគ្នានេះដែរ វាគឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​ក្រុមហ៊ុន Smart Axiata ដើម្បី​​លើកទឹក​​ចិត្ត​​ឱ្យ​មានការ​ប្រើប្រាស់​​​​ដំណោះ​​ស្រាយ​​ឌីជីថល កម្មវិធី​ប្រូម៉ូសិន បញ្ចូលលុយតាម អ៊ី ថប់អាប់ ហើយឈ្នះ (E-Top Up to WIN) របស់​​ក្រុមហ៊ុន​ Smart Axiata ​​ផ្តល់​ជូននូវ​​រង្វាន់​​ដល់​​អតិថិជន​​រាល់​ពេល​​ដែល​​ពួកគេ​​បញ្ចូល​​​​ទឹកប្រាក់តាម​អេឡិច​​ត្រូនិក។

    សម្រាប់​ព័ត៌មាន​បន្ថែម​អំពីក្រុមហ៊ុន Smart Axiata សូម​តាមដាន​ទំព័រហ្វេសប៊ុក​​​របស់​ក្រុមហ៊ុន Smart Axiata    តាម​រយៈ www.facebook.com/smartaxiata ឬ​ចូល​ទៅកាន់​គេហទំព័រ www.smart.com.kh

     

    អំពីក្រុមហ៊ុន Smart 

    ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៧,៥ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

    ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត ​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

    ក្រុមហ៊ុន​ក៏​កំពុង​កម្លាយ​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈកម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

    ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!        

     

    អំពីធនាគារ អេស៊ីលីដា

    ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ក្រុមហ៊ុនមហាជន​ទទួល​ខុស​​ត្រូវ​មាន​កម្រិត ដែល​បង្កើត​ឡើងទៅ​​តាម​ច្បាប់​ស្តីពី​គ្រឹះស្ថានធនាគារ និង     ហិរញ្ញវត្ថុ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ធនាគារ អេស៊ីលីដា ត្រូវ​បាន​បង្កើត​ឡើង​នៅ​​ខែមករា ឆ្នាំ១៩៩៣ ក្នុងនាម​ជាអង្គការក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​សម្រាប់​ការផ្តល់​ឥណទាន និងអភិវឌ្ឍ​ន៍  សហគ្រាស​ខ្នាតតូច និង​មធ្យម។

    ធនាគារ អេស៊ីលីដា លីមីតធីត បាន​ទទួល​អាជ្ញាប័ណ្ណ​ពីធ​នាគារជាតិ​ នៃ ​កម្ពុជា​ ដើម្បី​ប្រតិបត្តិ​ការ​ជា​ធនាគារ​ឯកទេស នៅ​ថ្ងៃទី០៧ ខែ​តុលា ឆ្នាំ២០០០។ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដា ជា​ថ្មី​ម្តង​ទៀត​ទទួល​បាន​​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ ​នៃ​ កម្ពុជា ​ ​ជាធនាគារ​ពាណិជ្ជ ដែលអនុញ្ញាតឱ្យធនាគារ អេស៊ីលីដា មានសមត្ថភាពពេញលេញ ក្នុង​ការផ្តល់​សេវា​ធនាគារ​ ​ស្រប​តាម​តម្រូវ​ការ​របស់​អតិថិជន និង​ទីផ្សារ ហើយ​ធនាគារ​អេស៊ីលីដា លីមីតធីត ​​​ត្រូវបានប្តូរឈ្មោះ​ទៅ​ជា ធនាគារ អេស៊ីលីដា ភីអិលស៊ី។

    ធនាគារ​ អេស៊ីលីដា ភីអិលស៊ី គឺ​ជា​ធនាគារ​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា ដែល​ទទួលបាន​ការ​វាយ​តម្លៃ​ចំណាត់​ថ្នាក់​ឥណទាន​​ដោយស្ថាប័ន​អន្តរជាតិ​កំពូល​គឺ​ភ្នាក់ងារ​វាយ​តម្លៃចំណាត់ថ្នាក់​ឥណទាន Standard​ & ​Poor's និង GIIRS។

    ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​ជា​ធនាគារពាណិជ្ជ​ឈាន​មុខគេ​នៅ​កម្ពុជា ត្រូវបាន​តែងតាំង​ជា​បេក្ខជន​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក Global Growth Companies 2014 ហើយ​បាន​ក្លាយ​ជា​សមាជិក​នៃវេទិកា​សេដ្ឋកិច្ច​ពិភពលោក។

    ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានកាន់​​​ភាគ​ហ៊ុន​ចំនួន ៥១,៤៩% ដោយ​ជនជាតិ​កម្ពុជា រួម​ទាំង​បុគ្គលិក​​​របស់​ធនាគារ​និង​ភាគហ៊ុនិកសាធារណៈ ហើយ​ភាគ​ហ៊ុន ៤៨,៥១​% ទៀត​​ត្រូវ​​បាន​កាន់​កាប់​ដោយ​ក្រុមហ៊ុន Sumitomo Mitsui Banking Corporation (១៨,០៦៦៩%) ក្រុមហ៊ុន COFIBRED (១២,១២៧១%) ក្រុមហ៊ុន ORIX Corporation (១២,១២៧១%) ក្រុមហ៊ុន North Haven Thai Private Equity Rumdul Company (Hong Kong) Limited ("NHTPE Rumdul") (៣,៥០០០%) និង​មូលនិធិវិនិយោគចំនួន​ពីរ (គឺ​មូលនិធិ Triodos Fair Share Fund និងមូលនិធិ Triodos Microfinance Fund) ដែល​គ្រប់​គ្រង​ដោយក្រុមហ៊ុន Triodos Investment Management (២,៦៨៧៣%)។

    ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បង្កើត​បណ្តាញ​សាខា​ធំ​ជាង​គេនៅ​កម្ពុជា គ្របដណ្តប់​គ្រប់​ខេត្តក្រុង (២៦៣ សាខា) ហើយ​បាន​ពង្រីក​ប្រតិបត្តិការរបស់​ខ្លួននៅ​ក្រៅ​ប្រទេស រួមមាន​ប្រទេសឡាវ (៣៧​សាខា) និងមីយ៉ាន់ម៉ា (១៧សាខា)។ ធនាគារ អេស៊ីលីដា បាន​ធ្វើដំណើរ​យ៉ាង​ឆ្ងាយ​​ក្នុង​​ការ​​ផ្លាស់​ប្តូរ​ពី​មួយ​ដំណាក់កាលទៅ​មួយដំណាក់កាល និង​ការ​ធ្វើ​ទំនើបកម្ម ហើយ​ធនាគារ​កំពុង​បន្ត​អភិវឌ្ឍ​ឌីជីថលនីយ​កម្មកាន់តែសម្បូរបែប និងបង្កភាពងាយស្រួល ដល់​អតិថិជនក្នុងការ​ប្រើ​ប្រាស់​សេវាស្វ័យ​​ធនាគារ​ ២៤ម៉ោង​ក្នុង​មួយ​សប្តាហ៍ (២៤/៧)។

    ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ចុះបញ្ជី​​លក់​មូលបត្រ​កម្មសិទ្ធិ​របស់​ខ្លួន​ជា​ផ្លូវ​ការ​នៅ​លើផ្សារ​មូលបត្រ​កម្ពុជា (CSX) នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។ វិនិយោគិន​អាច​ជួញ​ដូរ​ភាគ​ហ៊ុន​របស់​ធនាគារ​នៅ​លើផ្សារហ៊ុន CSX ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃសុក្រ ចាប់​ពី​ម៉ោង ៨​ព្រឹក​រហូត​ដល់​ម៉ោង ៣​រសៀល លើក​​លែង​តែ​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ។

    ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុន​ត្រ​សម្ព័ន្ធ​ចំនួន ៤​ រួមមាន៖

    ACLEDA Bank Lao Ltd.

    ACLEDA Securities Plc.

    ACLEDA Institute of Business

    ACLEDA MFI Myanmar Co.,Ltd.

    Sopheak Pich

    អត្ថបទសរុប៖ 707

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia