ចង់ទិញរបស់ថ្លៃៗបាន ត្រូវឈប់និយាយថា ខ្ញុំគ្មានលុយ តែត្រូវសួរសំណួរដាស់យក្ស១នេះមកខ្លួនឯង
ឡុង វឌ្ឍនៈJUNE 18 2023268 views

ការប្រាថ្នាចង់មានលុយច្រើនដើម្បីទិញឡានទំនើប ទិញផ្ទះផ្ទាល់ខ្លួន ទិញសម្ភារៈថ្លៃៗទំនើបៗ ឬអ្វីៗផ្សេងៗទៀតដែលខ្លួនចង់បាន។ ប៉ុន្តែបើសម្រាប់មនុស្សដែលមានធនធានគ្រប់គ្រាន់ក៏អាចមានលទ្ធភាពទិញវាបាន។

រី​ឯមនុស្សមួយចំនួនទៀតដែលនៅមានជីវភាពមិនទាន់ធូរធារវិញបែរជាចូលចិត្តនិយាយពាក្យអវិជ្ជមានមួយចំនួនមកកាន់ខ្លួនឯងដូចជា ខ្ញុំគ្មានលុយទេ, ខ្ញុំគ្មានលទ្ធភាពទិញវាទេ, ខ្ញុំក្រណាស់, ខ្ញុំគ្មានសង្ឃឹមទិញវាបានទេ...ដែលការនិយាយមពាក្យសម្ដីអវិជ្ជមានទាំងនេះដាក់ខ្លួនឯង វាក៏នឹងជះឥទ្ធិពលអវិជ្ជមានដល់ការគិត ការធ្វើសកម្មភាពរបស់អ្នក ហើយវាក៏នឹងធ្វើឱ្យអ្នករស់នៅក្នុងជីវភាពខ្វះខាត ក្លាយជាជនដាច់យៃបែបនេះជារៀងរហូតក៏ថាបាន បើសិនជាបុគ្គលម្នាក់នោះនៅតែបន្តនិយាយពាក្យអវិជ្ជមានផ្សេងៗប្រាប់ខ្លួនឯងកាន់តែច្រើនឡើងៗ។

បើតាមបទពិសោធន៍របស់លោក Robert T Kiyosaki ដែលជាអ្នកវិនិយោគអចលនទ្រព្យ ជាអ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញចំណងជើងថា “Rich Dad Poor Dad” ឬប្រែជាភាសាខ្មែរថា “ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ” បានលើកទឹកចិត្តឱ្យមនុស្សត្រូវឈប់និយាយពាក្យអវិជ្ជមានដូចខាងលើ ដាក់ខ្លួនឯងជាបន្ទាន់ នៅពេលដែលអ្នកចង់បានអ្វីមួយប៉ុន្តែអ្នកគ្មានលទ្ធភាព។

ជំនួសឱ្យការនិយាយដាក់ខ្លួនឯងថា “ខ្ញុំគ្មានលទ្ធភាព ​ឬគ្មានលុយទិញវាទេ”  អ្នកត្រូវប្ដូរជាសំណួរមកសួរខ្លួនឯងវិញថា តើខ្ញុំធ្វើបែបណាដើម្បីអាចមានលុយទិញវាបាន? មកទល់នឹងចំណុចនេះអ្នកប្រហែលជាមិនសូវជឿទេថា គ្រាន់តែប្ដូរពីការនិយាយប្រាប់ខ្លួនឯងថា “ខ្ញុំគ្មានលទ្ធភាព ឬគ្មានលុយទិញវាទេ”  មកជាសួរថា “តើខ្ញុំធ្វើបែបណាដើម្បីអាចមានលុយទិញវាបាន? វាអាចធ្វើឱ្យអ្នកទទួលបានអ្វីគ្រប់យ៉ាងដែលអ្នកចង់បានមិនថា ឡានផ្ទះសម្ភារៈថ្លៃៗនោះទេ។ តើហេតុអ្វីទៅ?

