ឲ្យលុយគេខ្ចីច្រើន គេចេះតែសុំលើកថ្ងៃ គេចវេសមិនចង់សង ម្ចាស់លុយអាចប្ដឹងតាមជំហាន២នេះ
Toeuy HongJUNE 18 202553 views

មានមនុស្សមិនតិចទេដែលមានទឹកចិត្តឲ្យមនុស្សស្គាល់គ្នាខ្ចីលុយក្នុងគ្រាហ៍លំបាកប៉ុន្ដែពេលម្ចាស់លុយត្រូវការលុយបែរជាអ្នកខ្ចីចេះតែលើកថ្ងៃមិនព្រមសង ហើយអ្នកខ្លះចង់គេចវេសនិងគ្មានឆន្ទៈក្នុងការសងលុយគេទៀតផង។

ចុះបើអ្នកខ្ចីលុយចេះតែលើកថ្ងៃ និងមិនព្រមសងលុយឬគ្មានឆន្ទៈក្នុងការសងលុយ តើយើងម្ចាស់លុយអាចប្ដឹងបានដែរឬទេ? បើប្ដឹងបានតើយើងគួរប្ដឹងដោយរបៀបណា?

ទាក់ទងនឹងសំណួរខាងលើ អ្នកស្រី ម៉ឹង វ៉ាន់ឌី ដែលជាសាស្រ្តាចារ្យច្បាប់ បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយBusiness Cambodiaថា “ប្រសិនបើគេជំពាក់មិនសង លោកអ្នកពិតជាអាចប្ដឹងបាន”។ ហើយខាងក្រោមនេះជារបៀបប្ដឹងដែលអ្នកអាចអនុវត្តបាន៖

វិធីទី១៖ ក្នុងករណីអ្នកចង់ធ្វើដោយខ្លួនឯង អ្នកស្រី វ៉ាន់ឌី ណែនាំថាអ្នកត្រូវចាប់ផ្ដើមពីការប្រមូលភស្ដុតាងដែលអ្នកមានដូចជា កិច្ចសន្យាកម្ចី, រូបភាព Screenshot សារ ឬសារសម្លេងដែលអ្នកបានព្រមព្រៀងជាមួយនឹងកូនបំណុលជាដើម។

បន្ទាប់មកបំពេញពាក្យបណ្ដឹងដាក់ទៅកាន់ អាជ្ញាធរមានសមត្ថកិច្ច ឬតុលាការ នៅក្នុងតំបន់ដែលកូនបំណុលរស់នៅ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចឬតុលាការ ចេញលិខិតអញ្ជើញឬដីការកោះហៅកូនបំណុល និងម្ចាស់បំណុល ឱ្យមកដោះស្រាយនិងទទួលខុសត្រូវដោយបំពេញកាតព្វកិច្ចរបស់ខ្លួន។ អ្នកស្រីបានបញ្ជាក់ផងដែរថា អាជ្ញាធរមានសមត្ថកិច្ច អាចជាអាជ្ញាធរភូមិ ឃុំ/សង្កាត់ ស្រុក/ខណ្ឌ ជាដើម។

វិធីទី២៖ បើករណីអ្នកមិនសូវជំនាញខាងផ្លូវច្បាប់ អ្នកអាចប្រើប្រាស់សេវាមេធាវី ព្រោះថាមេធាវីអាចចេញលិខិតអញ្ជើញកូនបំណុលរបស់អ្នកឱ្យមកប្រឈមមុខចរចាររកដំណោះស្រាយជាមួយអ្នក។ អ្វីដែលសំខាន់មេធាវីអាចជួយប្រឹក្សា និងសម្របសម្រួលឱ្យភាគីទាំង២ រកបានចំណុចឈ្នះរៀងៗខ្លួន ហើយក៏អាចរក្សាបាននូវទំនាក់ទំនងរាប់អានដ៏ល្អជាមួយគ្នា។

សូមជម្រាបផងដែរថា ប្រសិនបើភាគីទាំងសងខាងស្រុះស្រួលព្រមទទួលយក និងគោរពតាមលក្ខខណ្ឌថ្មីដែលធ្វើឡើងដោយមានមេធាវីជាសាក្សី បញ្ហានឹងត្រូវបញ្ចប់ត្រឹមមេធាវីតែម្ដង ប៉ុន្តែបើនៅតែមិនព្រមចប់ មេធាវីក៏អាចជួយរៀបចំបណ្ដឹងជូនម្ចាស់បំណុលដាក់ទៅកាន់តុលាការ ហើយទុកតួនាទីឱ្យតុលាការអនុវត្តតាមច្បាប់រដ្ឋប្បវេណីបន្តតែម្ដង៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia