មិនថានៅកម្ពុជា ឬបណ្តាប្រទេសផ្សេងៗ រមែនតែងមានសាច់ញាតិ ឬប្តីប្រពន្ធ បម្រើការងារក្នុងក្រុមហ៊ុនតែមួយ ខណៈខាងក្រោមនេះ គឺជាបញ្ហាធំៗ៣ ដែលអាចប៉ះពាល់ដល់ដំណើរការរបស់ស្ថាប័នទាំងមូល យោងតាមការបកស្រាយរបស់អ្នកជំនាញ៖
១/. បញ្ហាលំអៀង និងភាពអយុត្តិធម៌៖ អ្នកជំនាញផ្នែកធនធានមនុស្ស និងអ្នកចិត្តសាស្រ្តនៃអង្គភាពតែងលើកឡើងពីហានិភ័យនៃភាពលំអៀងដោយមិនដឹងខ្លួន នៅពេលដែលប្តីប្រពន្ធ ឬសាច់ញាតិធ្វើការជាមួយគ្នា។ លោកបណ្ឌិត Amy Cooper Hakim អ្នកជំនាញនៅកន្លែងធ្វើការ បានលើកឡើងថា៖ «សមាជិតគ្រួសារអាចមានភាពលំអៀង ទោះពេលខ្លះដោយអចេតនាក្តី ដែលសកម្មភាពនេះបានបំផ្លាញទំនុកចិត្តក្នុងចំណោមបុគ្គលិកទាំងអស់»។
២/. ទំនាស់ផលប្រយោជន៍ និងហានិភ័យផ្នែកច្បាប់៖ អ្នកឯកទេសធនធានមនុស្សលោក Sharlyn Lauby បានសង្កត់ធ្ងន់ថា ជម្លោះផលប្រយោជន៍នឹងកើតឡើងទៅលើការសម្រេចចិត្តអំពីប្រាក់ខែ ការដំឡើងឋានៈ ឬសកម្មភាពវិន័យ ពាក់ព័ន្ធនឹងសមាជិកគ្រួសារជិតស្និទ្ធ។ ហេតុនេះហើយទើបក្រុមហ៊ុនជាច្រើនបានអនុម័តគោលនយោបាយប្រឆាំងបក្ខពួកនិយម និងធានាការអនុលោមតាមច្បាប់ការងារស្មើគ្នា។
៣/. បញ្ហាតុល្យភាពការងារ-ជីវិត៖ អ្នកជំនាញដូចជាលោក Deborah Tannen សាស្ត្រាចារ្យផ្នែកសង្គមវិទ្យា បានពន្យល់ថា ការបញ្ចូលគ្នារវាងការងារ និងជីវិតផ្ទាល់ខ្លួនអាចនាំទៅរកភាពនឿយហត់យ៉ាងខ្លាំង ឬឈានដល់វិបត្តិបញ្ហារ៉ាំរ៉ៃ។ ប្តីប្រពន្ធ ឬសាច់ញាត្តិដែលធ្វើការនៅក្នុងក្រុមហ៊ុនតែមួយអាចពិបាករក្សាព្រំដែនការងារ ដែលធ្វើឲ្យប៉ះពាល់ទាំងទំនាក់ទំនង និងតុល្យភាពជីវិត។
យ៉ាងណាមិញ ដោយមើលឃើញពីបញ្ហាទាំងនេះ មានក្រុមហ៊ុនមួយចំនួនបានបង្កើតច្បាប់ និងបទប្បញ្ញត្តិ យ៉ាងតឹងរឹងប្រឆាំងបក្ខពួកនិយម ដើម្បីរក្សាបាននូវភាពយុត្តិធម៌ តម្លាភាព និងបរិយាកាសប្រកបដោយវិជ្ជាជីវៈនៅកន្លែងធ្វើការ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/hangchhengH24