នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាផ្លូវសំខាន់១ ខ្សែដែលជាផ្លូវលេខ ១៤៦បេ (វិថីសម្តេចសង្ឃរាជ ទេព វង្ស) និងផ្លូវលេខ ១៤៨ (តីរវិថីសម្តេចតេជោសែន) ក្នុងខេត្តព្រះសីហនុ ធ្វើ១គីឡូម៉ែត្រចំណាយអស់ប្រមាណជិត២លានដុល្លារ ក្នុងការសាងសង់។
ថ្លែងក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ សម្ដេចបានមានប្រសាសន៍ថា “ បើយើងពិនិត្យនៅក្នុងទីនេះផ្លូវនេះត្រូវសាងសង់ក្នុង១ គីឡូម៉ែត្រអស់ប្រមាណជិត២ លានដុល្លារ ដែលជាផ្លូវដែលយើងធ្វើឱ្យមានភាពរឹងមាំ”។
ឆ្លៀតក្នុងឱកាសនោះសម្ដេច ក៏បានមានប្រសាសន៍ពីសារៈសំខាន់នៃផ្លូវដែលត្រូវសម្ពោធខាងលើនេះ គឺជាខ្សែផ្លូវវាងក្រុងតភ្ជាប់គ្នា ដ៏មានសក្តានុពល ដោយតភ្ជាប់ពីទីប្រជុំជនទៅជាយក្រុង ទៅកាន់តំបន់ទេសចរណ៍ និងឆ្នេរធម្មជាតិ ព្រមទាំងតភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវទាំង ៣៧ខ្សែ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ខណៈផ្លូវនេះគឺដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ផងដែរ។
គួរបញ្ជាក់ផងដែរថាផ្លូវខេត្តទាំងពីរខ្សែនេះបើកការដ្ឋានសាងសង់កាលពីអំឡុងខែមេសា ឆ្នាំ២០២០ និងបញ្ចប់ជាស្ថាពរនៅអំឡុងខែសីហា ឆ្នាំ២០២២ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៨ខែ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) និងបានចំណាយថវិកាសាងសង់ប្រមាណជាង ៧៦លានដុល្លារអាមេរិក ជាប្រភពថវិកាសន្សំរបស់រាជរដ្ឋាភិបាល។ ហើយផ្លូវលេខ១៤៦បេ តភ្ជាប់ទៅផ្លូវលេខ១៤៨ មានប្រវែងសរុប៤៣,០២គីឡូម៉ែត្រ ក្នុងនោះ ផ្លូវលេខ១៤៦បេ ប្រវែង ២០,៦៧គីឡូម៉ែត្រ គិតចាប់ពីចំណុចបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ រហូតដល់ឃុំអូរត្រេះ ស្រុកស្ទឹងហាវ និងផ្លូវលេខ១៤៨ មានប្រវែង ២២,៣៤គីឡូម៉ែត្រ បន្តពីរង្វង់មូលស្ទឹងហាវ ដល់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ៕
អត្ថបទដោយ៖ ឌឿក ស្រី នុត