ប្តូរអាជីពពីអ្នកលក់ថ្នាំពេទ្យ មកលក់ស្បែកជើង យុវជនរូបនេះ អាចរកចំណូលបាន ១៦,០០០$/១ខែ
ធី ស្រីល័ក្ខDECEMBER 3 2022288 views

ដោយសារតែខឹងចិត្តទិញប៉ះអ្នកលក់អនឡាញបោកប្រាស់ បានធ្វើឱ្យយុវជនវ័យក្មេងមួយរូប សុខចិត្តបោះបង់អាជីពជាឱសថការីមកបើកហាងលក់ស្បែកជើងប៉ាតាខ្លួនឯង ដោយការចាប់ផ្តើមចេញពីស្បែកជើង ១ពាន់គូរ។ហើយយុវជនវ័យក្មេងចិត្តសឿងរូបនោះមានឈ្មោះថា Edwin ជាជនជាតិអូស្រ្តាលី បច្ចុប្បន្នជាម្ចាស់ហាងលក់ស្បែកជើងល្បីឈ្មោះ Secret Sneaker Store ដែលបានបើកដំណើរការតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្រៅស្រុក Daily mail បានឱ្យដឹងថា មុនពេលដែល Edwin បោះបង់ចោលអាជីពជាឱសថការីមកលក់ស្បែកជើងនេះគឺ ដោយសារតែខឹងចិត្តធ្លាប់ទិញស្បែកជើងតាម Facebook ហើយត្រូវគេបោកប្រាក់អស់ ៥០០ដុល្លារ កាលពីឆ្នាំ ២០១៧ ។ដែលកាលនោះ Edwin បានឆាតទៅប្រាប់មិត្តភក្តិរបស់គេ ហើយពួកបានជួបរឿងនេះដូចគ្នា ជាហេតុជម្រុញចិត្តឱ្យយុវជនវ័យក្មេងខាងលើនេះ យកលុយទិញស្បែកជើងមកលក់ ដើម្បីធានាពីសុវត្ថិភាពអ្នកដទៃទៀតកុំឱ្យជួបប្រទះការបោកប្រាស់ដូចជាខ្លួន។

ប្រភពដដែលបានបន្តថា ដំបូងឡើយ Edwin បានប្រើលុយសន្សំរបស់ខ្លួនទិញចូលប្រភេទស្បែកជើង limited-edition ប្រមាណជា​ ១ពាន់គូប៉ុណ្ណោះដើម្បីចាប់ផ្តើមដំណើរការលក់នៅលើប្រព័ន្ធអនឡាញ ដែលមានទាំង Instagram និង Facebook និងវេបសាយលក់ផ្សេងៗទៀត។នៅពេលចេញលក់ដំបូង Edwin អាចរកចំណូលបានដល់ទៅ ១៦,០០០ដុល្លារពីការលក់ស្បែកជើង ហើយក្នុងនោះ Edwin រំពឹងថាខ្លួនអាចនឹងរកចំណូលបាន ២០លានដុល្លារពីការលក់ស្បែកជើងនេះ ខណៈពេលដែលបច្ចុប្បន្នខ្លួនកំពុងតែកាក់កបជាមួយអាជីវកម្មនេះយ៉ាងខ្លាំង។

បន្ទាប់ពីសន្ទុះការលក់កើនឡើងបានធ្វើឱ្យ អតីតឱសថការី វ័យក្មេងរូបនេះបន្តពង្រីកជាហាងធំ ដែលមានស្បែកជើងរាប់ពាន់គូមានទាំង  Yeezys , Jordans និង Nikes ដោយលក់ក្នុងតម្លៃចាប់ពី ១៥០ដុល្លារទៅដល់ ១៤,៥០០ដុល្លារ។ក្នុងនោះ Edwin បានលើកឡើងថា “ពេលខ្ញុំចាប់ផ្តើមអាជីវកម្មនេះ គ្រួសាររបស់ខ្ញុំមិនពេញចិត្តទេ ហើយថែមទាំងថាខ្ញុំឆ្កួតដែលបោះបង់ការងារល្អ មកធ្វើអ្វីឆ្កួតៗបែបនេះ ប៉ុន្តែពេលនេះគាត់បែរមកសរសើរខ្ញុំវិញក្រោយខ្ញុំបង្ហាញគាត់ពីភាពជោគជ័យរបស់ខ្ញុំ”។ដូច្នេះលោកបានផ្តាំថា ប្រសិនបើយើងរកឃើញអ្វីដែលខ្លួនចូលចិត្ត និងចង់ធ្វើវាគួរតែចាប់ផ្តើមធ្វើវាហើយបង្ហាញឱ្យគ្រប់គ្នាបានឃើញថាគំនិតអ្នកមិនមែនឆ្កួតៗដូចដែលគេបាននិយាយឡើយ។

គួរបញ្ជាក់ផងដែរថា មកដល់សព្វថ្ងៃនេះ Secret Sneaker Store បានពង្រីកសាខាបាន ៣ សាខាធំៗនៅក្នុងប្រទេសអូស្រ្តាលី ៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង​

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia