អាចមានមនុស្សប្រុសស្រីមួយចំនួនស្រលាញ់គ្នាត្រឹមជាសង្សារមិនទាន់រៀបការគិតគូចង់ទិញផ្ទះរួមគ្នាដើម្បីជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់កសាងគ្រួសារនាពេលអនាគត។ ចុះបើត្រឹមស្រលាញ់គ្នាជាសង្សារមិនទាន់រៀបការតើគួរទិញផ្ទះរួមគ្នាឬទេ។
ជុំវិញសំណួរខាងលើ លោក Dave Ramsey បានលើកឡើងថាមិនថាអ្នកស្រលាញ់គ្នាជាសង្សារយូរប៉ុនណានោះទេ អ្នកមិនគួរទិញផ្ទះរួមគ្នាជាមួយមនុស្សដែលអ្នកមិនទាន់រៀបការជាមួយឡើយ ពោលគឺហាមដាច់ខាតតែម្ដង។
លោកបានបន្ថែមទៀតថាមិនថាអ្នកស្ថិតនៅក្នុងកាលៈទេសៈណានោះទេសូមកុំទិញផ្ទះជាមួយមនុស្សដែលអ្នកមិនទាន់រៀបការជាមួយអីព្រោះវានឹងធ្វើឲ្យអ្នកមានភាពស្មុគស្មាញនៅពេលដែលបែកបាក់ចែកផ្លូវគ្នា។ ជាពិសេសពេលបែកបាក់អ្នកអាចនឹងមិនទទួលបានកម្មសិទ្ធិផ្ទះក៏ថាបាន។
មូហេតុដែលគាត់ណែនាំមិនឲ្យទិញផ្ទះរួមជាមួយដៃគូដែលមិនទាន់រៀបការគឺត្រង់ថាអ្នកមានដៃគូមែនប៉ុន្ដែអ្នកមិនមានការការពារតាមផ្លូវច្បាប់នោះទេ។ ហើយការសម្រេចចិត្តយកលុយទិញផ្ទះខណៈពេលដែលអ្នកមិនទាន់រៀបការគឺជាការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដ៏ឆោតល្ងង់បំផុតមួយ៕