ព្រោះនៅពេលដែលអ្នកប្រាប់ខ្លួន​ឯងថា “ខ្ញុំគ្មានលទ្ធភាព ឬគ្មានលុយទិញវាទេ”  នោះបន្ទាប់ពីនោះខួរក្បាលរបស់អ្នកនឹងឈប់គិត ហើយអ្នកក៏គ្មានកម្លាំងចិត្ត ឬថាមពលក្នុងការធ្វើការងារឱ្យខ្លាំងជាងមុននោះដែរ ពោលគឺអ្នកនឹងបន្តធ្វើសកម្មភាពដដែលៗ និងទទួលបានលទ្ធផលដដែលៗ។ ​

ផ្ទុយទៅវិញពេលដែលអ្នកសួរសំណួរមកខ្លួនឯងថា “តើខ្ញុំធ្វើបែបណាដើម្បីអាចមានលុយទិញវាបាន? នោះវានឹងធ្វើឱ្យខួរក្បាលរបស់អ្នកចាប់ផ្ដើមដំណើរការកាន់តែខ្លាំងជាងមុន ដើម្បីរកមធ្យោបាយផ្សេងៗ ដែលអាចធ្វើឱ្យអ្នកអាចមានលទ្ធភាពទិញវា។ ពេលដែលអ្នកគិតពីរបៀបដែលអ្នកអាចទិញវាបាននោះ ខួរក្បាលអ្នកក៏នឹងមានថាមពល មានកម្លាំងចិត្តក្នុងការខិតខំប្រឹងប្រែងខ្លាំងជាងមុន ដើម្បីអាចទិញរាល់អ្វីៗដែលអ្នកចង់បានមិនថាជាឡាន ផ្ទះ សម្ភារៈថ្លៃៗ ឬអ្វីផ្សេងៗទៀតដែលអ្នកចង់បាននោះទេ។

ជាឧទាហរណ៍៖ ប្រសិនបើអ្នកចង់បានទូរស័ព្ទដៃ iPhone មួយគ្រឿងតម្លៃ ១០០០ដុល្លារ ហើយអ្នកនិយាយប្រាប់ខ្លួនឯថា ខ្ញុំគ្មានលុយ ឬគ្មានលទ្ធភាពដើម្បីទិញវាទេ នោះអ្នកនឹងឈប់គិត ហើយមានអារម្មណ៍ថាអស់សង្ឃឹមមិនសូវសប្បាយចិត្តជាមួយនឹងខ្លួនឯងទេ។ ប៉ុន្តែបើអ្នកសួរខ្លួនឯងថា “តើខ្ញុំធ្វើបែបណាដើម្បីអាចមានលុយទិញវាបាន? នោះខួរក្បាលរបស់អ្នកនឹងរកឃើញវិធីសាស្ត្រជាច្រើន ដែលអាចឱ្យអ្នកទិញវាបានដូចជា ត្រូវខំធ្វើការឱ្យបានប្រាក់ខែកាន់តែច្រើន, ត្រូវខំលក់ផលិតផលឱ្យដាច់កាន់តែច្រើន, ត្រូវទៅជួយលក់អចលនទ្រព្យឱ្យគេ, ឬកាត់បន្ថយការចំណាយខ្ជះខ្ជាយប្រចាំខែឱ្យតិចបំផុតជាដើម ហើយលទ្ធផលចុងក្រោយអ្នកក៏អាចទិញវាបានមែន។

បញ្ជាក់៖ ចំណុចទាំងអស់ខាងលើនេះគឺមិនបានលើកទឹកចិត្តមិត្តអ្នកអានឱ្យចំណាយប្រាក់របស់ខ្លួនខ្ជះខ្ជាយទៅលើសម្ភារៈនិយមផ្សេងៗ ឬចំណាយប្រាក់កាសធនធានផ្ទាល់ខ្លួនមិនត្រូវខ្ទង់នោះទេ ពោលគឺគ្រាន់តែជាការចែករំលែកពីគន្លឹះដ៏សាមញ្ញមួយ ដែលអាចជួយឱ្យមិត្តអ្នកអានអាចទទួលបានអ្វីដែលខ្លួនចង់បាន ដោយគ្រាន់តែសាកល្បងសួរសំណួរមកខ្លួនឯងថា “តើខ្ញុំធ្វើបែបណាដើម្បីអាចមានលុយទិញវាបាន? ហើយមិត្តអ្នកអានក៏អាចសាកល្បងយកវាទៅអនុវត្តបានផងដែរ៕

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia