ចំពោះយុវជនជំនាន់ក្រោយ ដែលកំពុងតែធ្វើការឱ្យគេតែមានក្តីស្រមៃចង់មានអាជីវកម្មផ្ទាល់ខ្លួននៅក្នុងដៃនាពេលអនាគត ប៉ុន្តែពួកគាត់មិនដឹងថាគួរត្រៀមខ្លួនបែបណា ឬធ្វើរឿងអ្វីខ្លះនោះទេទើបអាចដុះខាត់ឱ្យខ្លួនឯងមានជំនាញពិតប្រាកដនោះ ឈប់បារម្ភទៀតទៀត ព្រោះនាពេលនេះមានថៅកែវ័យក្មេង២ រូបបានប្រាប់ផ្លូវទាំង៤ ដែលយុវជនគួរតែធ្វើប្រសិនជាចង់សល់អាជីវកម្មក្នុងដៃនៅថ្ងៃណាមួយ។
១. ធ្វើការតែត្រូវកំណត់គោលដៅជីវិត
លោក ចាន់ណា ដែលស្ថាបនិក Power Generators ENG Co., Ltd បាននិយាយថា តាំងពីតូចដល់ធំគឺលោកស្គាល់តែពាក្យថាធ្វើប៉ុណ្ណោះ ដោយនៅឆ្នាំ២០១៥ លោកបានធ្វើជាអ្នកលក់ម៉ូទ័រ បន្ទាប់មកលោកក៏បានកែប្រែខ្លួនឯងទៅលក់ម៉ាស៊ីនភ្លើងគឺលោករៀនលក់តាមអនឡាញរហូតលោកក្លាយជាអ្នកលក់ជំនាញម្នាក់។ ការខំប្រឹងកាន់តែទៅមុខ ចំណែកលទ្ធផលក៏កាន់តែមានដូច្នេះហើយលោកបានកំណត់គោលដៅសម្រាប់ខ្លួនឯងថាលោកនឹងខំធ្វើការ ហើយលោកត្រូវតែស្រលាញ់ការងារដែលលោកកំពុងធ្វើហើយលោកប្រាប់ខ្លួនឯងថាថ្ងៃណាមួយលោកនឹងបង្កើតមុខរបរសម្រាប់ខ្លួនឯង។ ដោយសារតែការខំប្រឹងមិនចុះចាញ់ជាមួយព្រេងវាសនា ក៏បានធ្វើឱ្យលោកចាន់ណា ក្លាយទៅជាម្ចាស់អាជីវកម្មមួយរូបដែលមានជំនួញ៣នៅក្នុងដៃត្រឹមវ័យ២៣ ឆ្នាំ ដោយជំនួញទី១របស់លោកគឺមានក្រុមហ៊ុន ផ្គត់ផ្គង់គ្រឿងកសិកម្ម ជំនួញទី២គឺក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍សំណង់ ចំណែកជំនួញទី៣វិញជាក្រុមហ៊ុនម៉ាស៊ីនភ្លើង។
២. រកមនុស្សដែលគិតវិជ្ជមានមកនៅក្បែរខ្លួន
លោក ចាន់ណា បាននិយាយបន្តថា ការបាននៅក្បែរមនុស្សគិតវិជ្ជមានគឺល្អខ្លាំងណាស់ ព្រោះចាប់តាំងពីលោកបានធ្វើជាបុគ្គលិកគេនៅខេត្តលោកបានជួបថៅកែម្នាក់ដែលគាត់មានទឹកចិត្តល្អ ទឹកចិត្តសណ្តោះប្រណីហើយតែងតែលើកទឹកចិត្តឱ្យលោកឱ្យបន្តជីវិតទៅមុខជានិច្ច។ មិនតែប៉ុណ្ណោះនៅពេលលោកបានចាប់ផ្តើមមកធ្វើការនៅភ្នំពេញម្តងលោកក៏បានជួបមនុស្សនៅជុំវិញខ្លួនដែលពួកពោរពេញទៅដោយការគិតវិជ្ជមាន បែបនេះពួកគាត់តែងជម្រុញទឹកចិត្តឱ្យលោកខំប្រឹងដើម្បីអនាគត ប្រឹងអភិវឌ្ឍន៍ខ្លួន មិនឱ្យចុះចាញ់នឹងជីវិតរហូតលោកក្លាយជាម្ចាស់អាជីវកម្មត្រឹមវ័យ ២៣ឆ្នាំបែបនេះ។
