អាយុខ្ទង់ម្ភៃឆ្នាំ គឺជាវ័យមាសពេជ្រ និងសំខាន់បំផុតក្នុងជីវិតរបស់មនុស្សម្នាក់ៗ ត្បិតរុងរឿងឬរុះរោយ អាស្រ័យលើការប្រើប្រាស់ពេលវេលានៃដំណាក់កាលនេះឯង។ ដោយមើលឃើញពីបញ្ហាដ៏រសើបនេះ លោក Ramit Sethi បានប្រាប់ចំៗ បើចង់ធូរធារសល់ផ្ទះសល់ដីក្នុងវ័យខ្ទង់៣០ឆ្នាំ ត្រូវប្រញាប់ធ្វើរឿងធំៗ២ ខាងក្រោម៖
១/. វិនិយោគឲ្យលឿនបំផុត
ចាប់ផ្តើមវិនិយោគកាន់តែឆាប់កាន់តែប្រសើរ ទោះជាមួយកញ្ចប់លុយតិចតួចក៏ដោយ។ ការប្រាក់និងផលចំណេញពីលើប្រាក់ដើមអនុញ្ញាតឲ្យលុយដែលអ្នកវិនិយោគកើនឡើងតាមពេលវេលា ហើយការប្រាក់រួមបញ្ចូលគ្នា វានឹងធ្វើឲ្យលុយរបស់អ្នកកើនឡើងទ្វេគុណ។ ក្នុងនោះការវិនិយោគដោយស្វ័យប្រវត្តិ តាមរយៈពេលបើកប្រាក់ខែនៅកន្លែងការងាររួចត្រូវផ្ទេរប្រាក់ដោយស្វ័យប្រវត្តិទៅកាន់គណនីវិនិយោគ អាចជួយអ្នកបណ្តុះទម្លាប់ល្អក្នុងនាមជាអ្នកវិនិយោគជើងថ្មីម្នាក់។
លោក Ramit Sethi បានលើកឡើងយ៉ាងដូច្នេះថា៖ «ប្រសិនបើអ្នកមានអាយុ២០ឆ្នាំ អ្នកមានឱកាសដ៏អស្ចារ្យ ទោះបីជាប្រាក់ចំណូលមិនខ្ពស់ក៏ដោយ ដើម្បីបង្កើតទម្លាប់របស់អ្នកឱ្យត្រឹមត្រូវ។ នៅពេលប្រាក់ចំណូលអ្នកកើនឡើងក្នុងវ័យពី ៣០ទៅ៤០ឆ្នាំ អ្នកគ្រាន់តែបង្វិលលុយនោះទៅក្នុងប្រតិបត្តិការដដែល ខុសគ្នាត្រង់ចំនួនលុយប៉ុណ្ណោះ»។
២/. រីករាយតាមដំណាក់កាលនៃជីវិត
មហាសេដ្ឋីបង្កើតឡើងដោយខ្លួនឯង Ramit Sethi បានថ្លែងថា៖ «កុំព្យាយាមក្លាយជាមនុស្សវ័យ៤០ឆ្នាំ មុនពេលអ្នកអាយុ៤០ឆ្នាំ។ វ័យ២០ឆ្នាំរបស់អ្នកគឺជា ការស្គាល់ខ្លួនឯង ចេញទៅក្រៅជាមួយមិត្តភក្តិ ធ្វើដំណើរកម្សាន្តក្នុងតម្លៃថោកៗ។ ចាំទុកណា៎! មានរឿងមួយចំនួនអ្នកអាចធ្វើបានក្នុងវ័យខ្ទង់២០ឆ្នាំប៉ុណ្ណោះ ថ្ងៃក្រោយអ្នកនឹងមិនអាចធ្វើវាបានទៀតទេ ហើយខ្ញុំលើកទឹកចិត្តអ្នកឱ្យទទួលយកវា»។
យ៉ាងណាមិញ វាជារឿងសំខាន់ក្នុងការចាត់វិធានការដើម្បីកសាងសន្តិសុខហិរញ្ញវត្ថុក្នុងវ័យ២០ឆ្នាំរបស់អ្នក ប៉ុន្តែវាមានសារៈសំខាន់ដូចគ្នាក្នុងការទាញយកអត្ថប្រយោជន៍ពីថាមពល ពេលវេលា និងឱកាសដែលអ្នកមានក្នុងអំឡុងពេលនេះ។ លោក Ramit Sethi និយាយថា៖ «ការសោកស្ដាយមួយដែលខ្ញុំក្រឡេកទៅក្រោយគឺថាខ្ញុំមិនបានប្រើជីវិតឲ្យសប្បាយអស់ពីចិត្ត»។
ជារួមមកវិញ ក្នុងចន្លោះវ័យខ្ទង់២០ឆ្នាំ គឺជាពេលវេលាដែលត្រូវវិនិយោគឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន រក (រកលុយ) រៀន (ពង្រីកចំណេះដឹង ពង្រឹងជំនាញ) បណ្តុះ (ប្រើលុយឲ្យត្រូវ ដឹងកញ្ចប់លុយណាជាគ្រាប់ពូជ កញ្ចប់លុយណាជាគ្រាប់បាយ) បណ្តាក់ (វិនិយោគវិលជុំ) និងត្រូវចេះរីករាយតាមដំណាក់កាលនៃជីវិត កុំបង្ខំ កុំប្រញាប់ប្រញាល់ កុំឆ្លេឆ្លានាំឲ្យខូចការធំ រស់នៅតាមវ័យតាមអាយុ សន្សំបទពិសោធន៍កសាងគ្រឹះជីវភាពធូរធារ និងសុភមង្គលនាថ្ងៃអនាគត៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