លោក Duong Thanh Long គឺជាម្ចាស់តូបកាហ្វេមួយកន្លែងនៅប្រទេសវៀតណាមឈ្មោះ Saigon café គិតមកដល់ពេលនេះថៅកែហាងកាហ្វេរូបនេះមានអាយុ ៥៧ឆ្នាំមកហើយ ប៉ុន្តែលោកនៅតែបន្តរកស៊ីដើម្បីបង្កើតចំណូលមិនឈប់តាមរយៈការលក់កាហ្វេ ដោយក្នុងមួយថ្ងៃគាត់អាចរកប្រាក់ចំណូលបានជាង ១ពាន់ដុល្លារឯណោះ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ VN Express លោក Duong Thanh Long បានឱ្យដឹងថា មុននឹងមកអាជីវកម្មហាងកាហ្វេនេះលោកធ្លាប់ប្រឡូកជីវិតការងារជាច្រើនមកហើយ មានទាំងមុខរបរកាត់សក់ ធ្វើការតាមហាងផ្សេងទៀត ប៉ុន្តែការងារទាំងនោះបានបរាជ័យរហូតនៅក្នុងឆ្នាំ ២០១៩ លោកក៏បានបើកកន្លែងលក់កាហ្វេឆុងដោយដៃមួយបន្តទៀត។ប៉ុន្តែជាគ្រោះចង្រៃកូវីដក៏ផ្ទុះឡើងធ្វើឱ្យការរកស៊ីត្រូវបានបិទនិងធ្លាក់ខ្លួនក្នុងបំណុលថែមទៀត។
ប៉ុន្តែជាសំណាងក្រោយកូវីដបានប្រសើរលោកក៏មកបើករកស៊ីវិញ ហើយនៅពេលចេញលក់ដំបូងៗលោកអាចលក់បានត្រឹមតែ ៣០កែវប៉ុណ្ណោះ ប៉ុន្តែក្រោយពេលគេបានស្គាល់ការលក់ចាប់ផ្តើមកើនឡើងខ្លាំងកើនរហូតដល់១០០កែវក្នុងមួយថ្ងៃ ហើយមកដល់ពេលនេះ ម្ចាស់តូបកាហ្វេរូបនេះអាចលក់បានចន្លោះពី ១ពាន់ទៅដល់២ពាន់កែវក្នុងមួយថ្ងៃ ដោយក្នុងមួយកែវលោក Duong Thanh Long លក់តម្លៃ ២០,០០០ដុង ស្មើនឹង ០,៨៥$ បើគិតជាប្រាក់ចំណូលក្នុងមួយថ្ងៃគាត់អាចរកបាន ៨៥០$ ទៅ ១៤០០$ ក្នុងមួយថ្ងៃ។
គួរបញ្ជាក់ផងដែរថា តាមរយៈអត្ថបទខាងលើនេះ ចង់បញ្ជាក់ឱ្យបងប្អូនបានឃើញថា វ័យ និង ដើមទុន មិនមែនជាបញ្ហាចម្បងបំផុតនៅក្នុងការរកស៊ីនោះទេ ផ្ទុយទៅវិញការគ្មានឆន្ទៈ និងទឹកចិត្តចង់ចេញរកស៊ីទេទើបជាបញ្ហាពិតប្រាកដ។ជាក់ស្តែង ដូចម្ចាស់តូបកាហ្វេខាងលើ រូបគាត់មាន ៥៧ឆ្នាំហើយ ប៉ុន្តែគាត់នៅតែឈរលក់កាហ្វេតាមចិញ្ចឹមផ្លូវតាំងពីម៉ោង៥ព្រឹករហូតដល់៩យប់។នេះដោយសារតែគាត់ចង់បង្កើតចំណូលឱ្យខ្លួនឯងទាន់ខ្លួននៅកម្លាំងទាំងមិនគិតឡើយថាខ្លួនអាយុតិចឬច្រើន។
ម្យ៉ាងវិញទៀតចង់បញ្ជាក់ឱ្យបងប្អូនបានដឹងផងដែរថា ពេលចេញរកស៊ីលើអ្វីមួយឱ្យតែយើងច្បាស់ ផ្តល់ទំនុកចិត្តឱ្យភ្ញៀវ ផ្តល់នូវផលិតផលដែលមានគុណភាពទៅកាន់អតិថិជនគឺមិនខ្វះទេអ្នកជួយគាំទ្រ និងភ្ញៀវតាមទិញ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង