ម៉ូតស្រដៀងៗគ្នា តើមួយណាជាផ្ទះល្វែង មួយណាជាផ្ទះអាជីវកម្ម ខណៈអ្នកជំនាញប្រាប់បែបនេះ
Bunthoeun KoemMAY 7 2023147 views

នៅក្នុងទីផ្សារលំនៅឋាននៅកម្ពុជា ផ្ទះល្វែង និងផ្ទះអាជីវកម្មមានលក្ខណៈស្រដៀងគ្នាច្រើន។ ជាប្រភេទលំនៅឋានដែលមានប្រជាប្រិយភាពបំផុតសម្រាប់ប្រជាជនខ្មែរ។ មនុស្សភាគច្រើនគិតថាប្រភេទផ្ទះទាំងពីរគឺដូចគ្នា ដោយមួយគ្រាន់តែជាផ្ទះសម្រាប់លក់ដូរ និងប្រកបរបរអាជីវកម្ម និងមួយទៀតសម្រាប់រស់នៅធម្មតា។​​

ដើម្បីបែងចែកឱ្យដាច់រវាងផ្ទះល្វែងនិងផ្ទះអាជីវកម្ម ក្នុងនោះដែរអ្នកជំនាញអចលនទ្រព្យលោក សេន ណាក់ ជា អនុប្រធាន គណៈកម្មាធិការផ្សព្វផ្សាយ ពិគ្រោះយោបល់ អភិវឌ្ឍន៍ដីធ្លី និង សំណង់ និង ជា ប្រធានទីផ្សារ នៅ ក្រុមហ៊ុន លី សមស័ក្ត រៀល អ៊ីស្ទេត បានប្រាប់ពីចំណុចខ្លះៗរវាងផ្ទះអាជីវកម្មនិងផ្ទះល្វែង៖​

Dc7167d3 8e50 48fb 9f5f 0184204a6e7d

១​. ផ្ទះល្វែង

ផ្ទះល្វែងជាធម្មតាមានទំហំធំ ហើយវែងជាងប្រភេទផ្ទះអាជីវកម្ម ដោយផ្ទះល្វែងត្រូវបានសាងសង់ជាពិសេសសម្រាប់ការរស់នៅ។ ជាទូទៅ ផ្ទះល្វែងត្រូវបានសាងសង់នៅជួរខាងក្រោយគេបង្អស់ ឬផ្លូវក្រោយនៃគម្រោងបុរី។ កំពស់របស់ផ្ទះល្វែងត្រូវបានគេសាងសង់ឡើងដែលអាចមានកំពស់៣ឬ៤ជាន់។

លក្ខណៈសំគាល់ទូទៅនៃផ្ទះល្វែងរួមមាន៖ សំណង់ផ្ទះល្វែងត្រូវបានសង់នៅផ្លូវខាងក្រោយ ឬផ្លូវក្នុងនៃគម្រោងបុរី សាងសង់ជាប់គ្នាដោយមានជញ្ជាំងរួមគ្នាពីមួយខ្នងទៅមួយខ្នង មានកំពស់អាចដល់៤ជាន់ មានតម្លៃលក់ក្នុងមួយល្វែងជាមធ្យមចាប់ពី៥ម៉ឺនទៅជាង១០ម៉ឺនដុល្លារ មានទទឹងធំជាងផ្ទះអាជីវកម្ម បណ្តោយពី ១៦ - ២០ ម៉ែត្រ និងមានដីសល់មុខផ្ទះពី ៤ - ​៦ ម៉ែត្រ និងក្រោយផ្ទះ ១ ទៅ ២ ម៉ែត្រ។

Lv

២. ផ្ទះអាជីវកម្ម

ផ្ទះអាជីវកម្មត្រូវបានគេស្គាល់ថាជាប្រភេទផ្ទះដែលមានភាពស្រដៀងគ្នាទៅនឹងផ្ទះល្វែង ហើយត្រូវបានប្រើសម្រាប់បង្កើតប្រាក់ចំណូលប្រចាំខែ ដែលផ្ទះនោះត្រូវបានធ្វើជាហាងលក់ទំនិញ ការិយាល័យ ឬសកម្មភាពសេដ្ឋកិច្ចណាមួយ ចំណែកឯជាន់ខាងលើអាចជាកន្លែងស្នាក់នៅ។ គម្រោងលំនៅឋានជាច្រើនបានសាងសង់ផ្ទះអាជីវកម្មស្ថិតនៅមុខជាប់នឹងផ្លូវធំតែម្តង។

លក្ខណៈទូទៅរបស់ផ្ទះអាជីវកម្មរួមមាន៖ សំណង់ត្រូវបានសាងសង់ជាប់នឹងផ្លូវធំ ឬជាប់ផ្លូវកែង សាងសង់ជាប់ៗគ្នា មានកំពស់ប្រមាណ២ឬ៣ជាន់និងមានជញ្ជាំងជាប់គ្នា មានតម្លៃថ្លៃជាងគុណនឹង២ដងនៃផ្ទះល្វែងដែលស្ថិតនៅក្នុងគម្រោងជាមួយគ្នា មានទទឹងតូច ៤ ម៉ែត្រ ជាន់ផ្ទាល់មានទំហំវែង (សម្រាប់ដាក់ទំនិញ) មានដីសល់ខាងមុខផ្ទះពី ៤- ៦ ម៉ែត្រ និងដីក្រោយផ្ទះជាន់ក្រោមធ្វើពាណិជ្ជកម្ម និងជាន់លើសម្រាប់ស្នាក់នៅ៕

អត្ថបទដោយ៖ ឌឿក ស្រីនុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia