គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះគម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ដែលមានប្រវែងជិត១៥០គីឡូម៉ែត្រសម្រចបានប្រមាណ១០,៧៨ភាគរយហើយ។ នេះបើតាមបញ្ជាក់របស់ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ផ្លូវជាតិលេខ៤៨កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។
ការចុះត្រួតពិនិត្យនេះក្នុងគោលបំណងមើលការងារបច្ចេកទេសនៃទីតាំងការដ្ឋានសំខាន់ៗមួយចំនួន រួមទាំងទីតាំងការដ្ឋានកែសម្រួលតម្រាយផ្លូវចំណោតតាតៃ ឱ្យស្របតាមស្តង់ដារបច្ចេកទេស ដើម្បីធានាឱ្យរថយន្តដឹកជញ្ជូនទំនិញ ក៏ដូចជាការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋធានាបាននូវសុវត្ថិភាពក្នុងការបើកបរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសធានាបានអនុលោមភាពតាមស្តង់ដារបច្ចេកទេសនៃការសាងសង់ផ្លូវបានរឹងមាំ ដែលអាចទទួលយកបានរវាងភាគីពាក់ព័ន្ធទាំងអស់។
គម្រោងផ្លូវជាតិលេខ៤៨ នេះតភ្ជាប់ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣ ខែកមរា ឆ្នាំ២០២២មកម៉្លេះ ខណៈគម្រោងនេះប្រើប្រាស់រយៈពីសាងសង់ចំនួន៣២ខែ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ ។
គួរបញ្ជាក់ផងដែរថាគម្រោងផ្លូវជាតិលេខ៤៨ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេស ដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture គ្រោងចំណាយ ថវិកាសរុបប្រមាណ ៦៥,១៤លានដុល្លារ ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដោយមិនរាប់បញ្ចូលថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនោះទេ៕
អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