នៅសល់រយៈពេល ១៦ ថ្ងៃទៀតប៉ុណ្ណោះដំណើរឆ្ពោះទៅកាន់ព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនឹងឈានចូលមកដល់ហើយ។ ក្នុងនោះដែរ សម្រាប់ការប្រកួតកីឡាដ៏ធំនេះ គណៈកម្មាធិការជាតិជាតិរៀបចំការប្រកួតបានជ្រើសរើសទីតាំងសំខាន់ៗមួយចំនួននៅរាជធានីភ្នំពេញ ដើម្បីបម្រើដល់ការការប្រកួតលើវិញ្ញាសាផ្សេងៗផងដែរ។
តាមការបញ្ជាក់ពី Cambodia 2023 គណៈកម្មការជាតិបានជ្រើសរើសទីតាំងចម្បងចំនួន ៣ សម្រាប់ត្រៀមទទួលការប្រកួតដែលមានដូចជា៖ ពហុកីឡដ្ឋានជាតិអូឡាំពិក, មជ្ឍមណ្ឌលសន្និបាត និងពិព័រណ៌អន្ដរជាតិជ្រោយចង្វារ និងពហុកីឡដ្ឋានជាតិមរតកតេជោ។
យោងតាមការចុះផ្សាយពី Cambodia 2023 កាលពីថ្ងៃទី១៦ ខែមេសា បានសរសេរថា «សូមបង្ហាញទីតាំងចម្បងទាំង ៣ ក្នុងរាជធានីភ្នំពេញ ដែលនឹងត្រៀមបម្រើដល់ការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាមួយនឹងការរួចរាល់ទទួលស្វាគមន៍ប្រតិភូទាំង ១១ប្រទេស។ ១.ពហុកីឡដ្ឋានជាតិ (អូឡាំពិក) ៩ប្រភេទកីឡា ២.មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ១៣ប្រភេទកីឡា ពហុកីឡដ្ឋានជាតិមរតកតេជោ ៩ប្រភេទកីឡា»។
សូមជម្រាបផងដែរថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នេះនឹងចាប់ផ្ដើមឡើងពីថ្ងៃទី៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣។ អ្វីដែលពិសេសនៅក្នុងកម្មវិធីនេះគ្រប់ការប្រកួតទាំងអស់គឺ សម្រាប់អ្នកគាំទ្រគឺនឹងទទួលបានសំបុត្រចូលរួមទស្សនាឥតគិតថ្លៃ ហើយសម្រាប់ប្រតិភូទទួលបានការស្នាក់នៅ-ហូបចុកឥតគិតថ្លៃដូចគ្នា។ ក្នុងចំពោះដៃគូផ្សព្វផ្សាយ ក៏ទទួលបានសិទ្ធិផ្សាយដោយឥតគិតថ្លៃផងដែរ៕
អត្ថបទ៖ កឹម ប៊ុនធឿន