បាងកក៖ កាលពីថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២២ ក្រុមហ៊ុន អេសស៊ីជី (SCG) បានរៀបចំសន្និសីទ ESG ឆ្នាំ ២០២២ លើកដំបូង នៅក្នុងប្រទេសថៃ ដោយមានការចូលរួមពីវិស័យឯកជន និងរដ្ឋ សាធារណជន និងសម្ព័ន្ធអង្គការនៅលើពិភពលោកនានា ដើម្បីសហការគ្នាលើការងារក្របខ័ណ្ឌ ESG (បរិស្ថាន សង្គម និងអភិបាលកិច្ច) ដើម្បីពន្លឿនការស្វែងរកដំណោះស្រាយចំពោះវិបត្តិនានា ដែលកើតចេញពីការកើនឡើងនូវកម្ដៅផែនដី ផលវិបាកពីជំងឺកូវីដ-19 បញ្ហាអតិផរណា និងការកើនឡើងនូវតម្លៃថាមពល ជាដើម ។
ក្រោមមូលបទ “ការសម្រេចបាននូវក្របខណ្ឌ ESG និងនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច” សន្និសីទនេះ មានការពិភាក្សាអំពីបញ្ហាមួយចំនួន រួមមានការប្រែប្រួលអាកាសធាតុ សង្គមមានកាបូនទាប សេដ្ឋកិច្ចបៃតង ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ហើយក៏បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកិច្ចសហការគ្នាដើម្បីជួយសង្គ្រោះពិភពលោកផងដែរ ។
នៅក្នុងសន្និសីទ ESG ឆ្នាំ ២០២២៖ “ការសម្រេចបាននូវ SCG និងនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច” នោះលោក Roongrote Rangsiyopash ប្រធានអគ្គនាយក និងជាអគ្គនាយកប្រតិបត្តិ របស់ក្រុមហ៊ុន SCG បានពន្យល់ថា៖ “SCG បានរៀបចំសន្និសីទស្ដីពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពអស់រយៈពេល ១១ ឆ្នាំមកហើយ ហើយនៅពេលនេះបានប្រែក្លាយទៅជាសន្និសីទស្ដីពី បរិស្ថាន សង្គម និងអភិបាលកិច្ច វិញ ។ យើងកំពុងព្យាយាមពង្រីកកិច្ចសហការដោយអនុលោមតាមគោលការណ៍ណែនាំនៃក្របខ័ណ្ឌ ESG ព្រោះវាជាផ្លូវតែមួយគត់ដើម្បីកាត់បន្ថយវិបត្តិជាបន្ទាប់ដែលកំពុងកើតមានចំពោះយើងទាំងអស់គ្នា ។ ពីមុន វេទិកានេះបានផ្តល់ជាទីកន្លែងសម្រាប់កិច្ចសហការជាសកល ដើម្បីបង្កើតឲ្យមានការផ្លាស់ប្តូរ និងដំណោះស្រាយវិបត្តិជាក់ស្តែង។ ជាក់ស្ដែង ភាពជោគជ័យរួមគ្នាមួយ គឺការបង្កើតផែនទីបង្ហាញផ្លូវសម្រាប់ គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឲ្យនៅសល់សូន្យ រវាងឧស្សាហកម្មស៊ីម៉ងត៍ និងបេតុងក្នុងប្រទេសថៃ ជាមួយនិងសមាគមស៊ីម៉ងត៍ និងបេតុងសកល (GCCA)។ ការសហការនេះមានបំណងដឹកនាំឧស្សាហកម្មស៊ីម៉ងត៍របស់ប្រទេសថៃឆ្ពោះទៅរកគោលដៅនៃការបំភាយឧស្ម័នផ្ទះកញ្ចក់កម្រិតសូន្យត្រឹមឆ្នាំ ២០៥០ ស្របតាមគោលដៅរបស់សកលលោក។ ឧទាហរណ៍មួយទៀតគឺការសហការដើម្បីដោះស្រាយសំណល់ប្លាស្ទិកក្នុងមហាសមុទ្រប្រកបដោយនិរន្តរភាពជាមួយសម្ព័ន្ធដើម្បីបញ្ចប់កាកសំណល់ប្លាស្ទិក (AEPW) ដែលជាអង្គការមិនរកប្រាក់ចំណេញដ៏ល្បីល្បាញលើពិភពលោកដែលមានក្រុមហ៊ុននៅក្នុងខ្សែសង្វាក់ឧស្សាហកម្មប្លាស្ទិកនានា រាប់ចាប់ពីក្រុមហ៊ុនផលិត អ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ រហូតដល់អ្នកគ្រប់គ្រងកាកសំណល់ប្លាស្ទិក” ។
លោក Roongrote បានបន្ថែមទៀតថា៖ “ទោះបីមានការយល់ដឹង និងសកម្មភាពកន្លងមកនៅតាមគេហដ្ឋាន សហគមន៍ ក្នុងមូលដ្ឋាន និងកិច្ចសហប្រតិបត្តិការជាសាកលក៏ដោយ យើងនៅតែមិនអាចតាមទាន់នូវវិបត្តិពិភពលោកដែលបានកើនឡើងជាលំដាប់ និងកំពុងខិតមករកមនុស្សកាន់តែច្រើនឡើងនោះឡើយ។ វិបត្តិនោះរួមមាន អាកាសធាតុដែលមិនអាចទាយទុកជាមុនបាន គ្រោះរាំងស្ងួតធ្ងន់ធ្ងរ គ្រោះទឹកជំនន់ កង្វះធនធាន វិបត្តិស្បៀងអាហារ និងកង្វះថាមពលនៅទូទាំងពិភពលោក។ វិបត្តិទាំងអស់នេះ រឹតតែធ្ងន់ធ្ងរថែមទៀត ដោយសាររលកថ្មីនៃជំងឺកូវីដ-19 ជំងឺឆ្លងថ្មីៗដែលកំពុងកើតឡើង ក៏ដូចជាបញ្ហាអតិផរណា និងភាពក្រីក្រដែលធ្វើឲ្យវិសមភាពសង្គមកាន់តែមានគម្លាតខ្លាំងឡើង ។ នាពេលបច្ចុប្បន្ននេះ សីតុណ្ហភាពរបស់ផែនដីបានកើនឡើង ១.១ អង្សារសេបន្ថែមទៀត ហើយបើគ្មានការសហការគ្នាភ្លាមៗដើម្បីស្វែងរកដំណោះស្រាយ ហើយប្រសិនបើផែនដីឡើងកម្ដៅថែម ១.៥ អង្សារ នោះមនុស្សជាតិនឹងមិនអាចរស់នៅក្នុងស្ថានភាពដូចដែលយើងធ្លាប់រស់រានពីមុនមកឡើយ ។ ដូច្នេះ នេះជាគ្រាអាសន្នសម្រាប់មនុស្សរាល់គ្នា ដែលតម្រូវឱ្យគ្រប់វិស័យទាំងអស់នាំគ្នាចាត់វិធានការ។ ចំណាត់ការ អាចចាប់ផ្តើមចេញពីការកែប្រែសកម្មភាពសាមញ្ញៗ មុននឹងពង្រីកទៅរកការសហការដែលមានគោលបំណងសម្រាប់ការដោះស្រាយភ្លាមៗ។ ដូច្នេះ សន្និសីទ ESG ឆ្នាំ ២០២២ ព្យាយាមបង្កើនល្បឿនដើម្បីទទួលបានកិច្ចសហការកាន់តែច្រើនថែមទៀត និងជំនះលើវិបត្តិពិភពលោក ដែលពាក់ព័ន្ធគ្រប់ទិដ្ឋភាពទាំងអស់ មានដូចជាបរិស្ថាន សង្គម និងអភិបាលកិច្ច ដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រតិបត្តិការទាំងអស់”។
អគ្គលេខាធិការអាស៊ាន ឯកឧត្តម Dato Lim Jock Hoi បានគូសបញ្ជាក់ពីយន្តការអាស៊ាន នៅក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើសេដ្ឋកិច្ចរបស់អាស៊ាន ។
