ភាពបរាជ័យ គឺជាអ្វីដែលមនុស្សគ្រប់រូប មិនចង់ជួបប្រទះនោះទេក្នុងឆាកជីវិត ក៏ប៉ុន្តែគួរឱ្យសោកស្ដាយ ព្រោះក្នុងជីវិតយើងម្នាក់ៗ មិនមានអ្នកណា អាចជៀសផុតពីភាពបរាជ័យនោះទេ។ ភាពបរាជ័យជាស្ពាន ភាពបរាជ័យជាយាន ជាគ្រូបង្រៀនដ៏ល្អបំផុតដល់យើង ក្នុងការរៀនសូត្រពីវា ច្នៃវាជាមេរៀនជាកម្លាំងចិត្ត ក្នុងការបោះជំហានឈានទៅមុខបន្ត ដើម្បីសម្រេចគោលដៅ។
អ្នកណាទៅដឹងថា នៅពីក្រោយភាពជោគជ័យរបស់សេដ្ឋីវិនិយោគម្នាក់ឈ្មោះ Ray Dalio វ័យ ៧២ឆ្នាំ បច្ចុប្បន្នជា សហប្រធានផ្នែកវិនិយោគនៃក្រុមហ៊ុន Bridgewater Associates បច្ចុប្បន្នជាមហាសេដ្ឋីទ្រព្យ២២ពាន់លានដុល្លារ គឺធ្លាប់មានប្រវត្តិជាជនបរាជ័យម្នាក់ ដែលធ្លាប់វិនិយោគខុស ធ្វើឱ្យដំណើរជីវិតលោកផ្លាស់ប្ដូរ១៨០ដឺក្រេ ពីចំណុចដ៏ខ្ពស់មួយ ធ្លាក់មកក្លាយជាជនបរាជ័យ ដាច់យៃរហូតសុំខ្ចីលុយពីលោកឪពុកខ្លួន ៤ពាន់ដុល្លារ ដើម្បីបង់វិក្កយបត្រនៅក្នុងផ្ទះ និងសម្រាប់ការរស់នៅ។
រំលឹកទៅកាន់វ័យកុមារភាព កុមារា Ray ជាក្មេងដែលមានគំនិតវិនិយោគតាំងតែពីតូចមកម៉្លេះ ពោលគឺក្នុងវ័យ១២ឆ្នាំ លោកបានទិញហ៊ុនក្រុមហ៊ុនអាកាសចរណ៍ Northeast Airlines ក្នុងតម្លៃសរុប៣០០ដុល្លារអាមេរិក។ មួយរយៈក្រោយមក តម្លៃហ៊ុនបានកើនឡើង ធ្វើឱ្យលោកលក់ហ៊ុនទាំងអស់ចេញក្នុងតម្លៃសរុប ៩០០ដុល្លារ គឺមានន័យថា លោកអាចចំណេញដល់ទៅ៦០០ដុល្លារ ក្រោយពេលដែល ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានច្របាច់បញ្ចូលគ្នាជាមួយនឹងក្រុមហ៊ុនផ្សេងទៀត។
នៅក្នុងវ័យ៣៣ឆ្នាំ ក្នុងនាមជាអ្នកវិនិយោគមួយរូប លោកបានទទួលរងនូវភាពបរាជ័យយ៉ាងដំណំ ដែលបានព្យាករណ៍សេដ្ឋកិច្ចអាមេរិកខុស ពោលគឺលោកបានវិភាគថាសេដ្ឋកិច្ចអាមេរិកនឹងធ្លាក់ចុះ ប៉ុន្តែជាក់ស្ដែងសេដ្ឋកិច្ចអាមេរិកនៅតែបន្តកើនឡើងជាគំហុគ ដែលជាហេតុធ្វើឱ្យដើមទុនវិនិយោគរបស់លោក នៅក្នុងទីផ្សារត្រូវទទួលរងនូវភាពបរាជ័យ ក្រឡាប់ចាក់បាត់បង់អ្វីៗស្ទើរគ្រប់យ៉ាង ដែលធ្វើឱ្យលោក ធ្លាក់ខ្លួនមកជាមនុស្សដាច់យៃម្នាក់ រហូតខ្ចីប្រាក់ពីឪពុកដើម្បី បង់វិក្កយបត្រនៅក្នុងផ្ទះ និងសម្រាប់ការរស់នៅ។
ក្រោយពេលដែលជួបភាពបរាជ័យយ៉ាងដំណំ ឱសថទិព្វ១ ដែលជួយឱ្យលោកអាចងើបឡើងច្បាំងនឹងភាពបរាជ័យ ចាប់ផ្ដើមជីវិតសារជាថ្មីបានម្ដងទៀតបានគឺ “ការសមាធិធ្វើចិត្តឱ្យស្ងប់”។ ជារឿយៗ លោកបានធ្វើការតាំងសមាធិយ៉ាងតិច ២០នាទី និងធ្វើវា២ដងក្នុងមួយថ្ងៃ ដែលការធ្វើបែបនេះ អាចជួយឱ្យលោកគិតបានស៊ីជម្រៅចំពោះកំហុសផ្សេងៗ ដែលលោកធ្លាប់បានធ្វើ ជួយបង្កើនគំនិតច្នៃប្រឌិត កាត់បន្ថយភាពតានតឹង ការថប់អារម្មណ៍ ជួយធ្វើឱ្យចិត្តស្រឡះ និងជួយឱ្យលោកសម្រេចចិត្តបានល្អបំផុតនាពេលបន្តបន្ទាប់មកទៀត។
ការគិតជារឿងសំខាន់បំផុតក្នុងជីវិត ព្រោះកាលណាគិតត្រូវធ្វើឱ្យការសម្រេចចិត្តត្រូវ ការសម្រេចចិត្តត្រូវធ្វើឱ្យធ្វើសកម្មភាពត្រូវ បង្កើតលទ្ធផលត្រឹមត្រូវ និងជួយឱ្យទទួលបាននូវភាពជោគជ័យ។ ក្រោយពេលដែលលោក Ray Dalio បានធ្វើ ការតាំងសមាធិធ្វើចិត្តឱ្យស្ងប់នេះហើយ ទើបធ្វើឱ្យលោករឹងមាំម្ដងទៀត និងក្រោកឡើងវិញ រហូតអាចទទួលបាននូវភាពជោគជ័យក្នុងជីវិត ខ្លាំងដូចពេលបច្ចុប្បន្ននេះ។ លោកមានប្រសាសន៍ថា “អ្វីដែលលោកមាននាពេលនេះ គឺវាកើតចេញពីការសមាធិដែលលោកតែងតែធ្វើ”។
មេរៀនដ៏មានតម្លៃបំផុត ដែលយើងអាចរៀនសូត្របានពីបទពិសោធន៍ជីវិត សេដ្ឋីទ្រព្យ២២ពាន់លានរូបនេះគឺ៖
១. ការគិតវិភាគជារឿងសំខាន់បំផុតអាចជួយកំណត់ភាពជោគជ័យឬបរាជ័យ។
២. ជីវិតមានឡើងមានចុះ ពេលជីវិតកំពុងឡើង កុំឡើងអំនួត ពេលជីវិតកំពុងធ្លាក់ កុំបាក់ទឹកចិត្ត។
៣. កុំភ័យខ្លាចក្នុងការចាប់ផ្ដើមឡើងវិញ ក្រោយជួបភាពបរាជ័យម្ដងៗ ដរាបណាយើងនៅមានជីវិត យើងនៅតែអាចប៉ះប៉ូវ និងអាចយកអ្វីដែលបានបាត់បង់ត្រឡប់មកវិញលើសមុនទ្វេដង៕
ចង់ពូកែរកស៊ី ចង់រៀនគំនិតរកស៊ីល្អពិសេសជាច្រើនរាល់ថ្ងៃឥតគិតថ្លៃ សូមចុចទីនេះ https://bit.ly/3FMWfb9
អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)
តេឡេក្រាម៖ 096 351 7713