កុំគិតតែពីទ្រព្យសម្បត្តិនិងកិត្តិយស! នេះជាទ្រព្យសំខាន់៤អ្នកគួរមាន បើមិនចង់ស្ដាយក្រោយ
Toeuy HongAPRIL 18 2025307 views

ពេលនិយាយពីទ្រព្យ មនុស្សមួយចំនួនធំប្រហែលគិតដល់លុយ អចលនទ្រព្យឬទ្រព្យក្នុងក្រុមហ៊ុនដែលពួកគាត់មាន។ យ៉ាងណាមិញក្រៅពីលុយគឺមានទ្រព្យផ្សេងៗដើម្បីឲ្យជីវិតរបស់អ្នកមានក្ដីសុខ។ ខាងក្រោមនេះគឺជាទ្រព្យ៤ប្រភេទ អ្នកត្រូវមានដើម្បីចៀសវាងវិប្បដិសារីដែលគ្មានថ្ងៃត្រឡប់ក្រោយ។

១. ហិរញ្ញវត្ថុ

ទ្រព្យហិរញ្ញវត្ថុនេះគឺសំដៅដល់លុយកាក់ ហើយលុយកាក់នេះទៀតសោត មនុស្សគ្រប់គ្នា មួយថ្ងៃទៅមួយថ្ងៃប្រឹប្រែងធ្វើការនិងរកស៊ីឬវិនិយោគដើម្បីបានវា។ អ្នកត្រូវចាំថា ការកសាងទ្រព្យហិរញ្ញវត្ថុគឺត្រូវការពេលវេលា អ៊ីចឹង​សូមកុំធ្លាក់ខ្លួនក្លាយជាជនរងគ្រោះចំពោះគម្រោងវិនិយោគឬរកស៊ីដែលឆាប់មានពេក ព្រោះការចង់មាន​ ចង់បានលឿនពេកអាចមានហានិភ័យខ្ពស់។

ជំហានដំបូងក្នុងការកសាងទ្រព្យហិរញ្ញវត្ថុគឺត្រូវមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ( financial literacy)។ វាពិតជាសំខាន់ណាស់ដែលអ្នកត្រូវរៀនគ្រប់គ្រងលុយរបស់អ្នក ហើយដើម្បីចាប់ផ្ដើមរៀនគ្រប់គ្រងលុយ អ្នកអាចរៀនសៀវភៅហិរញ្ញវត្ថុផ្ទាល់ខ្លួន។ លើសពីនេះបើអ្នកពិតជាចង់កសាងភាពមានបានមែននោះត្រូវយកពេលដើម្បីរៀនគ្រប់គ្រងលុយរបស់អ្នកឲ្យបានត្រឹមត្រូវ។

២. ទំនាក់ទំនងល្អក្នុងសង្គម

 យើងអាចនិយាយបានថាទំនាក់ទំនងគឺជាលុយ។ កាលណាអ្នកមានទំនាក់ទំនងល្អនិងជិតស្និទ្ធជាមួយអ្នកដទៃ អ្នកអាចនឹងទទួលបានឱកាសល្អ ហើយឱកាសមានច្រើនដូចឱកាសរកលុយ ឱកាសរកស៊ីនិងវិនិយោគ​និងឱកាសផ្សេងៗទៀត។

បើអ្នកចង់បង្កើនទំនាក់ទំនងល្អក្នុងសង្គមដែលប្រភេទទ្រព្យមួយដែរនោះ អ្នកត្រូវរាប់អានមនុស្សល្អៗ ស្មោះត្រង់ ជាពិសេសត្រូវរក្សាទំនាក់ទំនងឲ្យបានល្អជាមួយមនុស្សពូកែ មានសមត្ថភាពហើយព្យាយាមកាត់បន្ថយទំនាក់ទំនងជាមួយមនុស្សអវិជ្ជមាន។ អ្នកត្រូវមានទំនាក់ទំនងល្អជាមួយមិត្តភក្ដិ គ្រួសារនិងមនុស្សនៅក្នុងសង្គម ព្រោះកាលណាអ្នកមានទំនាក់ទំនងល្អ ពេលមានបញ្ហាអ្វី ពួកគាត់អាចជួយដោះស្រាយនិងផ្គត់ផ្គង់អ្នកបាន។

៣. ពេលវេលា

ពេលវេលាក៏ជាប្រភេទទ្រព្យមួយផងដែរ។ មនុស្សមួយចំនួនរវល់ក្នុងការកសាងទ្រព្យហិរញ្ញវត្ថុ រហូតដល់គ្មានពេលវេលាសម្រាប់គ្រួសារនិងមិត្តភ្តិឬមនុស្សក្នុងសង្គម។ វាមិនមែនជារឿងល្អនោះទេ បើអ្នកមានការងារច្រើន ប៉ុន្ដែបែរជាគ្មានពេលវេលាសម្រាប់ខ្លួនឯងក្រុមគ្រួសារនិងមិត្តភក្ដិ។ អ្នកខ្លះរវល់រកលុយរហូតគ្មានពេលគ្រប់គ្រងលុយរបស់ខ្លួនឬធ្វើអ្វីដែលក្ដីស្រមៃរបស់ខ្លួន។ ដូច្នេះដើម្បីកុំឲ្យខ្លួនឯងរវល់រហូតគ្មានពេលសម្រាប់ខ្លួនឯងនិងមនុស្សជុំវិញខ្លួន អ្នកត្រូវកសាងប្រភពចំណូលអកម្ម( passive income)នោះ ទោះជាអ្នកកំពុងដេកក៏លុយហូរចូលហោប៉ៅដែរ។

៤. សុខភាពរាងកាយរឹងមាំ

​ដូចឃ្លាមួយពោលថា” សុខភាពជាទ្រព្យដ៏មានតម្លៃ”។ អ៊ីចឹងអ្នកមិនគួរប្រឹងរកលុយរហូតដល់ភ្លេចមើលថែទាំសុខភាពខ្លួនឯងនោះទេព្រោះបើអ្នកធ្លាក់ខ្លួនឈឺនោះឱកាសរកលុយរបស់អ្នកទាំងប៉ុន្មានក៏គ្មានដែរ។ ដូច្នេះដើម្បីមានសុខភាពហើយមានពេលដើម្បីកសាទ្រព្យ អ្នកត្រូវហាត់ប្រាណជាប្រចាំ ញ៉ាំឲ្យបានគ្រប់គ្រាន់និងគេងឲ្យគ្រប់គ្រាន់។

សរុបមក ទ្រព្យទាំង៤ដែលបានរៀបរាប់ខាងលើគឺសុទ្ធតែសំខាន់ទាំង។ លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញ​វត្ថុនិងវិនិយោគបានលើកឡើងថា” ការចំណាយពេលវេលាច្រើនហួសដើម្បីតែលុយកាក់ សម្ភារ និងសក្តិយស (តំណែង) ក្នុងសង្គមដោយមិនមានពេលវេលាផ្ទាល់ខ្លួន និងថែទាំសុខភាពរាង្គកាយអោយបានល្អនឹងក្លាយវិប្បដិសារីដែលគ្មានថ្ងៃត្រឡប់ក្រោយបាន”៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia