ស្របពេលដែលមនុស្សជាច្រើនខំធ្វើការរកលុយ រួចយកទៅទិញកាតទូរស័ព្ទ ឬបង់ Wi-Fi ដើម្បីបានអូសមើលហ្វេសប៊ុក និងវីដេអូនៅលើយូធូប ស្រ្តីជនជាតិខ្មែរដែលរស់នៅប្រទេសជប៉ុនមួយរូប បែរជាសុខចិត្តបោះបង់ការងារក្រុមហ៊ុនប្រាក់ខែប្រមាណ ២,៦០០ដុល្លារ ងាកមកថតវីដេអូបង្ហោះ ទាញចំណូលបានក្បែរម៉ឺនដុល្លារ។
ស្រ្តីរូបនោះមានឈ្មោះថា គាំ សុខសម្ផស្ស ជា Youtuber និង Facebooker ហើយជាម្ចាស់ Facebook Page ឈ្មោះ Samphors From Japan ព្រមទាំង Channel YouTube ឈ្មោះថា SAMPHORS LLC។ វីដេអូដែលអ្នកស្រីបានបង្កើតភាគច្រើន និយាយអំពីជីវភាពរស់នៅរបស់អ្នកស្រី និងក្រុមគ្រួសារនៅឯប្រទេសជប៉ុន ព្រមទាំងវីដេអូធ្វើម្ហូប និងចែករំលែកចំណេះដឹងផ្សេងៗជាដើម។
ដំបូងឡើយអ្នកស្រីសម្ផស្សបានចែករំលែកពេលវេលាទំនេរពីធ្វើការមកធ្វើវីដេអូ ប៉ុន្តែក្រោយពេលដែលអាចរកចំណូលពី Facebook និង YouTube បាន គាត់ក៏សម្រេចចិត្តលាឈប់ពីការងារ មកធ្វើជាអ្នកបង្កើតវីដេអូពេញទីតែម្ដង។ ក្រោយលាឈប់ពីការងារគាត់ក៏មានពេលគ្រប់គ្រាន់សម្រាប់ថតវីដេអូថ្មីៗ បង្ហោះចូលទៅក្នុង Facebook និង YouTube ជាហេតុធ្វើឱ្យទាញបានអ្នកគាំទ្រចូលមើលកាន់តែច្រើនថែមទៀត។
អ្នកស្រីបានបញ្ជាក់ថា ដើម្បីរកលុយពី Facebook ឬ YouTube បានមិនមែនគ្រាន់តែបង្ហោះៗវីដេអូចោលនោះទេ ប៉ុន្តែអ្នកត្រូវដឹងពីគន្លឹះ និងលក្ខខណ្ឌផ្សេងៗដែលក្រុមហ៊ុន Facebook និង YouTube បានកំណត់ជាមុនសិន។ ដូច្នេះដើម្បីចេះពីវិធីរកលុយតាមកម្មវិធីទាំង២នោះ ប្រិយមិត្តអាចចូលទៅមើលវីដេអូលម្អិតរបស់អ្នកស្រីសម្ផស្ស នៅលើ Channel YouTube ឈ្មោះថា SAMPHORS LLC៕
អត្ថបទដោយ៖ សូ សុខលី
អត្ថបទជាប់ពាក់ព័ន្ធ៖ https://business-cambodia.com/finance/article/how-to-earn-money-from-facebook-by-samphors