បច្ចុប្បន្នទំនិញផ្សេងៗកាន់តែឡើងថ្លៃ ជាពិសេសទំនិញដែលប្រជាជនយើងតែងតែងអ៊ូថាឡើងថ្លៃខ្លាំងជាងគេគឺប្រេងសាំង។ តាមពិតទៅមិនមែនឡើងថ្លៃតែប្រេងសាំងនោះទេ តម្លៃម្ហូបអាហារលើទីផ្សារក៏ឡើងថ្លៃផងដែរ។
ចុះបើប្រេងសាំង និងទំនិញផ្សេងៗ ឡើងថ្លៃព្រាតអ៊ីចឹង ការដាក់លុយនៅសន្សំនៅធនាគារ ធ្វើឲ្យលុយរបស់អ្នកកើនឡើងឬថយចុះ?
វាជារឿងសំខាន់ដែលអ្នកគួរតែស្វែងយល់ដើម្បីដឹងថាលុយដែលដាក់នៅធនាគារពិតជាកើនឡើងមែនឬអត់។ ទំនិញលើទីផ្សារឡើងថ្លៃគឺមានន័យថាអតិផរណាកើនឡើង ហើយពាក្យអតិផរណានេះទៀតសោតប្រហែលជាបងប្អូនខ្លះមិនទាន់យល់នោះទេ។
អតិផរណាគឺសំដៅដល់ការឡើងថ្លៃនៃទំនិញនិងសេវាកម្មទូទៅលើទីផ្សារ ហើយលុយចុះថោក។ ឧទាហរណ៍ពីមុនលុយ៤,០០០រៀលអ្នកអាចចាក់សាំបានមួយលីត ប៉ុន្ដែបច្ចុប្បន្នលុយ៤,០០០រៀលដដែលនេះលែងចាក់សាំងមួយលីតបានទៀតហើយ ខណៈសាំងឡើងដល់៦,០០០រៀលក្នុងមួយលីតនាពេលបច្ចុប្បន្ន។
នៅក្នុងរូបភាពដែលបានរៀបរាប់ខាង យើងឃើញថាទំនិញលើទីផ្សារឡើងថ្លៃតែលុយចុះថោក។ ដូច្នេះការប្រាក់សន្សំនៅធនាគារ មិនប្រាកដថាលុយរបស់អ្នកកើនោះឡើងទេ បើសិនជាអត្រាការប្រាក់សន្សំនៅធនាគារតិចជាងអត្រាកើនឡើងនៃអតិផរណា។
ឧទាហរណ៍ថា អ្នកមានប្រាក់ចំនួន ១០០ដុល្លារ នៅក្នុងគណនីសន្សំរបស់អ្នក ជាមួយនឹងអត្រាការប្រាក់ ១%ក្នុងមួយឆ្នាំ ដូច្នេះបន្ទាប់ពីមួយឆ្នាំ អ្នកនឹងមានប្រាក់ ចំនួន ១០១ ដុល្លារនៅក្នុងគណនីសន្សំ។ ប៉ុន្ដែបើ អត្រានៃអតិផរណា រត់ក្នុងរង្វង់ ២% ដូច្នេះអ្នកត្រូវមាន ១០២ដុល្លារ ដើម្បីទទួលអំណាចទិញ( Buying Power) ឲ្យសមស្របទៅនឹងអត្រានៃអតិផរណា។
តាមពិតទៅ អ្នកទទួលបាន ១ដុល្លារដែលការប្រាក់សន្សំពិតមែន តែអ្នកបង់បាត់អំណាចទិញ( buying power) ព្រោះនៅពេលដែលប្រាក់សន្សំរបស់អ្នកមិនកើនឡើងឲ្យសមស្របទៅនឹងការកើនឡើងនៃអត្រាអតិផរណាទេ មានន័យថាអ្នកបាត់បង់លុយរបស់អ្នក។ ការដាក់ប្រាក់សន្សំនៅធនាគារធ្វើឲ្យលុយរបស់អ្នកកើនឡើងតាមរយៈការប្រាក់ពិតមែន តែងាកមកមើលទំនិញនិងសេវាកម្មលើទីផ្សារសុទ្ធតែឡើងថ្លៃ ដូច្នេះបើដាក់សន្សំនៅធនាគារបានការប្រាក់ទាបនោះលុយរបស់អ្នកនឹងកាន់តែថយចុះ
បើយោងតាមការលើកឡើងរបស់ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងអតិផរណានៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២២នឹងកើនឡើង៤% ដោយសារកំណើនថ្លៃនៃម្ហូបអាហារ ប្រេងឥន្ធនៈ ដូច្នេះបើអ្នកដាក់ប្រាក់សន្សំនៅធនាគារបានការប្រាក់៤%ក្នុងមួយឆ្នាំនោះលុយរបស់អ្នកមិនកើនឡើយហើយបើដាក់លុយនៅធនាគារបានការប្រាក់ទាបជាង៤%ក្នុងមួយឆ្នាំ លុយអ្នកនឹងកាន់តែថយចុះ។
នៅពេលដែលអតិផរណាកើនឡើង អ្នកដែលគេចេះប្រើលុយ គេមិនទុកលុយជាប់ខ្លួនច្រើននោះទេ ពោលគឺគេយកលុយទៅវិនិយោគលើទ្រព្យណាដែលតម្លៃរបស់វាកើនឡើងលើសអតិផរណា ដូចជាវិនិយោគលើអចលនទ្រព្យ និងវិនិយោគលើផ្សារភាគហ៊ុនជាដើម។
ចំពោះការវិនិយោគលើផ្សារហ៊ុន ខ្ញុំអាចណែនាំបងប្អូនបាន ហើយបើបងប្អូនចង់ស្វែងយល់ទាក់ទងនឹងការវិនិយោគលើភាគហ៊ុនអាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង។ ខ្ញុំតែងតែចែករំលែកទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុនិងការវិនិយោគដើម្បីបង្កើនទ្រព្យនិងវគ្គបង្រៀនវិនិយោគលើភាគហ៊ុនផងដែរ៕