លោក Shoichiro Toyoda កូនប្រុសរបស់ស្ថាបនិក Toyota Motor Corp និងជាឪពុករបស់នាយកប្រតិបត្តិបច្ចុប្បន្ន Akio Toyoda បានទទួលមរណភាពកាលពីថ្ងៃអង្គារ៍ ទី១៤ ខែកុម្ភៈ ដោយសារជំងឺខ្សោយបេះដូងនៅអាយុ ៩៧ឆ្នាំ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន CAN ចុះនាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។
ទោះបីរូបកាយឃ្លាតឆ្ងាយមែនពិត តែបុរសឆ្នើមម្នាក់នេះបានបន្សល់ដានជីវិតនិងស្នាដៃជាច្រើនសម្រាប់ក្រុមហ៊ុននិងមនុស្សជាតិ ហើយខាងក្រោមនេះគឺជាការលះបង់ រួមទាំងស្នាដៃធំៗ៣ ដែលលោក Shoichiro Toyoda បានកសាង៖
ក្នុងនាមជាកូនប្រុសបង្កើតរបស់ម្ចាស់ក្រុមហ៊ុន នាឆ្នាំ១៩៥២ លោក Toyoda បានចូលរួមជំនួញរបស់ឪពុកនៅ Toyota Motors។ រយៈពេល១០ឆ្នាំក្រោយមក លោកបានឡើងកាន់តំណែងជានាយកគ្រប់គ្រង។ ក្នុងឆ្នាំ១៩៦៧ លោកត្រូវបានតែងតាំងជានាយកគ្រប់គ្រងជាន់ខ្ពស់, ជាអនុប្រធានប្រតិបត្តិនៅឆ្នាំ១៩៧២ និងជាប្រធានអង្គភាពទីផ្សាររបស់ក្រុមហ៊ុននៅឆ្នាំ ១៩៨១។ ញើសស្រក់ជាឈាម ធ្វើប្រឹងធ្វើការស្ទើរពេលសម្រាក ទោះដល់វ័យចូលនិវត្តន៍ក៏មិនឈប់តស៊ូរហូតដល់រលត់ជីវិត។
២/. នាំ Toyota ទៅកាន់ពិភពលោក
ក្នុងឆ្នាំ ១៩៥២ លោក Shoichiro បានដឹកនាំការពង្រីកក្រុមហ៊ុនផលិតរថយន្តជប៉ុនទៅកាន់ការផលិតនៅសហរដ្ឋអាមេរិក ហើយការបើកដំណើរការម៉ាកយីហោ Lexus ដ៏ប្រណិត និងរថយន្ត Prius hybrid ក៏ទទួលស្គាល់ជាសកលលើការត្រួសត្រាយផ្លូវគំរូថ្មីសម្រាប់ការគ្រប់គ្រងគុណភាពក្នុងការផលិតទៀតផង ។ ក្នុងនោះ លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ថែមទាំងកោតសរសើរក្នុងសេចក្តីថ្លែងការណ៍មួយថា “Shoichiro Toyoda ជាអ្នកលើក Toyota ឱ្យក្លាយជាក្រុមហ៊ុនផលិតរថយន្តកំពូលរបស់ពិភពលោក”។
៣/. ជាអ្នកបើកទំព័រ Toyota Motor Corporation
ការរួមបញ្ចូលគ្នានៃផ្នែកលក់ និងផលិតកម្មក្នុងឆ្នាំ១៩៨២ បានផលិត Toyota Motor Corporation ហើយលោក Toyoda បានក្លាយជាប្រធានដំបូងរបស់អង្គភាពថ្មីនេះ។ ភាពខុសប្លែកដាច់ដោយឡែកគ្នាខ្លាំងនៃវប្បធម៌ការងារប្រៀបដូច “ទឹកនិងភ្លើង” ទាមទារឲ្យលោកផ្តោតការយកចិត្តទុកដាក់ខ្លាំងបំផុតក្នុងការច្របាច់បញ្ចូលគ្នា នៅទីបំផុតផ្នែកទាំងពីរនៃក្រុមហ៊ុន Toyota ត្រូវបានបញ្ចូលគ្នាដោយជោគជ័យក្រោមការដឹកនាំរបស់លោក Toyoda។ លោកបានបម្រើការជាប្រធានពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៩ និងបានក្លាយជាប្រធានកិត្តិយសក្នុងឆ្នាំ ១៩៩៩។
គួរជម្រាបផងដែរថា លោក Shoichiro Toyoda គឺជាបុគ្គលដែលមានចក្ខុវិស័យ និងថាមពលដ៏អស្ចារ្យម្នាក់ ក្នុងការជួយជ្រោមជ្រែងក្រុមហ៊ុន TOYOTA ទៅកាន់ពិភពលោក ជាពិសេសដល់តំបន់អាស៊ីរបស់យើង ហើយលោកក៏បានបន្សល់ទុកនូវស្នាដៃជាច្រើនរហូតមកដល់ពេលបច្ចុប្បន្ននេះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