ខណៈយុវជនព្យាយាមហក់លោតលេងផ្លូវកាត់ ចិញ្ចាំគោលដៅលឿនឆាប់ បង្កើតផ្លូវដើរត្រង់ធ្លូឆ្ពោះទៅអាជីពចុងក្រោយរបស់ខ្លួន នាយកប្រតិបត្តិ Uber លោក Dara Khosrowshahi មានប្រសាសន៍ថា ការធ្វើផែនការហួសហេតុពុំមែនគ្រាន់តែគ្មានប្រសិទ្ធភាពនោះទេ វាធ្វើឲ្យអ្នកបាត់បង់ឱកាសនិងឆាប់ចាញ់បោកគេ។
លោក Khosrowshahi បានប្រាប់នាយកប្រតិបត្តិ LinkedIn លោក Ryan Roslansky ក្នុងបទសម្ភាសន៍ថ្មីមួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍យ៉ាងដូច្នេះថា៖ «កុំរៀបចំផែនការអាជីពរបស់អ្នកច្រើនពេកអី ខ្ញុំឃើញមនុស្សវ័យក្មេងធ្វើកំហុសនេះគ្រប់ពេលវេលា។ ពួកគេនឹងនិយាយថា 'ខ្ញុំចង់ក្លាយជា YY នៅពេលនេះ' ឬ 'ខ្ញុំចង់រកលុយឲ្យបាន XXXXXXX'»។
មេធំ Uber រូបនេះបានបន្ថែមថា៖ «ការមានគំនិតថាអ្នកចង់ទៅណា វាមិនខុសទាស់អ្វីទេ។ ប៉ុន្តែអ្នកត្រូវបើកចំហសម្រាប់ឱកាសផ្សេងៗផងដែរ អ្នកត្រូវចេះទាញប្រយោជន៍ពីវា។ ខ្ញុំមិនដែលប្រញាប់ប្រញាល់ក្នុងអាជីពរបស់ខ្ញុំទេ ព្រោះឱកាសទាំងនោះអាចជួយខ្ញុំក្នុងការបណ្តុះនូវអាជីពដ៏រីករាយ និងជោគជ័យបន្ថែមទៀត»។
ជាក់ស្តែងលោក Khosrowshahi បានបម្រើការជានាយកប្រតិបត្តិរបស់ Expedia អស់រយៈពេល ១២ឆ្នាំ មុនពេលចូលកាន់តំណែងនៅ Uber ក្នុងឆ្នាំ២០១៧។ មុនពេលចូលរួមជាមួយ Expedia លោក Khosrowshahi បានធ្វើការជា CFO នៃ IAC (InerActiveCorp) ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក។
ក្នុងអំឡុងពេលកាន់តំណែងដ៏យូររបស់គាត់នៅ Expedia លោក Khosrowshahi បាននិយាយថាគាត់បានរៀនជំនាញភាពជាអ្នកដឹកនាំដ៏មានតម្លៃ រួមទាំងភាពបត់បែនយ៉ាងសំខាន់ ការទំនាក់ទំនង និងជាអ្នកស្តាប់ដែលមានប្រសិទ្ធភាពជាងមុន ដែលបានជួយគាត់ក្នុងការផ្លាស់ប្តូរខ្លួនយ៉ាងខ្លាំងរហូតអាចឈរលើកំពូលក្រុមហ៊ុន Uber។
នាយកប្រតិបត្តិវ័យ ៥៣ឆ្នាំរូបនេះ បានលើកឡើងថា៖ «អ្នកមើលទៅ Steve Jobs, Jeff Bezos, Jamie Dimon, Jack Welch ... ភាពអស្ចារ្យត្រូវការពេលវេលា»។ ចូរកុំរត់ហេកហកទាំងទទឹងទិស បោះជំហានមួយៗតែច្បាស់លាស់ ធ្វើខ្លួនជាមេដែកស្រូបឱកាសតាមដងផ្លូវឆ្ពោះទៅសម្រេចគោលដៅរបស់អ្នក នោះវេទមន្តនឹងកើតឡើង៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook