ប្រយ័ត្នហួសពេល! ធ្វើរឿង៥នេះ ឱ្យបានមុនអាយុខ្ទង់៣០ឆ្នាំ បើមិនចង់ជាប់បំណុល ស្ដាយក្រោយនៅថ្ងៃមុខ
Toeuy HongAPRIL 28 202525 views

ពេលវេលាពិតជាដើរលឿនណាស់ ធ្មេចបើកៗឆ្នាំ២០២៣ បានកន្លងផុតទៅកន្លះឆ្នាំបាត់ហើយ ធ្វើឱ្យអាយុរបស់មនុស្សយើងក៏កាន់តែកើនឡើងតាមហ្នឹងដែរ។ ភ្លេចៗខ្លួនអាយុក្បែរ៣០ឆ្នាំបាត់ អ្វីក៏មិនទាន់មានជាដុំកំភួន ក្ដីស្រមៃក៏នៅឆ្ងាយនៅឡើយ បើហ៊ានតែបណ្ដោយខ្លួនផ្ដេសផ្ដាស ឆ្នាំក្រោយអាចនឹងមានលទ្ធផលមិនសូវខុសពីឆ្នាំនេះប៉ុន្មានឡើយ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ Business Cambodia សូមលើកយករឿងរ៉ាវសំខាន់ៗ៥យ៉ាង ដែលគួរតែប្រញាប់ធ្វើឱ្យបានមុនអាយុខ្ទង់៣០ បើមិនចង់ឱ្យថ្ងៃខាងមុខត្រូវអង្គុយស្ដាយពេលវេលាដែលកន្លងហួសទៅ។

ទី១. គ្រប់គ្រងបំណុល

ប្រសិនបើកំពុងជាប់បំណុល ត្រូវតែខិតខំរកលុយសងបំណុលឱ្យបានឆាប់ ព្រោះថាបំណុលជាប្រភពបញ្ហានិងមិនអាចអូសបន្លាយពេលបាន។ ពេលជាប់បំណុល រឿងទីមួយក្រោយពីរកលុយបានគឺដកសងគេឱ្យហើយសិន ចាំបែកចែកលើការសន្សំ បន្ទាប់មកការចំណាយ។ ត្រូវចាំថាខ្ចីលុយគេបាន មានន័យថាអ្នកជាមនុស្សមានក្រេឌីតល្អ ហេតុនេះត្រូវតែសងលុយឱ្យគេឱ្យអស់តាមការកំណត់ដើម្បីរក្សាក្រេឌីត ងាយស្រួលខ្ចីលុយគេលើកក្រោយ តែដាច់ខាតកុំខ្ចីលុយមកបង្កើតបំណុលថ្មីទៀត ប៉ុន្តែត្រូវខ្ចីយកមកដើម្បីបង្កើនចំណូលតាមរយៈការពង្រីកអាជីវកម្មឬ វិនិយោគលើឱកាសល្អៗ។

ទី២. ទាញយកចំណេះដឹងហិរញ្ញវត្ថុដាក់ខ្លួន

ចាប់ផ្ដើម ឬបន្តស្វែងយល់ពីការគ្រប់គ្រងលុយកាក់ឱ្យបានល្អ ដោយការសង្កេតពីអ្នកមានបទពិសោធន៍ ស្រាវជ្រាវខ្លួនឯង អាន (សៀវភៅ ឬអត្ថបទមេរៀនខ្លីៗ ដូចជាអត្ថបទរបស់ Business Cambodia ជាដើម)។ លៃយ៉ាងណាឱ្យខ្លួនឯងបានចេះច្បាស់ ពីការបែងចែកទាំងចំណូល និងការចំណាយ ប្រចាំថ្ងៃ រួមទាំងចំណាយប្រចាំខែ។ រៀនពីរបៀបបង្កើតចំណូល កាត់បន្ថយការចំណាយ ចេះ២ចំណុចនេះឱ្យច្បាស់ ជីវិតអ្នកនឹងមានលំនឹងមិនខានឡើយ។។

ទី៣. បែងចែកសន្សំ

ការសន្សំជារឿងចាំបាច់បំផុត ព្រោះវាអាចជួយឱ្យយើងសល់លុយដោយមិនដឹងខ្លួន អ្នកត្រូវដឹងថា ១០០៛ ក៏លុយ ១០០០៛ ក៏លុយ ដូច្នេះមិនថារកបានប៉ុន្មានឡើយត្រូវតែបង្កើតទម្លាប់ដកសន្សំឱ្យបានយ៉ាងតិច១០%។ ឧទាហរណ៍ថា មួយខែអ្នករកបាន ៥០០ដុល្លា សូមដកវាទុកដោយឡែក៥០ដុល្លារទៅ ចាត់ទុកថាអ្នកមានចំណូលតែ ៤៥០ដុល្លារទៅបានហើយ។ លុយដែលអ្នកដកទុកនោះ ចូរបំភ្លេចវាចោលទៅ ភ្លេចតែមួយឆ្នាំអី វាក៏អាចកើនបានយ៉ាងហោចណាស់ក៏ក្បែរ ១ពាន់ដុល្លារដែរ។

ទី៤. វិនិយោគលើជំនាញ

ពេលវេលាចេះតែដើរទៅមុខ ដូច្នេះអ្នកគួរតែព្យាយាមបណ្ដុះជំនាញរបស់អ្នកបន្ថែម ដោយការទាញយកគំនិតថ្មី ដើម្បីច្នៃចំណេះជំនាញដែលអ្នកមានស្រាប់ឱ្យកាន់តែល្អខ្លាំងឡើង។ កុំបណ្ដោយឱ្យខ្លួនឯងនៅតែប៉ុណ្ណឹង កុំគ្រប់គ្រាន់ជាមួយនឹងចំណេះ ផ្ទុយទៅវិញសូមរក្សាភាពស្រេកឃ្លាន ចង់ចេះចង់ដឹងបន្តជានិច្ច ទើបជីវិតរបស់អ្នកកាន់តែរីកចម្រើនឡើង។

ទី៥. វិនិយោគលើសុខភាព

អាយុខ្ទង់២០ឡើង ជាវ័យពេញកម្លាំង វ័យដែលឈ្មុសឈ្មុលខ្លាំងជាមួយនឹងការងារ ហើយក៏ជាវ័យភ្លេចគិតសុខភាពដែរ។ ហេតុនេះ សូមលោកអ្នកកុំភ្លេចខ្លួនឱ្យសោះ ទោះជាក្នុងករណីណាក៏ដោយក៏ត្រូវតែរក្សាសុខភាពឱ្យបានល្អ។ គោលដៅពិតជាសំខាន់ទើបអ្នកត្រូវខំប្រឹងភ្លេចបាយភ្លេចទឹក តែសូមកុំភ្លេចថា បើគ្មានសុខភាពទេ បើអ្នកកំពុងឈឺដេកនឹងកន្ទេល អ្នកច្បាស់ជាលែងបានដើរទៅរកគោលដៅទៀតហើយ ហើយក៏គ្មានអ្នកណាមកដើរជំនួសអ្នកបានដែរ។

សូមជម្រាបផងដែរថា ទោះជាយ៉ាងណាក៏កុំភ្លេចថា ក្ដីសុខមិនមែនទាល់តែអ្នកសម្រេចគោលដៅធំទើបមាននោះទេ លោកអ្នកអាចរស់នៅជាមួយនឹងក្ដីសុខរាល់ថ្ងៃតាមរយៈការធ្វើអ្វីដែលលោកអ្នកស្រលាញ់ និងមានគោលដៅច្បាស់លាស់មួយទៅគ្រប់គ្រាន់ហើយ។ ដូច្នេះហើយកុំភ្លេចថែរក្សាផ្លូវចិត្តប្រចាំថ្ងៃរបស់អ្នកឱ្យល្អផងណា កុំភ្លេចសប្បាយជាមួយនឹងលទ្ធផលតូចៗរាល់ថ្ងៃនេះ ព្រោះពួកវាទាំងអស់ហ្នឹងហើយដែលកំដរអ្នកដើរទៅរកគោលដៅធំដែលអ្នកបានគ្រោងទុក៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia