ដើម្បីបង្កើតចំណូល គឹត្រូវមានជំនាញជាប់ខ្លួន ដែលជាជំនាញតាមទេពកោសល្យនិងអាចយកទៅប្រកបរបរចិញ្ចឹមជីវិតបាន។ ក្នុងនោះការរៀនជំនាញក៏មិនប្រកាន់វ័យ អាយុ ឬភេទដែរ ពោលគឺអាយុប៉ុន្មានក៏រៀនបានឱ្យតែមានឆន្ទៈចង់រៀនសូត្រពិតប្រាកដ។
ដូចគ្នានេះដែរចំពោះបងប្អូនដែលត្រូវការរៀនជំនាញ ដើម្បីយកទៅរកស៊ីឬចាប់អាជីពការងារនោះ អាចទៅចុះឈ្មោះចូលរៀននៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត (NIB) ដែលមានទីតាំងជាប់ផ្សារស្ទឹងមានជ័យថ្មីបាន ខណៈវិទ្យាស្ថានដ៏ល្បីឈ្មោះមួយនេះកំពុងបើកវគ្គបង្រៀនជំនាញផលិតនំ ជំនាញឌីហ្សាញ និងកាត់ត ដោយមិនគិតថ្លៃ។
ជារួមវគ្គបង្រៀនជំនាញនេះ ក៏មិនតម្រូវអាយុបេក្ខជនដែលជាសិស្សនោះឡើយ បន្ថែមពីលើនេះវិទ្យាស្ថានក៏មានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់សិស្សខ្វះខាតអំឡុងពេលរៀនដែរ ដោយថវិកានិងវគ្គសិក្សានេះ គឺស្ថិតក្រោមការគាំទ្ររបស់រដ្ឋាភិបាលលើគម្រោង TVET ១លាន៥សែននាក់។
ដោយឡែកចំពោះការចុះឈ្មោះចូលរៀន ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ កំពុងអនុវត្តទទួលពាក្យចាប់ពីពេលផ្សាយដំណឹងនេះតទៅ។
ក្នុងនោះបេក្ខជនអាចដាក់ពាក្យតាមប្រព័ន្ធអនឡាញ (ដាក់ពាក្យស្នើសុំចូលរៀន) ឬទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៩៨ ៧៩៩ ៩៦៧ ដើម្បីសួរព័ត៌មានបន្ថែម ខណៈបងប្អូនក៏អាចជ្រើសរើសពេលវេលាសមស្រប សម្រាប់រៀននៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង