ត្រៀម! ក្រុមហ៊ុនអាមេរិក ២ នេះ បង្ហាញពីផែនការវិនិយោគរបស់ខ្លួននៅកម្ពុជា
Bunthoeun KoemAUGUST 28 20251.2 K views

ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកចំនួន ២ បានបង្ហាញអំពីគម្រោងនៃការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ដោយក្នុងនោះរួមមាន៖ ក្រុមហ៊ុន ExxonMobil ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេង និងឧស្ម័នដ៏ធំមួយនៅលើពិភពលោក និងក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្ដល្បីៗនៅក្នុងប្រទេសកម្ពុជា។

១. ក្រុមហ៊ុន ExxonMobil

តាមការបញ្ជាក់ពីឯកឧត្ដម កែ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ក្រុមហ៊ុនប្រេងធំ ExxonMobil របស់អាមេរិកមានផែនការសហការជាមួយកម្ពុជាលើការផ្គត់ផ្គង់ប្រេងនិងឧស្ម័នគ្រប់ប្រភេទ។ ការបញ្ជាក់របស់ឯកឧត្ដមត្រូវបានធ្វើឡើងនៅក្នុងជួបពិភាក្សាការងារជាមួយ លោក Casey Barnett ​ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំ​កម្ពុជា និងតំណាងក្រុមហ៊ុនប្រេង ExxonMobil នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។​

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន ExxonMobil គឺជាក្រុមហ៊ុនប្រេងធំជាងគេនៅលើពិភពលោក ដែលមានទីស្នាក់ការនៅអាមេរិក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៦៦។

539560855 1300063084821701 3786998890898168286 N

បើតាមការបង្ហោះនៅលើបណ្ដាញសង្គមរបស់អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប នៅថ្ងៃទី២៨ ខែសីហា នេះ បានឲ្យឃើញថា អ្នកឧកញ៉ា និងលោក ទៀ ស្យាម ដែលជាថ្នាក់ដឹកនាំក្រុមហ៊ុនប្រេងខ្មែរ PEACE Petroleum Cambodia ក៏បានជួបជាមួយនឹងតំណាងក្រុមហ៊ុនប្រេងអាមេរិក ExxonMobil នេះផងដែរ។ ហើយបើតាមការបញ្ជាក់ពីខាង PEACE Petroleum Cambodia កាលពីពេលថ្មីៗបានឲ្យដឹងថា ក្រុមហ៊ុនខ្មែរមួយនេះ បាននិងកំពុងចរចាលើកិច្ចព្រមព្រៀងនាំចូលប្រេងឥន្ធនៈជាមួយក្រុមហ៊ុនថាមពលដ៏ធំពីសហរដ្ឋអាមេរិក។ ខណៈក្រុមហ៊ុនបានបង្ហាញការប្ដេជ្ញាចិត្ដក្នុងការនាំយកប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់ និងស្តង់ដារអន្តរជាតិ ដើម្បីបម្រើដល់អតិថិជនទាំងអស់ផងដែរ។ ព័ត៌លម្អិតទាក់ទងក្រុមហ៊ុនប្រេងខ្មែរមួយនេះ សូមតាមដានហ្វេសប៊ុកផេក PEACE Petroleum Cambodia។ 

 
 

539909393 1300063091488367 2708331791497255060 N

២. ក្រុមហ៊ុន RMA Cambodia

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន RMA Cambodia ក៏បានបង្ហាញពីគម្រោងនៃការបង្កើតរោងចក្រដំឡើងត្រាក់ទ័រម៉ាក ចនឌារ (John Deere) នៅក្នុងប្រទេសកម្ពុជាផងដែរ ខណៈដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការសិក្សា។ តាមការបញ្ជាក់របស់លោក ងន សាំង ដែលជាអគ្គនាយកក្រុមហ៊ុនបានថ្លែងនៅក្នុងសន្និសីទសារព័ត៍មានកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ថា «...វិស័យកសិកម្មគឺយើងជាអ្នកតំណាងចែកចាយត្រាក់ទ័រម៉ាក ចនឌារ (John Deere) របស់អាមេរិកនៅកម្ពុជានេះ។ ហើយខាងយើងខ្ញុំកំពុងតែសិក្សាផងដែរនូវលទ្ធភាព ដើម្បីដំឡើងរោងចក្រនៅកម្ពុជាផងដែរសម្រាប់ត្រាក់ទ័រម៉ាកចនឌានេះ យើងកំពុងតែសិក្សាយើងគិតថា នឹងអាចកើតមាននៅពេលឆាប់ៗខាងមុខនេះផងដែរ»

20 (1)

បច្ចុប្បន្នត្រាក់ទ័រម៉ាក John Deere ដែលកំពុងនាំចូលយកមកដាក់លក់នៅលើទីផ្សារកម្ពុជាបច្ចុប្បន្នមានប្រភេទកម្លាំងចាប់ពី ២៨ សេះ រហូតដល់ ៤១០ សេះ ដើម្បីបំពេញតម្រូវការគ្រប់ប្រភេទ ទាំងការងារកសិកម្មខ្នាតតូច មធ្យម និងកសិឧស្សាហកម្ម។ នេះបើតាមការបញ្ជាក់ពីខាងក្រុមហ៊ុនមកកាន់ Business Cambodia។ សម្រាប់អ្នកចង់ទិញត្រាក់ទ័រម៉ាក John Deere អាចធ្វើការទាក់ទងទៅខាងក្រុមហ៊ុនតាមរយៈលេខ 1800 20 8086 ឬហ្វេសប៊ុកផេក ត្រាក់ទ័រ ចនឌារ - RMA Cambodia Plc.

486666854 1051729337002586 3992421158332272447 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia