ទីបំផុតយីហោផ្សារទំនើបរបស់កូរ៉េ emart24 សម្រេចចិត្តបណ្តាក់ទុនរកស៊ីនៅខ្មែរហើយ ត្រៀមនឹងបើកពាក់កណ្តាលឆ្នាំនេះ
Sambat SokhlangFEBRUARY 3 2024

 

emart24 Inc. គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Shinsegae Group ដែលជាក្រុមហ៊ុនលក់រាយ និងចែកចាយទំនិញដ៏ធំមួយនៅក្នុងប្រទេសកូរ៉េ ដែលបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនតាំងតែឆ្នាំ ២០១៣ មកម្ល៉េះ។ ហើយក្រោយពីរកស៊ីជោគជ័យនៅប្រទេសកូរ៉េ ពេលនេះ emart24 បានសម្រេចចិត្តនាំយកម៉ាកយីហោរបស់ខ្លួនមកទីផ្សារប្រទេសកម្ពុជាហើយ ដែលនឹងត្រូវបើកដំណើរការនៅពាក់កណ្តាលឆ្នាំ ២០២៤ ខាងមុខនេះ។

 

C

 

ជាក់ស្តែង កាលពីថ្ងៃទី១ ខែ កុម្ភៈ ឆ្នាំ ២០២៤ នៅ សណ្ឋាគារ ហ្វែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ emart24 Inc. និង Saihan Partners Co., Ltd ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Hanlim Architecture Group របស់ប្រទេសកូរ៉េ លើសេវាកម្មអចលនទ្រព្យ និងក្រុមហ៊ុន Saisons Brother Holding Co., Ltd. របស់កម្ពុជា ដែលប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជាលើវិស័យជាច្រើន រួមមានបណ្តាញភោជនីយដ្ឋាន ការចែកចាយអាហារ និងភេសជ្ជៈ សំណង់ ផលិតផលកសិកម្ម អេឡិចត្រូនិក និងបច្ចេកវិទ្យា បានប្រារព្ធពិធីចុះហត្ថលេខាផ្តល់សិទ្ធិធ្វើអាជីវកម្មផ្តាច់មុខដើម្បីនាំយក emart24 ដែលជាផ្សារទំនើបខ្នាតតូចរបស់កូរ៉េខាងត្បូងមកកាន់ប្រទេសកម្ពុជា។ ដែលសកម្មភាពនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ emart24 ក្នុងការបោះជំហានរបស់ខ្លួនមកកាន់ប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។ ដោយអតិថិជននឹងទទួលបាននូវបទពិសោធន៍ថ្មី ជាមួយនឹងរសជាតិម្ហូបអាហារប្រពៃណីកូរ៉េ ដែលមានទាំង កាហ្វេ អាហារសម្រន់ និង ផលិតផលប្រើប្រាស់ផ្សេងៗទៀត។

 

C

 

ថ្លែងនៅក្នុងពិធីចុះហត្ថលេខាផ្តល់សិទ្ធិធ្វើអាជីវកម្មផ្តាច់មុខនោះ លោក ងន ដេវីដសំបូរ នាយកគ្រប់គ្រងក្រុមហ៊ុន Saihan Partners មានប្រសាសន៍ថា “ប្រទេសកម្ពុជាគឺជាប្រទេសដែលកំពុងតែមានកំណើនប្រជាជន និងការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់ ជាពិសេសរបៀបរស់នៅរបស់ប្រជាជនកម្ពុជាក៏កំពុងឈានទៅរកភាពងាយស្រួលក្នុងការប្រើប្រាស់និងទិញទំនិញដែលជាឱកាសល្អមួយសម្រាប់ការបើកជាកន្លែងលក់ទំនិញដូចជា emart24

 

C

 

គួរបញ្ជាក់ផងដែរថា បើគិតមកដល់ពេលបច្ចុប្បន្ននេះ emart24 បានបើកផ្សារទំនើបខ្នាតតូចរបស់ខ្លួនបានជាង ៦,០០០ សាខា​ ហើយត្រូវបានគេដឹងទៀតថា យីហោលំដាប់កំពូលរបស់កូរ៉េមួយនេះបានចាប់ផ្តើមពង្រីកសក្តានុពលអាជីវកម្មរបស់ខ្លួននៅក្រៅប្រទេសក្នុងឆ្នាំ ២០២១ ដោយបើកហាងដំបូងរបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី និងបានបន្តបើកហាងនៅសិង្ហបុរីក្នុងឆ្នាំ ២០២២ ហើយពេលនេះបានបន្តពង្រីកវិសាលភាពរបស់ខ្លួនមកដល់ប្រទេសកម្ពុជា ដែលជាបញ្ជាក់ឱ្យឃើញថា emart24 បានកំពុងបោះជំហានទៅរកភាពរីកចម្រើនកាន់តែខ្លាំង៕

 

C

 

C

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia