កំណាត់ផ្លូវជាតិលេខ១ ដែលតភ្ជាប់ពីចំណុចស្ពានព្រះមុនីវង្សរហូតដល់ស្ពានត្សឹបាសា (ស្ពានអ្នកលឿង) នឹងត្រូវធ្វើការកែលម្អឡើងវិញ ក្រោយមានការឯកភាពគ្នារវាងភាគីកម្ពុជានិងជប៉ុន។ ក្រៅពីគម្រោងកែលម្អនេះភាគីទាំងពីរក៏មានសិក្សារសាងសង់ស្ពានថ្មីមួយទៀត ដែលតភ្ជាប់ពីផ្លូវជាតិលេខទៅតំបន់អរិយក្សត្រផងដែរ។
កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួង ចូលរួមកិច្ចប្រជុំលើប្រធានបទស្តីពី គម្រោងអាទិភាព ក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូងរបស់កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឈួន សំរឹទ្ធិ អគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។
បន្ទាប់ពីស្តាប់បទបង្ហាញពិស្តារស្តីពីអត្ថប្រយោជន៍ និងសារៈសំខាន់ក្នុងការអភិវឌ្ឍន៍របៀងសេដ្ឋកិច្ចភាគខាងត្បូងរបស់កម្ពុជា និងដោយឆ្លងកាត់ការពិភាក្សាយ៉ាងល្អិតល្អន់ ក្រោមការបកស្រាយពីទីប្រឹក្សាបច្ចេកទេសរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) អង្គប្រជុំទាំងមូលបានឯកភាព-សម្រេចឱ្យមានការសិក្សាសមិទ្ធិលទ្ធភាពដំបូង លើការកែលម្អកំណាត់ផ្លូវជាតិលេខ១ ចាប់ពីស្ពានព្រះមុនីវង្ស ទៅដល់ស្ពានត្សឹបាសា (ស្ពានអ្នកលឿង) និងការសាងសង់ស្ពានភ្ជាប់ពីតំបន់ផ្លូវជាតិលេខ ១ ឆ្លងកាត់ទន្លេមេគង្គឆ្ពោះទៅតំបន់អរិយក្សត្រ។
សូមជម្រាបថា នៅឆ្នាំ២០២៥ ខាងមុខនេះរាជរដ្ឋាភិបាលក៏នឹងបើកការដ្ឋានសាងសង់ស្ពានមិត្ដភាពកម្ពុជា-កូរ៉េ ថ្មីមួយទៀតផងដែរ ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅតំបន់អរិយក្សត្រ។ ដោយគម្រោងស្ពាននេះគឺជាប្រភេទស្ពានខ្សែកាប(Two cable stayed bridges)មានប្រវែងសរុប២.៣៧៥ម៉ែត្រ និងទទឹង ២៧,៥ម៉េត្រ ក្នុងនោះផ្លូវក្បាលស្ពានមានប្រវែងសរុប(Approach road) ១.១៧៤ម៉ែត្រ និងទទឹងផ្លូវ ២២,៥ម៉ែត្រ៕