លោក បានមានប្រសាសន៍ថា៖ “យោងតាមធនាគារអភិវឌ្ឍន៍អាស៊ីបានប៉ាន់ប្រមាណថា ប្រសិនបើអាជីវកម្មបន្តធម្មតា ដូចបច្ចុប្បន្ន ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើតំបន់អាស៊ីអាគ្នេយ៍នឹងធ្វើឲ្យ GDP របស់អាស៊ានធ្លាក់ចុះ ១១% នៅចុងសតវត្សរ៍នេះ ។ ដូច្នេះហើយ វាពិតជាមានសារៈសំខាន់សម្រាប់អាស៊ានក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីស្វែងរកតុល្យភាព ដែលយើងអាចទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចនាពេលអនាគត ហើយធានាបាននូវការការពារសម្បត្តិធម្មជាតិរបស់យើង និងអាចបន្តផ្តល់ធនធានដែលមនុស្សត្រូវការ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចការទាំងអស់នេះទាមទារឲ្យមានការចូលរួមពីមនុស្សគ្រប់គ្នា។ វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ជាអ្នកអនុវត្តសំខាន់សម្រាប់គំនិតផ្តួចផ្តើមនានាប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ ក៏ដូចជាការរក្សាបាននូវស្តង់ដារបរិស្ថាន សង្គម និងអភិបាលកិច្ច”។
បន្ថែមលើនេះ សន្និសីទ ESG ឆ្នាំ ២០២២ ក៏បានឆ្លុះបញ្ចាំងអំពីភាពភាពចាំបាច់នៃការកាត់បន្ថយវិសមភាពសង្គមផងដែរ ។ ក្នុងនោះ ស្ត្រី និងក្មេងជំនាន់ក្រោយ សុទ្ធតែមានតួនាទីរួមនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការដោះស្រាយវិបត្តិផ្សេងៗ ។ ដោយសារស្ត្រីមានតួនាទីសំខាន់ក្នុងការថែទាំ និងផ្គត់ផ្គង់ក្រុមគ្រួសារ ដូច្នេះហើយនេះគឺជាកត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សហគមន៍ផង និងប្រទេសជាតិផង។ នៅក្នុងសន្និសីទនេះ មានវគ្គចែករំលែក ដើម្បីជំរុញទឹកចិត្តស្ត្រី ដោយឆ្លុះបញ្ចាំងពីសក្តានុពលរបស់ពួកគាត់។ ការចែករំលែកទាំងនេះ នឹងជួយឲ្យស្ត្រីរៀបចំខ្លួនបង្កើនចំណេះដឹង និងការអភិវឌ្ឍជំនាញបន្ថែមទៀត ដែលនឹងជួយឲ្យពួកគាត់មានសមត្ថភាពដើម្បីជំនះការលំបាកក្នុងជីវិត តាមរយៈការមានប្រភពចំណូល ស្ថិរភាពអាជីព និងភាពគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ខ្លួនឯង។ ចំណុចនេះស្របតាមគោលបំណងរបស់ APEC 2022 របស់ប្រទេសថៃក្នុងការជំរុញការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី។ បន្ថែមលើនេះ សន្និសីទនេះបានអញ្ជើញមនុស្សជំនាន់ថ្មី ឲ្យបង្ហាញពីការទទួលស្គាល់ ចំពោះសក្ដានុពល និងតួនាទីរបស់ខ្លួន ក្នុងការជំរុញក្របខណ្ឌ ESG ។ ពួកគេអាចរួមចំណែកនូវគំនិតចម្រុះ និងជំនាញដែលអាចកាត់បន្ថយគម្លាតវិសមភាព និងលើកកម្ពស់គុណភាពជីវិតសម្រាប់ក្រុមប្រជាជនបាត់ឱកាសរបស់អាស៊ាន។ ករណី ជោគជ័យមួយចំនួន រួមមាន តំណាងវ័យក្មេងមកពីប្រទេសឥណ្ឌូនេស៊ីដែលបានបង្កើតបន្ទះសូឡាសម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប និងអ្នកតំណាងរបស់ប្រទេសថៃដែលបានបង្កើតកម្មវិធីបកប្រែភាសាសញ្ញាដើម្បីបង្កភាពងាយស្រួលសម្រាប់មានជនពិការភាព ។
លោក Roongrote បានបន្ថែមថា៖ “ការកាត់បន្ថយវិបត្តិ ជារឿងសំខាន់ទីមួយសម្រាប់មនុស្សគ្រប់រូប និងគ្រប់វិស័យ។ ទាំងអស់គ្នាត្រូវតែចាត់វិធានការឥឡូវនេះ ហើយសហការគ្នាដើម្បីបង្កើតឲ្យឃើញលទ្ធផលជាក់ស្តែង។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា លទ្ធផលពី សន្និសីទ ESG ឆ្នាំ ២០២២ គឺអាចអនុវត្តបាន តាមការគ្រោងទុក។ SCG ប្តេជ្ញាជួយសម្របសម្រួលជាមួយភាគីពាក់ព័ន្ធទាំងអស់ និងតាមដានមើលវឌ្ឍនភាព។ នេះដោយសារតែ ដើម្បីទទួលផ្លែផ្កា និងឃើញលទ្ធផលបាន លុះត្រាតែកិច្ចសហប្រតិបត្តិការឈានទៅមុខ ហើយផ្ដល់អត្ថប្រយោជន៍ដល់គ្រប់ផ្នែកនៃសង្វាក់តម្លៃ ។ ទាំងនេះ នឹងរួមចំណែកដល់ការកសាងសេដ្ឋកិច្ចបៃតង ស្របតាមគោលគំនិត BCG (សេដ្ឋកិច្ចជីវសាស្ត្រ សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចបៃតង) ដើម្បីជួយឲ្យពិភពលោកមាននិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ”។
សម្រាប់នៅប្រទេសកម្ពុជា អេសស៊ីជី បានអនុវត្តក្របខ័ណ្ឌ ESG ក្នុងទម្រង់សកម្មភាពផ្សេងៗ។ អេសស៊ីជី បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីធ្វើការអង្កេតមូលដ្ឋាន សម្រាប់គម្រោងប្រព័ន្ធអេកូឡូស៊ី និងស្តារនីតិសម្បទានៅរោងចក្រស៊ីម៉ងត៍កំពត។ នៅក្នុងដំណើរការផលិតកម្មវិញ អេសស៊ីជី បានបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំកន្លងមក ដូចជាថាមពលពន្លឺព្រះអាទិត្យ និងជីវម៉ាស។ សម្រាប់ផលិតផលស៊ីម៉ងត៍ អេសស៊ីជី ក៏បានកាត់បន្ថយការបំភាយឧស្ម័ន កាបូនិច ទៅក្នុងបរិយាកាស តាមរយៈការបង្កើតរូបមន្តថ្មី និងប្រើប្រាស់សារធាតុកម្ទេចថ្ម (clinkers) កាន់តែតិចក្នុងការផលិតរបស់វា។ ទាក់ទងនឹងសកម្មភាពសង្គម អេសស៊ីជី បានផ្តល់អាហារូបករណ៍ជាង ១,៥០០ ដល់សិស្សវិទ្យាល័យនៅភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពត សម្រាប់ឆ្នាំសិក្សា ៨ ឆ្នាំជាប់គ្នា ចាប់តាំងពីឆ្នាំ ២០១៤។ លើសពីនេះទៅទៀត អេសស៊ីជី បានពង្រីកអាហារូបករណ៍សម្រាប់និស្សិតសាកលវិទ្យាល័យ ដោយផ្តល់អាហារូបករណ៍ចំនួន ២០ កន្លែង សម្រាប់មុខវិជ្ជាផ្នែកវេជ្ជសាស្រ្ត និងមិនមែនវេជ្ជសាស្ត្រ ក្នុងឆ្នាំ ២០១៨ និង ២០១៩។ លើសពីនេះ អេសស៊ីជី បានបរិច្ចាគថវិកាប្រចាំឆ្នាំជាច្រើនដល់មន្ទីរពេទ្យគន្ធបុប្ផា កាកបាទក្រហមកម្ពុជា ក្រសួងសុខាភិបាលក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-19 និងភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀតក្នុងពេលមានគ្រោះធម្មជាតិ៕
អត្ថបទពាណិជ្ជកម្ម