ភ្នំពេញ – ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥, ក្នុងជំហានមួយដែលបង្ហាញពីការមើលថែ និងការជម្រុញលើកទឹកចិត្តដល់យុវជនយុវនារីកម្ពុជា ក្រុមហ៊ុន MG Cambodia បានបង្ហាញនូវសកម្មភាពដ៏មានអត្ថន័យមួយ តាមរយៈការផ្ដល់ជាអាហារថ្ងៃត្រង់ជូនដល់សិស្សានុសិស្សដែលកំពុងចូលរួមប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំសិក្សា២០២៥ ដែលកម្មវិធីនេះត្រូវបានរៀបចំដោយក្រុមហ៊ុន MG សាខាភ្នំពេញ និង MG សាខាខេត្តបាត់ដំបង។
ការប្រឡងសញ្ញាបត្រទុតិយភូមិ គឺជាការប្រឡងដ៏សំខាន់មួយក្នុងជីវិតសិក្សារបស់កុមារកម្ពុជាទាំងអស់ ដែលទាមទារឱ្យមានការប្តេជ្ញាចិត្តខ្ពស់ និង កិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង។ តាមរយៈការទទួលស្គាល់ពីពេលវេលាដ៏តានតឹង និងកិច្ចខិតខំដ៏លំបាករបស់បេក្ខជនប្រឡងទាំងអស់, ក្រុមហ៊ុន MG Cambodia បាននាំមុខគេក្នុងការជួយជម្រុញលើកទឹកចិត្ត និងគាំទ្រដល់សិស្សក្នុងអំឡុងពេលប្រឡងថ្នាក់ជាតិនេះ ដោយផ្តល់ជូនអាហារថ្ងៃត្រង់ជូនបេក្ខជនប្រឡងនៅមណ្ឌលប្រឡងសាលាបឋមសិក្សាបារគូ។
តំណាងក្រុមហ៊ុន MG Cambodia បានបញ្ផាក់ថា "ការអប់រំគឺជាមូលដ្ឋានគ្រឹះនៃអនាគតដ៏ភ្លឺស្វាង។ សិស្សានុសិស្សទាំងអស់គឺជាអ្នកដឹកនាំនាពេលអនាគតរបស់ប្រទេសកម្ពុជា ហើយក្នុងនាមយើងជាក្រុមហ៊ុនមួយដែលមានការតាំងចិត្តខ្ពស់ចំពោះការរីកចម្រើន និងអោយតម្លៃទៅលើវិស័យអប់រំនៅកម្ពុជា យើងពិតជាមានមោទនភាពក្នុងការចូលរួមលើកទឹកចិត្តនិងរួមចំណែកជាមួយពួកគេទាំងអស់គ្នា។"
តាមរយៈសកម្មភាពនេះ ក្រុមហ៊ុន MG Cambodia មិនត្រឹមតែផ្ដល់អាហារថ្ងៃត្រង់ដែលមានឱជារសនោះទេ ប៉ុន្តែក៏បានផ្ញើសារជម្រុញទឹកចិត្តដល់បេក្ខជនទាំងអស់ឲ្យខិតខំ និង ជឿជាក់លើខ្លួនឯងក្នុងការប្រឡងថ្នាក់ជាតិនេះផងដែរ។ នេះគឺជាការបង្ហាញពីទស្សនវិស័យរបស់ក្រុមហ៊ុន MG ក្នុងការរួមចំណែកក្នុងសង្គមជាតិកម្ពុជាយើងដោយផ្ដោតលើសុខុមាលភាពរបស់ប្រជាជន និង សហគមន៍យើង។
មាតាបិតា និង សិស្សានុសិស្សបានបង្ហាញពីការថ្លែងអំណរគុណជាមួយនឹងស្នាមញញឹមដ៏រំភើបដែលជាការបង្ហាញពីសកម្មភាពតូចៗប៉ុន្តែមានការគិតគូរបានល្អ និង អាចផ្ដល់ការជម្រុញទឹកចិត្តកាន់តែខ្លាំងក្លា ពិសេសក្នុងពេលប្រឡងថ្នាក់ជាតិនេះ។ នេះជាផ្នែកមួយនៃការប្រតិបត្តិភារកិច្ចការងារសង្គមរបស់ក្រុមហ៊ុន MG Cambodia ក្នុងការចូលរួមលើកម្មវិធីគាំទ្រសហគមន៍ខ្មែរ និងវិស័យអប់រំផងដែរ។