គ្រូមត្តេយ្យវ័យ៤១ឆ្នាំ អ្នកស្រី Becky Powell បានចាយទុនមិនដល់១ដុល្លារ បង្កើតរបរមួយលើបណ្ដាញសង្គមឌីជីថល រកប្រាក់ចំណូលបានដល់ ១២៥,៥០០ដុល្លារ ក្នុងមួយឆ្នាំ ជួយដោះបំណុលកម្ចីសិស្សរបស់ខ្លួននិងស្វាមី ទោះបីអត់ធ្វើការក៏លុយហូរចូលកុងធនាគារដែរ។ ខាងក្រោមនេះជារឿងធំៗ៣ ដែលអ្នកស្រី Powell បានអនុវត្ត៖
១. ប្រើជំនាញទាញចំណូល
Powell ជាគ្រូមត្តេយ្យសិក្សា គាត់មានតួនាទីជួយពង្រឹងមូលដ្ឋានគ្រឹះកុមារតូចៗឱ្យចេះអាននិងសរសេរអក្សរ។ ការងារនេះតម្រូវឱ្យគាត់បង្កើតកិច្ចការផ្សេងៗ ដើម្បីឱ្យសិស្សរៀនឆាប់ចេះ ដូចជាការកែច្នៃអក្សរព្រៀងឱ្យសិស្សសរសេរតាម ឬ រចនា រូបភាពស្អាតៗដើម្បីឱ្យសិស្សចាប់អារម្មណ៍ចង់រៀនជាដើម។ អ្នកស្រីបានប្រាប់សារព័ត៌មាន CNBC ថា «ខ្ញុំតែងតែបង្កើតសៀវភៅសន្លឹកកិច្ចការ ដែលរចនាឡើងដើម្បីជួយបង្រៀនអក្ខរកម្មដល់សិស្សតូចៗ»។
ក្រោយមក Powell បានសាកល្បងបង្ហោះសន្លឹកកិច្ចការរបស់ខ្លួនទៅលើបណ្ដាញសង្គម លុះបានមួយរយៈអ្នកស្រីក៏ចាប់អារម្មណ៍ថា សន្លឹកកិច្ចការរបស់គាត់ គឺអាចទាក់ទាញចំណាប់អារម្មណ៍មនុស្សជាខ្លាំង ជាពិសេសអ្នកដែលមានកូនតូចៗ។ ដូច្នេះហើយគាត់ក៏សម្រេចចិត្តបង្កើត ហាងឌីជីថលមួយនៅលើ Website និងដាក់លក់សន្លឹកកិច្ចការរបស់គាត់នៅលើនោះ។ ក្នុងរយៈពេលមិនប៉ុន្មានខែផង អ្នកស្រីអាចរកលុយបានគ្រប់គ្រាន់សម្រាប់បង់ថ្លៃធានារ៉ាប់រងឡាន និងបង់កម្ចីសិស្សប្រចាំខែរបស់ខ្លួននិងស្វាមីថែមទៀតផង។
២. យកការងារធ្វើជាមន្ទីរពិសោធន៍
Powell បាននិយាយថា «ថ្នាក់រៀនគឺជាមន្ទីរពិសោធន៍ ដែលអាចស្រាវជ្រាវរកជំនាញពិសេសសម្រាប់បំពេញចន្លោះខ្វះខាតនៅលើទីផ្សារ ដូចជាជំនាញជួយកុមារឱ្យចេះអានជាដើម»។ អ្នកស្រីតែងតែចំណាយពេលរចនាសន្លឹកកិច្ចការនៅរៀងរាល់ពេលវិស្សមកាល ដូច្នេះវាមិនធ្វើឱ្យប៉ះពាល់ទៅលើម៉ោងការងារឡើយ។ មិនប៉ុន្មានឆ្នាំផងដល់សព្វថ្ងៃនេះ នៅលើ Website របស់ Powell មានសៀវភៅសរុប២០ក្បាល មានសន្លឹកកិច្ចការផ្សេងៗគ្នាចំនួន ៤២៧ ដែលដាក់ឱ្យទាញយកឥតគិតថ្លៃរហូតដល់កញ្ចប់ ៣០ដុល្លារ។
៣. ខ្វះអ្វីរៀនហ្នឹង
បើទោះបីជាសព្វថ្ងៃរបរមួយនេះ អាចទាញចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំក៏ដោយ ក៏អ្នកស្រី Powell នៅតែបន្តអភិវឌ្ឍចំណេះជំនាញរបស់ខ្លួនជាប្រចាំ។ ក្រៅពីការខិតខំបង្កើតគំនិតថ្មីៗដើម្បីឱ្យកូនសិស្សរបស់ខ្លួនរៀនឆាប់ចេះ Powell ក៏បានវិនិយោគលើជំនាញរឹងសំខាន់មួយទៀតគឺការ Design។ គាត់បានចំណាយលុយជាវវគ្គសិក្សាបច្ចេកទេស Design ដោយប្រើកុំព្យូទ័រ និងចូលរៀនវគ្គសិក្សាផ្សេងៗទៀតទាក់ទងនឹងការគ្រប់គ្រងអាជីវកម្មផ្ទាល់ខ្លួនផងដែរ។
អ្នកស្រី Powell បានគូសបញ្ជាក់ផងដែរថា ប្រាក់ចំណូលនឹងកើនឡើងនៅពេលដែលយើងមានជំនាញមួយពិតប្រាកដ ហើយយើងខ្លួនឯងចេះសម្លឹងមើលចំណុចខ្វះខាតលើទីផ្សារ និងបំប្លែងជំនាញដែលយើងមានឱ្យកើតជាផលិតផល ឬសេវាកម្មណាមួយដែលអ្នកបំពេញចំណុចខ្វះខាតនោះបាន៕
អត្ថបទដោយ៖ SOKLY SO-កូនផ្កាឈូក