បើកឆាកដើមឆ្នាំ២០២៥ នេះ ក្រុមហ៊ុនធំៗចំនួន ២ បានរៀបចំពិធីបើកការដ្ឋានសាងសង់ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេ ព្រមជាមួយរោងចក្រផលិតសំបករថយន្ដដ៏ធំមួយ ដែលមានទីតាំងនៅខេត្ដព្រះសីហនុ និងខេត្ដស្វាយរៀង។ ដោយគម្រោងទាំង ២ នេះត្រូវបានរំពឹងថា នឹងបង្កើតឱកាសការងាររាប់ពាន់កន្លែងជូនដល់ពលរដ្ឋនៅក្នុងតំបន់ផងដែរ។
កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន អាយ អេស អាយ បានរៀបចំពិធីបើកសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចថ្មីរបស់ខ្លួនទំហំជាង ៨០០ ហិកតា ដែលមានទីតាំងស្ថិតនៅជាប់កំណាត់ផ្លូវល្បឿនលឿន ខេត្ដព្រះសីហនុ។ ដោយគម្រោងនេះនឹងសាងសង់ចំនួន ៣ ដំណាក់កាល ដោយក្នុងដំណាក់កាលទី១ គឺមានផ្ទៃដីសរុបជាង ២០០ ហិកតា និងមានទុនវិនិយោគជាង ៥០ លានដុល្លារ។
តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ គឺជាតំបន់សេដ្ឋកិច្ចពិសេសដំបូងគេដែលមានទីតាំងតាមបណ្ដោយផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងមានរយៈចម្ងាយត្រឹមតែ ៣០ នាទីពីកំពង់ផែអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ និងរយៈចម្ងាយត្រឹមតែ ១ ម៉ោង ៣០ នាទីពីរាជធានីភ្នំពេញ។
២. ខេត្ដស្វាយរៀង
កាលពីថ្ងៃទី១២ ខែមករា កន្លងទៅនេះ ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក បានបើកការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់រថយន្តរបស់ខ្លួនដែលមាន គម្រោងនេះមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង មានវិសាលភាពគ្របដណ្តប់លើផ្ទៃដីប្រមាណ ៣២ហិកតា ជាមួយទំហំទុនវិនិយោគរហូតដល់ប្រមាណ ៥០០ លានដុល្លារអាម៉េរិក សម្រាប់ទាំងដំណាក់កាលទី១ និងទី២ ដែលរំពឹងថានឹងបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១ ០០០ កន្លែងផងដែរ៕