ជិតដាច់ឆ្នាំ២០២៤ ប្រសិនបើអ្នកមើលមកខ្លួនឯងឃើញថាមិនសល់ទ្រព្យ មិនសល់លុយជាដំកំភួនទេនោះ អ្នកអាចគិតគូនិងចាប់ផ្ដើមយកចិត្តទុកដាក់ផ្ដោតលើការគ្រប់គ្រងនិងចាត់ចែងលុយកាក់របស់អ្នក បើចង់ឲ្យជីវិតផ្លាស់ប្ដូរកាន់តែប្រសើរឡើងនិងសល់ទ្រព្យ សល់លុយកាន់តែច្រើន។
ទាក់ទងនឹងការសល់ទ្រព្យ សល់លុយនេះដែរ ថ្ងៃនេះ Business Cambodia សូមចែករំលែកនូវច្បាប់គ្រប់គ្រងលុយ70/30 ហើយបើអ្នកតាំងចិត្តអនុវត្តនោះជីវភាពអ្នកនឹងផ្លាស់ប្ដូរឈានទៅរកការកសាងភាពមានបាន។ ច្បាប់គ្រប់គ្រងលុយ70/30ត្រូវបានអនុវត្តដូចខាងក្រោមនេះ៕
៧០%នៃចំណូលសរុបចាយលើតម្រូវការចាំបាច់
នៅពេលអ្នករកចំណូលបានប្រចាំខែ អ្នកអាចដកតែ៧០%នៃចំណូលសរុបរបស់អ្នកយកមកបែងចែកសម្រាប់ចំណាយលើតម្រូវការចាំបាច់នៅក្នុងការរស់នៅ។ ក្នុងការរស់នៅប្រចាំខែ អ្នកមានតម្រូវការចាំបាច់ជាច្រើនដូចជា អាហារហូបចុក ការស្នាក់នៅ ទឹកភ្លើង សំលៀកបំពាក់ ការធ្វើដំណើរនិងតម្រូវការចាំបាច់ផ្សេងៗជាច្រើន។
ត្រង់នេះ៧០%នៃចំណូលនេះគឺត្រូវចាយតម្រូវការចាំបាច់ប៉ុណ្ណោះហើយអ្នកត្រូវតែបែងចែកឲ្យដាច់រវាងតម្រូវការចាំបាច់និងការចង់បាន។ តម្រូវការចាំបាច់គឺរបស់ដែលអ្នកអត់មិនបាន ពោលគឺបើអត់ច្បាស់ជាវេទនាដូចជាអាហារហូបចុកជាដើម។ ចំណែកការចង់បានគឺជារបស់ដែលអ្នកអត់វាក៏មិនអីដែរដូចជាការដើរលេងកម្សាន្តជាដើម។ ឧទាហរណ៍បើអ្នកមានប្រាក់ខែ៧០០ដុល្លារ អ្នកអាចដក៧០% ស្មើនឹង៤៩០ដុល្លារសម្រាប់ចំណាយលើតម្រូវការចាំបាច់។
បែងចែកប្រាក់ចំណូល៣០%ទៀតដែលនៅសល់
បន្ទាប់ពីអ្នកដក៧០%នៃចំណូលសរុបសម្រាប់ចំណាយលើតម្រូវការចាំបាច់រួចហើយនៅសល់៣០%ទៀតអ្នកត្រូវយកមកបែងចែកជា៣ដំណាក់កាលបន្តទៀតដូចខាងក្រោមនេះ។
ដក១០% មកសន្សំទុក
លុយដែលនៅសល់៣០% បន្ទាប់ពីចំណាយចាំបាច់អ្នកអាចដក១០%មកសន្សំទុក។ ការសន្សំគឺជារឿងដែលអ្នកមិនគួរមើលរំលងឡើយព្រោះការសន្សំគឺជួយយើងបានច្រើនទាំងការដោះស្រាយបញ្ហាលុយកាក់និងការកសាងទ្រព្យសម្បត្តិ។
ការសន្សំគឺជាវិន័យហើយវិន័យបង្កើតបានជាទម្លាប់ដែលជះឥទ្ធិពលខ្លាំងលើជីវិតរបស់អ្នក។ អាចនិយាយបានថាការសន្សំវាមានប្រសិទ្ធភាពបន្តិចម្ដងៗដែលជាចុងក្រោយធ្វើឲ្យអ្នកសឹងតែមិនជឿ។ ដូច្នេះគួរគូគិតលើទម្លាប់ចាយលុយបើចង់ឲ្យជីវិតអ្នកកាន់តែប្រសើរឡើង។
ដូច្នេះចាប់ផ្ដើមរៀនចាត់ចែងលុយ ជាពិសេសចេះសន្សំហើយសន្សំជាមួយគោលដៅច្បាស់ដូចជា សន្សំទុកជាទុនរកស៊ី ឬវិនិយោគ សន្សំសម្រាប់ទុកជាលុយសម្រាប់វិនិយោគលើចំណេះជំនាញបង្កើតចំណូលនោះ អ្នកនឹងអាចកសាងទ្រព្យ សល់ទ្រព្យ សល់លុយច្រើនជាងមុន។
ដក១០% សម្រាប់វិនិយោគ
បើអ្នកចង់កសាងភាពមានបាន សល់ទ្រព្យ សល់លុយនិងរស់នៅមានសេរីភាពមិនរងសម្ពាធនៃលុយកាក់ អ្នកត្រូវចាត់ចែងប្រាក់ចំណូលដែលរកបានយកមកវិនិយោគដើម្បីបង្កើនទ្រព្យរបស់អ្នក។ ការវិនិយោគគឺសំដៅដល់ការយកលុយទៅបង្កើតលុយឬយកលុយទៅធ្វើឲ្យលុយកាន់តែកើតកូនកើតចៅជាបន្តបន្ទាប់។
ការវិនិយោគមានច្រើនប្រភេទដូចជា វិនិយោគលើចំណេះជំនាញដើម្បីឲ្យយើងអាចរកលុយកាន់តែច្រើនជាងមុន វិនិយោគលើអចលនទ្រព្យ វិនិយោគលើផ្សារហ៊ុន វិនិយោគលើមាស វិនិយោគលើអាជីវកម្មណាមួយ។ យ៉ាងណាមិញមុននឹងអ្នកចង់វិនិយោគលើអ្វីមួយ អ្នកត្រូវសិក្សាស្វែងយល់ដើម្បីមានជាចំណេះដឹងទាក់ទងនឹងអ្វីដែលអ្នកវិនិយោគទើបការវិនិយោគអ្នកអាចទទួលបានផ្លែផ្កា។
ដក១០% សម្រាប់ធ្វើទាន
ត្រូវចាំថាអ្នករស់នៅក្នុងសង្គមហើយក៏ទទួលប្រយោជន៍ពីាសង្គមតាមរយៈរកប្រាក់ចំណូលបាននៅក្នុងសង្គមដែលអ្នកកំពុងរស់នៅ។ ដូច្នេះបើអ្នកទទួលបានផលប្រយោជន៍ពីសង្គម អ្នកគួរគិតគូផ្ដល់ត្រលប់ទៅឲ្យសង្គមវិញខ្លះដែរ។ ដូច្នេះអ្នកអាចដក១០%នៃចំណូលដែលរកសម្រាប់ធ្វើទានទៅដល់សង្គមតាមរយៈជួយដល់ជនដែលខ្វះខាតនិងសកម្មភាពផ្សេងៗដែលជាទង្វើមនុស្សធម៌៕
គួរបញ្ជាក់ផងដែរថាក្បួនចាត់ចែងលុយកាក់70/30 ដែលបានរៀបរាប់ខាងលើគឺជាក្បួនមួយដែលអ្នកគួរគិតគូអនុវត្តព្រោះក្បួននេះនឹងជួយឲ្យជីវភាពអ្នកផ្លាស់ប្ដូរកាន់តែប្រសើរអាចសល់ទ្រព្យ សល់លុយហើយអ្នករស់នៅមានសេចក្ដីសុខតាមរយៈការធ្វើទាន៕