ជាការពិត ប្រសិនជាទាំងអស់គ្នាចង់ក្លាយជាមនុស្សល្អ ចង់ក្លាយជាមនុស្សពូកែទាំងអស់គ្នាត្រូវតែគិតវិជ្ជមាន ហើយត្រូវតែជ្រើសរើសមនុស្សវិជ្ជមាននៅក្បែរខ្លួនជានិច្ចព្រោះពួកគាត់ជាមនុស្សដែលពូកែលើកទឹកចិត្តហើយពេលយើងចង់ពិភាក្សាឬនិយាយរឿងអីក៏ពួកគាត់ស្តាប់និងផ្តល់យោបល់ល្អៗត្រឡប់មកវិញដែរ។
៣. រកចំណង់ចំណូលចិត្តខ្លួនឯងឱ្យឃើញ
លោកផាយុ ដែលជាម្ចាស់អាជីវកម្មបាយខ្ចប់ស្លឹកឈូក និងញ៊ាំមូកៈថៈ បានបង្ហើបថា មែនទែនទៅលោកមានដុង្គខាងចុងភៅស្រាប់តែម្តង ដោយសារអ្នកម៉ាក់របស់លោកពិតជាមានជំនាញធ្វើម្ហូបខ្លាំងណាស់ហើយកាលពីតូចលោកចំណាយពេលនៅជាមួយអ្នកម៉ាក់ច្រើន បែបនេះពេលធំពេញវ័យឱ្យតែលោកបានទៅញាំអីនៅកន្លែងហាងគេគឺលោកដឹងតែម្តងពីរបៀបផ្សំគ្រឿងរបស់គេ។
ក្រោយពីដឹងច្បាស់ថាខ្លួនឯងមានជំនាញខាងម្ហូបស្រាប់ លោកក៏ចាប់ផ្តើមសម្លឹងមុខរបរណាដែលកំពុងតែពេញនិយមនៅប្រទេសយើង បែបនេះនៅអំឡុងឆ្នាំ២០២២ លោកបានសម្រេចចិត្តបើកជាហាងញ៊ាំមូកៈថៈ ចំពោះហាងនេះដែរគឺមានទាំងស៊ុបក៏ដូចជាគ្រឿងក្លែមមួយចំនួនទៀតដែរ ហើយចំណុចពិសេសនៃហាងនេះ គឺមិនដូចហាងដទៃទេព្រោះទឹកជ្រលក់លោកធ្វើបែបខ្មែរកាត់ថៃធានាថាពេលអតិថិជនទៅភ្លក់ម្តងហើយប្រាកដជាចង់ទៅម្តងទៀត។
៤. បែងចែកពេលវេលាឱ្យច្បាស់
លោកផាយុ ដែលជាម្ចាស់អាជីវកម្មបាយខ្ចប់ស្លឹកឈូក និងញ៊ាំមូកៈថៈ បានបន្ថែមថា កាលដែលយើងចាប់របរច្រើនពេកពិតជារឿងមិនងាយស្រួលទេ ពោលវាទាមទារឱ្យយើងបែកចែកពេលវេលាឱ្យច្បាស់ នឹងចាត់ចែងការងារឱ្យបានល្អ តួយ៉ាងដូចជាលោកផ្ទាល់អញ្ចឹងលោកចាប់ផ្តើមលក់បាយខ្ចប់ស្លឹកឈូកពេលព្រឹក ចំណែកមូកៈថៈគឺលក់ពេលល្ងាច ហើយចំពោះមុខរបរទាំង២ នេះផងដែរ គឺលោករកស៊ីដោយមានគោលដៅច្បាស់ណាស់ ព្រោះថ្ងៃអនាគតលោកមានគោលដៅពង្រីកបន្ថែមទៀត ដោយសារតែរកស៊ីមានគោលដៅច្បាស់ៗបែបនេះហើយ ទើបធ្វើឱ្យមុខរបររបស់លោកអាចទទួលបានផ្លែផ្កាព្រមគ្នាផងដែរ៕