អបអរសាទរ! កូនខ្មែរ២រូប​ទៀតហើយ ដែលបានបញ្ចប់ការសិក្សាពីសាលាយោធា នាប្រទេសអូស្រ្តាលី
Ping Chou EngDECEMBER 21 2023265 views

កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ លោក សុណ្ណារ៉ា វិសាល និងលោក រ៉ាឌី ឧត្តម និស្សិតយោធាកម្ពុជាទាំង២រូបបានដើរព្យុះហយាត្រាបញ្ចប់ការសិក្សាវគ្គនាយទាហានសកម្មទ័ពជើងគោកនៅសាលាភូមិន្ទយោធាអូស្រា្តលី (Royal Military College – Duntroon) នារាជធានីកង់បេរ៉ា ប្រកបទៅដោយជោគជ័យ និងបំពាក់ឋាន្តនរសក្តិ៍ជានាយទាហានកងយោធពលខេមរភូមិន្ទ ក្រោយពីបានឆ្លងកាត់ការបណ្តុះបណ្តាលអស់រយៈពេល៤ឆ្នាំនៅប្រទេសអូស្រ្តាលី។

 

ក្នុងនោះសិក្ខាកាមម្នាក់ៗត្រូវសិក្សារយៈពេល៣ឆ្នាំនៅបណ្ឌិត្យសភាកងទ័ពការពារជាតិអូស្ត្រាលីនិងត្រូវបន្តការហ្វឹកហ្វឺនមួយឆ្នាំចុងក្រោយ នៅមហាវិទ្យាល័យភូមិន្ទយោធាអូស្រ្តាលី-ដាន់ឌ្រូន ដែលជាស្ថាប័នសម្រាប់ បណ្តុះបណ្តាល និងហ្វឹកហ្វឺនអនាគតនាយទាហាន នៃកងទ័ពការពារជាតិអូស្ត្រាលី ក៏ដូចជាសិក្ខាកាមយោធាមកពីបណ្តាប្រទេសជាមិត្ត។ នេះបើតាមការឱ្យដឹងពីគេហទំព័ររបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង

 

លោក សុណ្ណារ៉ា វិសាល និងលោក រ៉ាឌី ឧត្តម បានក្លាយជានាយទាហាន ក្នុងចំណោមនាយទាហាននៃកងយោធពលខេមរភូមិន្ទចំនួន១២រូប ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាកងទ័ពការពារជាតិអូស្ត្រាលី (Australian Defence Force Academy) និងមហាវិទ្យាល័យភូមិន្ទយោធាអូស្រ្តាលី-ដាន់ឌ្រូន។

 

ពិធីបញ្ចប់ការសិក្សារបស់ លោក សុណ្ណារ៉ា វិសាល និង លោក រ៉ាឌី ឧត្តម ត្រូវបានប្រារព្ធឡើង អមដោយព្យុះហយាត្រានៃកងឯកភាព សិក្ខាកាម យោធា ដ៏គគ្រឹកគគ្រេង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៃឯកឧត្តម អគ្គទេសាភិបាលប្រមុខរដ្ឋអូស្ត្រាលី រួមទាំងតំណាងនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពការពារជាតិអូស្ត្រាលី មេបញ្ជាការកងទ័ពជើងគោក និងតំណាងប្រទេសកម្ពុជាដែលមានវត្តមានជាពិសេសនៃគណប្រតិភូកងយោធពលខេមរភូមិន្ទដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី ផន ឬទ្ធីសក្តិ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជឺនបូរាណ ចន្ទ័បូរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់។

 

នៅពេលត្រឡប់មកប្រទេសកម្ពុជាវិញ នាយទាហានទាំង២រូបនេះនឹងចូលរួមបំពេញការងារជូនកងយោធពលខេមរភូមិន្ទ និងត្រូវបានទទួលចូលជាសមាជិកក្រុមសិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្ត្រាលី (RCAF ADFA and RMC-D Alumni) ឬហៅកាត់ថា RARA ដែលមានលោក សៀ ទីន ជាប្រធានក្រុមផងដែរ។

 

គួរជម្រាបផងដែរថានាពេលកន្លងមក ក្រុមសិក្ខាកាមកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្ត្រាលី បានចូលរួមបំពេញការងារជូនអង្គភាពជាច្រើន នៃកងយោធពលខេមរភូមិន្ទ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងត្រូវបានទទួលស្គាល់ជាប្រភពធនធានដ៏ល្អដើម្បីបន្តការដឹកនាំទៅថ្ងៃអនាគត ពីសំណាក់ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទផងដែរ៕

 

411766504 581938497439295 8182652126913172611 N

 

412035616 581938440772634 3171331868069316087 N

 

411984196 581938460772632 289873311507001601 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia