ក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាមគឺ VinFast បានប្រកាសពីការខាតបង់ទឹកប្រាក់រហូតដល់ទៅ ៣,១៨ពាន់លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំមុនដែលការខាតបង់មួយនេះគឺបានកើនឡើងរហូតដល់ទៅ ២៨% ឯណោះ។ នេះបើតាមការដកស្រង់ចេញពីសារព័ត៌មានរ៉យទ័រ។
ប្រភពខាងលើបានបន្តឱ្យដឹងទៀតថា ចំពោះមូលហេតុដែលនាំឱ្យក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast ខាតបង់ដ៏ច្រើនបែបនេះដោយសារតែ ការចំណាយទៅលើថ្លៃដើមឡើងថ្លៃរួមទាំងការចំណាយលើការលក់ ការគ្រប់គ្រង និងទីផ្សារកាន់តែខ្ពស់ ខណៈដែល VinFast កំពុងតែពង្រីកប្រតិបត្តិការលក់របស់ខ្លួនទូទាំងពិភពលោកផងដែរ។
លោក Pham Nhat Vuong ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន VinFast ដែលជាក្រុមហ៊ុនផលិតរថយន្ត EV បាននិយាយថាបច្ចុប្បន្នការចូលទៅក្នុងទីផ្សារសហរដ្ឋអាមេរិកបានធ្វើឱ្យយើងខាតបង់ដូច្នេះ ខ្លួននឹងកំណត់គោលដៅទីផ្សារអាស៊ីដើម្បីបង្កើនការលក់ក្នុងប៉ុន្មានឆ្នាំខាងមុខ ជាជាងផ្តោតលើការផលិតលក់នៅទីផ្សារសហរដ្ឋអាមេរិក។
លោក Vuong បានបន្ថែមថា "ការបើករោងចក្ររបស់យើងនៅសហរដ្ឋអាមេរិករដ្ឋ Carolina ខាងជើងត្រូវបានផ្អាកជាបណ្តោះអាសន្ន"។ ខណៈក្រុមហ៊ុនធ្លាប់បានប្រកាសកាលពីខែកក្កដាឆ្នាំមុនថាការបើករោងចក្រនឹងត្រូវពន្យារពេលពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ។
លោក Pham Nhat Vuong បានបញ្ជាក់ថា ការលក់រថយន្ត EV សរុបរបស់ក្រុមហ៊ុន VinFast បានកើនឡើង ២.៨ ដងក្នុងឆ្នាំ២០២៤ បើធៀបនឹងឆ្នាំមុន ដោយប្រទេសវៀតណាមមានចំនួនប្រហែល ៩០% ប៉ុន្តែទោះបីជាការលក់កើនឡើងខ្លាំងយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុន VinFast នៅតែខាតបង់ខ្លាំងជាពិសេសគឺនៅទីផ្សារសហរដ្ឋអាមេរិកផងដែរ៕