មហាសេដ្ឋីម៉ាឡេស៊ីវ័យ១០១ឆ្នាំ លោក Robert Kouk ដែលគេស្គាល់ថាជា បិតាផលិតស្ករ "Sugar King" នៅអាស៊ី និងជាម្ចាស់សណ្ឋារគារប្រណីតៗ ជាច្រើននៅជុំវិញពិភពលោករួមទាំងអគារ The Peak Shangri-La នៅកម្ពុជាផងនោះ ការពិតក៏ធ្លាប់ខ្ចីលុយគេ ចាប់ផ្តើមរបរតូចតាច ឆ្លងកាត់ការខាតស្ទើរអស់ពីខ្លួន តស៊ូរកស៊ីរហូតមានលុយវាល់លានដុល្លារ សល់មរតកតកូន តចៅរាប់ជំនាន់ ព្រោះគោលជំហរជីវិតចំនួន៣។
ដំណើរអាជីវកម្មផ្តើមឡើងនៅពេលដែល លោកបានចាប់ផ្តើមអាជីពការងារជាស្មៀន នៅក្នុងក្រុមហ៊ុនលក់អង្ករមួយ។ នៅឆ្នាំ១៩៤៩ កម្លោះ Kuok ក៏បានចាប់ផ្តើមអាជីវកម្មគ្រួសារតូចមួយដោយខ្លួនឯង ជួញដូរអង្ករ ស្ករ និងម្សៅស្រូវសាលី រួមដៃគ្នាដោយមានបងប្អូន៣នាក់ ក្នុងគ្រួសារដែលកំព្រាឪពុកក្រោយសង្រ្គាមលោកលើកទី២បានបញ្ចប់។
អាជីវកម្មខ្នាតតូចនេះអាចកើតឡើងទៅបានដោយសារ Kouk បានសុំខ្ចីលុយចំនួន៣ពាន់ដុល្លារពីរាជបុត្រ Johor កូនប្រុសស្តេចម៉ាឡេស៊ី នៅឆ្នាំ១៩៤៩ ត្បិតឪពុកម្តាយរបស់ Kouk មានទំនាក់ទំនងការងារជាមួយសែរាជវង្សជិតស្និទ្ធកាលពីយូរណាស់មកហើយ។
ក្រោយមកអាជីវកម្មរបស់លោកបានបន្តការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ឆ្នាំ១៩៥៩ គាត់អាចបើកដំណើរការផលិតកម្មស្ករ Malayan ដោយក្រុមហ៊ុននេះបានគ្រប់គ្រង ៦០ភាគរយនៃការផ្គត់ផ្គង់ស្ករក្នុងប្រទេសម៉ាឡេស៊ី និង ១០ភាគរយទៅទីផ្សារពិភពលោក ធ្វើឱ្យលោកទទួលបានងារជា “Sugar King of Asia”។
នៅក្នុងឆ្នាំ១៩៦៣ គាត់បានបម្រុងទំនិញស្ករចំនួន១០ទៅ២០ម៉ឺនតោន ដើម្បីរៀបចំសម្រាប់ទីផ្សារនាពេលអនាគត ដោយគិតថា ទីផ្សារស្ករនឹងរីកចម្រើន លោកនឹងរកលុយបានច្រើន។ ប៉ុន្តែនៅក្នុងខែកក្កដា ឆ្នាំដដែលទីផ្សារបានធ្លាក់ចុះយ៉ាងខ្លាំង វិះនឹងធ្វើឱ្យលោកធ្លាក់ខ្លួនក្រមួយរំពេច។
យ៉ាងណាមិញនៅចុងខែសីហា ព្យុះទីហ្វុងដ៏ធំមួយបានបោកបក់ទៅលើប្រទេសគុយបា បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ចម្ការអំពៅ និងទិន្នផលស្ករសនៅទីនោះ ធ្វើឱ្យតម្លៃស្ករបានស្ទុះងើបឡើងវិញនិងបានជួយសង្គ្រោះអាជីវកម្មរបស់ Kuouk មិនឱ្យក្ស័យធន។
តាមរយៈបទពិសោធន៏ដ៏ចាស់វស្សារបស់ មហាសេដ្ឋីនៅអាស៊ីមួយរូបដែរនេះ លោកបានបញ្ជាក់ថាក្នុងជីវិតរស់នៅត្រូវកាន់គោលជំហររឹងមាំចំនួន៣ នេះឱ្យជាប់ ទើបអាចជោគជ័យយូរអង្វែង ទោះជួបព្យុះភ្លៀងក៏មិនងាយបោះបង់ក្តីស្រមៃ៖
១. រស់នៅសាមញ្ញ ប្រឹងធ្វើការ និងចែករំលែក ៖ គាត់បានបញ្ជាក់ថាចូរកុំច្រឡំ ការពេញចិត្តខាងសម្ភារៈ ជាមួយនឹងសុភមង្គលពេញមួយជីវិតឡើយ ចូរខិតខំធ្វើការនិងជឿជាក់លើការខំប្រឹង រស់នៅឱ្យសាមញ្ញពេលរកទ្រព្យបានច្រើន កុំភ្លេចចែករំលែកទៅកាន់សង្គមវិញកុំខាន។
២. កុំភ័យខ្លាចចំពោះហានិភ័យ ចូរក្លាហានក្នុងការបង្កើតកំហុស ប៉ុន្តែត្រូវគ្រប់គ្រងចិត្តលោភលន់ឱ្យបាន ភាពលោភលន់ ជាសត្រូវបំផ្លាញការរស់នៅរបស់មនុស្សលើផែនដី។
៣.ដាក់ខ្លួនឱ្យទាបអ្នកដទៃនឹងបង្រៀនអ្នក៖ Robert Kouk គាត់មិនជឿថាមនុស្សម្នាក់អាចទទួលបានជោគជ័យដោយគ្រាន់តែការអានសៀវភៅនោះទេ ប៉ុន្តែតាមរយៈការសង្កេតអ្នកដទៃ និងរៀនពីកំហុសរបស់ខ្លួនឯង ដាក់ខ្លួនរាបទាប ក្លាហាន ឧស្សាហ៍ព្យាយាម ឆ្លាតវៃ ស្មោះត្រង់ ទើបជាភាពជោគជ័យពិតប្រាកដ។
រហូតមកទល់បច្ចុប្បន្នមហាសេដ្ឋីចាស់វស្សារូបនេះមានវ័យ១០៣ឆ្នាំហើយ លោកបានបន្សល់ទុកនូវអាណាចក្រអាជីវកម្មដ៏ធំតកូនតចៅរកស៊ីលើ ផលិតផលកសិកម្ម មានចាប់តាំងពីចម្ការអំពៅ រោងចក្រចម្រាញ់ស្ករ កិនម្សៅ ចំណីសត្វ ប្រេង រ៉ែ សេវាកម្មហិរញ្ញវត្ថុ សណ្ឋាគារ អចលនទ្រព្យ និងការដឹកជញ្ជូន ដោយត្រកូល Robert Kouk សល់ទ្រព្យសម្បត្តិសុទ្ធចំនួន ១៧.៤ ពាន់លានដុល្លារ៕
អត្ថបទដោយ៖ ពីង ជូអេង