កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ស្ថិតលើផ្ទៃដីជាង ២ហិកតា របស់ក្រុមហ៊ុន ជីធីវីស៊ី អ៊ីមផតអ៊ិចផត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ខណៈអភិបាលខេត្តបានលើកឡើងថាភ្ញៀវទេសចរអាចធ្វើដំណើរតាមកំពង់ផែមួយនេះដោយសារសុវត្ថិភាពខ្ពស់។
ថ្លែងនៅក្នុងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសសន៍យ៉ាងដូច្នេះថា “ ខ្ញុំសូមប្រកាសចាប់ពីថ្ងៃនេះតទៅសម្រាបខេត្តព្រះសីហនុ ការដែលចង់ធ្វើដំណើរប្រកបដោយ សុវត្ថិភាព ពីដីគោក ទៅកាន់ដីកោះ គឺមានតែកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ដែលយើងបើកសម្ពោធជាផ្លូវការនេះ នោះទេដែលមានសុវត្ថិភាពល្អជាងគេ”។
ឆ្លៀតក្នុងឱកាសនោះផងដែរ អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីស៊ី អ៊ីមផតអ៊ិចផត បានឱ្យដឹងថា ក្រុមហ៊ុន បានទទួលសិទ្ធវិនិយោគលើផ្ទៃដីប្រមាណ ២២,០០០ម៉ែត្រការ៉េ ដែលមានកំពង់ផែចេញ-ចូលអូបរទេសចរណ៍តូចធំចំនួន ២០គ្រឿងក្នុងពេលតែមួយ។
មិនត្រឹមតែប៉ុណ្ណោះ កំពង់ផែទេសចរណ៍ថ្មីនេះ ជាចំណតសុវត្ថិភាពមួយ ដែលជាសក្តានុពលរបស់ខេត្តព្រះសីហនុ ក្នុងការទទួលបដិសណ្ឋាកិច្ចភ្ញៀវទេសចរណ៍មកពីគ្រប់ជាតិសាសន៍ កម្សាន្តតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុ និងមានបុគ្គលិកបំរើការងារចំនួន ២២៥នាក់ បំរើសេវាកម្មទេសចរណ៍ស៊ីវិល័យទំនើបនាពេលបច្ចុប្បន្ន៕
អត្ថបទដោយ៖ ឌឿក ស្រីនុត