ភាគច្រើនអ្នកជោគជ័យក្នុងវិស័យអចលនទ្រព្យគឺ ចាប់ផ្ដើមអាជីពកម្មនេះដោយខ្លួនឯង ។ ពួកគេជាមនុស្សក្នុងចំណោមមនុស្សជាច្រើនដែល មានបំណងចង់ចាកចេញពីការងារ ដែលជាកន្លែងផ្ដល់សម្ពាធ ឬការងារដែលមានប្រាក់ខែតិចតួច ហើយក៏ផ្ដើមស្វែងរកមធ្យោបាយល្អមួយដែលជួយឱ្យពួកគេមានលទ្ធភាពរកប្រាក់ចំណូលជាប្រចាំ។
យោងតាមការដកស្រង់ចេញពីគេទំព័រ RICH DAD បានឱ្យដឹងថាជាលោក Robert Kiyosaki ជាអ្នកនិពន្ធដ៏ល្បីល្បាញផ្នែកហិរញ្ញវត្ថុ និងជាធុរជនអចលនទ្រព្យ ហើយក៏ជាម្ចាស់សៀវភៅ RICH DAD POOR DAD បានផ្តល់គន្លឹះ៥ចំណុច ដែលនឹងអាចជួយតម្រង់ទិសរបស់លោកអ្នកទៅរកការគិតបែបអ្នកវិនិយោគអចលនទ្រព្យឆ្នើមហើយឆ្ពស់ទៅរកភាពមានបាន៖
១. ស្វែងយល់ពីអ្វីដែលខ្លួនចង់ឱ្យសម្រេចបានជោគជ័យ
ដើម្បីសម្រេចអ្វីមួយឱ្យបានជោគជ័យដំបូងបំផុតគឺដឹងពីអ្វីដែលយើងចង់បាន។ ហើយបន្ទាប់មកចាប់ផ្ដើមរិះរកមធ្យោបាយដើម្បីឈានទៅដល់ចំណុចដែលរំពឹងទុកនោះ។ អ្នកអាចចាប់ផ្ដើមតាមរយៈការសួរខ្លួនថា ខ្លួនចង់បានអ្វី? ចង់មានស៊េរីភាពផ្នែកហិរញ្ញវត្ថុ ឬក៏ចង់ក្លាយខ្លួនជាអ្នកមាន? បន្ថែមពីលើនេះដែរ វិនិយោគិនពូកែតែងតែមានទម្លាប់រៀបចំគម្រោង និងបញ្ចីចំណូលរបស់ពួកគេ ដើម្បីដឹងពីដឹងពីលំហូរសាច់ប្រាក់ និងវិធីដើម្បីរកប្រាក់ចំណូលបន្ថែមទៀត។
២. គោលបំណងរបស់អ្នកគឺដើម្បីរកបានប្រាក់ចំណូលជាប្រចាំ
ការទិញអចលនទ្រព្យហើយលក់ចេញទៅវិញដើម្បីប្រាក់ចំណេញ គឺជាវិធីបង្កើតចំណូលដ៏ល្អមួយ ប៉ុន្ដែការរំពឹងលើប្រាក់ចំណេញតែមួយមុខ មិនមែនជាវិធីសាស្រ្តរបស់វិនិយោគិនអចលនទ្រព្យជោគជ័យនោះទេ។ ផ្ទុយទៅវិញ លោកអ្នកគួរផ្ដោតលើការបង្កើតប្រាក់ចំណូលប្រចាំខែ តាមរយៈការដាក់ជួលអចលនទ្រព្យ។ វិធីនេះអាចជួយរកចំណូលបានពេញមួយឆ្នាំ និងបន្តរកចំណូលឲ្យអ្នកដរាបណានៅពេលមានអ្នកជួល។ ខុសគ្នាពីការទន្ទឹងរង់ចាំប្រាក់ចំណេញ ដោយសារថាតម្លែអចលនទ្រព្យឡើង ឬចុះ មិនធានាបាននូវភាពទៀងទាត់នោះទេ។
៣. គិតវិជ្ជមាន ប៉ុន្ដែក៏ត្រូវមានភាពប្រាកដនិយមដែរ
រាល់ការវិនយោគលើអ្វីមួយរមែងតែងមានខាត និងចំណេញ ទោះបីមិនមែនជារឿងដែលអ្នកវិនិយោគប្រាថ្នាចង់ឆ្លងកាត់ក៏ដោយ។ យ៉ាងណាមិញ រាល់មុនពេលធ្វើការវិនិយោគ អ្នកគួរតែធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ ដើម្បីកាត់បន្ថយហានិភ័យ។ មានរឿងមួយចំនួនដែលអ្នកគួរពិនិត្យមើលឲ្យបានល្អិតល្អិនមុនពេលសម្រេចចិត្តវិនិយោគលើកន្លែងណាមួយដូចជា ការពិនិត្យមើលតម្លៃលើទីផ្សារនៃទីតាំង និងសណ្ឋានដីនៃអចលនទ្រព្យនោះ។ ប្រសិនបើអ្នកមានគម្រោងទិញផ្ទះ ឬអាគារ គួរពិនិត្យពីសភាពនៃអគារ កន្លែងចតយានយន្ដ និងឯសារពាក់ព័ន្ធផ្សេង។
៤. រៀនពីវិធីទាក់ទាញអ្នកស្នាក់នៅ
មនុស្សគ្រប់គ្នារមែងតែងចង់បាននូវរបស់ល្អ ដែលអាចជួយផ្ដល់ភាពងាយស្រួលដល់ការរស់នៅប្រចាំថ្ងៃ។ ហើយការដាក់ជួលអចលនទ្រព្យក៏ដូច្នោះដែរ។ អ្នកគួរដឹងពីរបៀបស្វែងរក និងទាក់ទាញអតិថិជន ដូចជាការបង្កើតឲ្យមានភាពងាយស្រួលក្នុងការចេញចូលសម្រាប់អ្នកដែលស្នាក់នៅ ដូចជាការចេញចូល ២៤ម៉ោង ជាដើម។ មិនតែប៉ុណ្ណោះ ការរៀបចំកន្លែងសម្រាប់ដាក់ជួល មានសារសំខាន់ដូចគ្នាដែរដូចជាការតុបតែងមានសោភ័ណ្ឌភាព បន្ទប់ទឹកស្អាត និងការលាបពណ៍ជាដើម។
៥. បង្កើតឱកាសឱ្យបានកាន់តែច្រើន
ដើម្បីទទួលជោគជ័យក្នុងការវិនិយោគលើអចនទ្រព្យ និងបង្កើនប្រាក់ចំណូលបន្ថែម រឿងសំខានបំផុតគឺ ត្រូវចេះស្វែងករកអចនលទ្រព្យឱ្យបានកាន់តែច្រើន។ កាលណាអ្នកមានចំនួនអចលនទ្រព្យកាន់តែច្រើន នោះឱកាសក្នុងការលក់ចេញក៏មានកាន់តែច្រើនដូចគ្នា៕
អត្ថបទដោយ៖ ឌឿក ស្រី នុត