កាលពីថ្មីៗកន្លងទៅនេះ បងប្អូនប្រជាជនខ្មែរប្រាកដជាដឹងហើយថា ក្រសួងពាណិជ្ជកម្មបានបង្កើតគេហទំព័រមួយមួយមានឈ្មោះថា CambodiaTrade ដែលជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក B2B2C ដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលជួយដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា បានដាក់លក់ផលិតផលរបស់ខ្លួន តាមប្រព័ន្ធអេឡិចត្រូនិក ដល់អតិថិជនសក្តានុពលទំាងទីផ្សារក្នុងស្រុក និងក្រៅស្រុក ដែលប្រតិបត្តិការតាមថ្នាលអេឡិចត្រូនិក Cambodiatrade.com ដោយមានការតភ្ជាប់ពេញលេញជាមួយប្រព័ន្ធទូទាត់ប្រាក់ និងដឹកជញ្ជូន។
ជាមួយគ្នានោះដែរ គេហទំព័រ CambodiaTrade មានចំណុចពិសេសៗជាច្រើនដែលអាចជួយធ្វើឱ្យផលិតផលរបស់ខ្មែរ នាំទៅទីផ្សារបរទេស ពោលគឺអនុញ្ញាតឲ្យមានការទិញ-លក់ ក្នុងទំរង់អាជីវករទៅកាន់អ្នកប្រើប្រាស់ (B2C) និងពីអាជីវករទៅកាន់អាជីវករ (B2B) ដែលអ្នកប្រើប្រាស់ និងដៃគូពាណិជ្ជកម្មអាចធ្វើការបញ្ជាទិញផ្ទាល់ពីសហគ្រាសធុនតូច និងមធ្យមជាលក្ខណៈលក់រាយ និងលក់ដុំ។ ចំពោះការលក់ដុំ ដៃគូពាណិជ្ជកម្មអាចស្នើសុំតម្លៃពិសេសពីអ្នកលក់តាមរយៈផ្សារខេមបូឌាត្រេដ។
ដូច្នេះ សម្រាប់ម្ចាស់អាជីវកម្មដែលចង់ដាក់លក់ផលិតផលនៅក្នុងគេហទំព័ររបស់ក្រសួងត្រូវមានលក្ខខណ្ឌចំនួន៣៖
១. ជាសហគ្រាស ដែលបានចុះឈ្មោះស្របច្បាប់ជាមួយក្រសួងពាណិជ្ជកម្ម ឬមានលិខិតអនុញ្ញាតប្រកបអាជីវកម្ម
២. មានវិញ្ញាបនបត្រប៉ាតង់ (Patent Certificate) លេខអត្តសញ្ញាណសារពើពន្ធ (VAT TIN) ដែលមានសុពលភាព និងអត្តសញ្ញាណប័ណ្ណ
៣. ជាសហគ្រាស ដែលផលិតនូវផលិតផលខ្មែរ។
សូមបញ្ជាក់ថា មូលហេតុដែល ក្រសួងពាណិជ្ជកម្មបានបង្កើតគេហទំព័រនេះឡើងគឺដើម្បី ជួយដល់សហគ្រាសធុនតូចនិងមធ្យម ដើម្បីបង្កើនការលក់ និងនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក៕
អត្ថបទ៖ ធី ស្រីល័ក្ខ