ធនាគារ ស្ថាបនា ដាក់ដំណើរការ « Sathapana Gateway » ជាផ្លូវការ ដើម្បីផ្តល់ដំណោះស្រាយទូទាត់ប្រាក់តាមអនឡាញកាន់តែងាយស្រួលសម្រាប់ម្ចាស់អាជីវកម្ម និងអ្នកប្រើប្រាស់
Daneth MechOCTOBER 25 2022

ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២៖ ធនាគារ ស្ថាបនា ដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធី Sathapana Gateway ដើម្បីបង្កើនភាពងាយស្រួលដល់ការទូទាត់ប្រាក់តាមអនឡាញរវាងអាជីវកម្ម និងអ្នកប្រើប្រាស់ ដែលធ្វើឱ្យការទូទាត់ទំនិញ និងសេវាកម្មគ្រប់ប្រភេទកាន់តែរហ័ស​ និងងាយស្រួល។ គោលបំណងនៃការបង្កើត Sathapana Gateway គឺដើម្បីជួយកាត់បន្ថយការលំបាកសម្រាប់ម្ចាស់អាជីវកម្មដែលត្រៀមចូលក្នុងទីផ្សារថ្មី ហើយជួយឱ្យអាជីវកម្មទាំងនោះបង្កើនការលក់ទៅដល់អតិថិជនទាំងក្នុង និងក្រៅស្រុកប្រកបដោយប្រសិទ្ធភាពខ្ពស់។   

Sathapana Gateway គឺជាដំណោះស្រាយទូទាត់ប្រាក់តាមអនឡាញ ដែលអនុញ្ញាតឱ្យដៃគូពាណិជ្ជករទទួលយកការទូទាត់ប្រាក់តាមរយៈប័ណ្ណឥណទាន/ឥណពន្ធជាមួយក្រុមហ៊ុន Mastercard និង Visa ទាំងក្នុងស្រុក និងក្រៅស្រុក សម្រាប់ការទិញទំនិញ និងសេវាកម្មគ្រប់ប្រភេទនៅលើទីផ្សារ។ កម្មវិធីនេះអាចដំឡើងប្រើប្រាស់បានយ៉ាងរហ័ស និងងាយស្រួលនៅលើផ្លាតហ្វមរបស់ម្ចាស់អាជីវកម្ម ដោយមិនចាំបាច់មានជំនាញផ្នែកព័ត៌មានវិទ្យានោះទេ។ ពិសេសជាងនេះទៅទៀត វាអាចជួយសន្សំសំចៃពេលវេលាបានយ៉ាងច្រើនដល់អាជីវកម្មក្នុងការទទួលសាច់ប្រាក់ពីអតិថិជន។

សូមគូសបញ្ជាក់ផងដែរថា Sathapana Gateway ត្រូវបានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពទំនើបចុងក្រោយបំផុត ជាមួយនឹងបទពិសោធន៍ទូទាត់ប្រាក់យ៉ាងងាយស្រួល ដែលអាចឱ្យអាជីវកម្មថ្មី និងអាជីវកម្មដែលមានវត្តមានលើទីផ្សារយូរឆ្នាំទទួលបានអត្ថប្រយោជន៍យ៉ាងច្រើននៅក្នុងទីផ្សារឌីជីថលដែលកំពុងតែរីកចម្រើន និងជាទីពេញនិយម។

លោក Jean Pierre Gagnon អនុប្រធានប្រតិបត្តិនៅ ធនាគារ ស្ថាបនា មានប្រសាសន៍ថា៖ «​ការ​ដាក់​ឱ្យដំណើរការកម្មវិធី​ Sathapana Gateway ​គឺជា​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយទៀត​សម្រាប់​យើង​នៅធនាគារ ​ស្ថាបនា​។ កម្មវិធីនេះមានមុខងារសំខាន់ៗចំនួន៤ដែលផ្តល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពខ្ពស់ ដែលអនុញ្ញាតិឱ្យអតិថិជនរីករាយជាមួយការបញ្ជាទិញទំនិញបានគ្រប់ពេលវេលា ដោយមិនចាំបាច់ទៅកាន់ហាងលក់ទំនិញដោយផ្ទាល់នោះទេ។ លើសពីនេះ ម្ចាស់អាជីវកម្មអាចទាក់ទាញអតិថិជនទាំងក្នុងស្រុក និងក្រៅស្រុកបានកាន់តែច្រើន ដែលជួយឱ្យការលក់មានកំណើនទៅតាមនោះផងដែរ»។

លើសពីនេះទៅទៀត ជាមួយនឹងមុខងារជាច្រើនលើកម្មវិធី Sathapana Gateway អាជីវករអាចពង្រីកខ្លួនឱ្យកាន់តែខិតជិតអតិថិជនទូទាំងពិភពលោក​ ជាមួយនឹងដំណោះស្រាយទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាពខ្ពស់ និងអាចជឿទុកចិត្តបាន។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ០២៣/០៨១ ៩៩៩ ០១០ ឬចូលទៅកាន់គេហទំព័ររបស់ធនាគារ ស្ថាបនា www.sathapana.com.kh/sathapana-gateway ​។

អំពី ធនាគារ ស្ថាបនា  

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.០០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាiBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។  

ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។ 

ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia