នៅសល់ពេលមិនដល់ ១០០ ទៀតនោះទេ ព្រឹត្ដិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនឹងឈានចូលមកដល់ហើយ។ ក្នុងនោះដែរ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកម្មវិធីដ៏ធំនេះ កម្ពុជាក៏បានរៀបចំភូមិកីឡាដ៏ធំមួយនៅរាជធានីភ្នំពេញ ដើម្បីទទួលប្រតិភូ និងអត្ដពលិកស្នាក់នៅផងដែរ។ ជាស្ដែងបច្ចុប្បន្នគម្រោងភូមិកីឡានេះ កំពុងត្រូវបានសាងសង់យ៉ាងសស្រាក់សស្រាំ ដើម្បីរៀបចំឲ្យទាន់ព្រឹត្ដិការណ៍ខាងលើឈានចូលមកដល់។
ថ្លែងក្នុងដំណើរចុះត្រួតពិនិត្យភូមិកីឡាកាលពីពេលថ្មីៗនេះឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC បានមានប្រសាសន៍ថា «យើងជឿជាក់លើការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុនសាងសង់ថានឹងសាងសង់ឱ្យបានរួចរាល់ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នឹងត្រូវរួចរាល់ ដើម្បីត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាឱ្យទទួលបានជោគជ័យ»។
សូមជម្រាបផងដែរថា ភូមិកីឡាខាងលើនេះគឺលាតសន្ធឹងលើផ្ទៃដីជាង ៦ហិកតា ជាប់នឹងពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលស្ថិតនៅក្នុងទីក្រុង នាគសម្តេចតេជោ ដែលមានផ្ទៃដីចំនួន ៣៥.០០០ ហិចតា នៅភាគខាងជើងនៃតំបន់អភិវឌ្ឍន៍ថ្មី របស់រាជធានីភ្នំពេញ និងត្រូវបានសាងសង់ដោយក្រុមហ៊ុនអ្នកឧកញ៉ា សៀ ឬទ្ធី។ បើតាមការបញ្ជាក់ភូមិកីឡានេះគឺអាចទទួលប្រតិភូ និងអត្ដពលិកចន្លោះ ៦ ០០០ នាក់ ទៅ ៧ ០០០ នាក់ឯណោះ៕
អត្ថបទ៖ កឹម ប៊ុនធឿន