ប្រយ័ត្នវេទនាខ្លួន! អ្នកជំនាញថាខ្ចីធនាគារតាមផ្លូវ៣នេះនឹងមានហានិភ័យខ្ពស់ណាស់
Toeuy HongAUGUST 28 202517 views

 គេថាកម្ចីគឺជាអាវុធមុខ២ បើប្រើប្រាស់ត្រឹមត្រូវនោះជួយឲ្យជីវិតអ្នកកាន់តែរីកចម្រើនអាចកសាងភាពមានបានក្នុងជីវិត តែបើអ្នកប្រើប្រាស់កម្ចីមិនបានត្រឹមត្រូវទេនោះនឹងធ្វើឲ្យជួបគ្រោះថ្នាក់ធំធ្លាក់ទៅក្នុងបញ្ហា្ហហិរញ្ញវត្ថុពិបាកដោះស្រាយ។

 

ទាក់ទងនឹងកម្ចីនេះដែរ លោក ង៉ែត ជូ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន F.I Vision Capital និងជាអ្នកជំនាញហិរញ្ញវត្ថុបានចែករំលែកនូវរឿងចំនួន៣ដែលជាហានិភ័យហិរញ្ញវត្ថុ (គ្រោះថ្នាក់) គួរចៀសវាងចំពោះកម្ចីធនាគារ៖

 

. យកប្លង់ដី ប្លង់ផ្ទះទៅបញ្ចាំជំនួសអ្នកដទៃ

ត្រង់នេះលោក ង៉ែត ជូ បានលើកឡើងថាអ្នកខ្លះគិតថាខ្លួនឯងឆ្លាតដែលយកប្លង់ផ្ទះ ប្លង់ដីទៅបញ្ចាំជំនួសអ្នកដទៃរួចចាំទទួលផលកម្រៃពីអ្នកដែលខ្ចីលុយដែលពួកគាត់បានយកប្លង់ផ្ទះ ប្លង់ដីទៅដាក់បញ្ចាំជំនួស។ យ៉ាងណាមិញពួកគាត់ប្រហែលមិនទាន់គិតដល់ពីហានិភ័យនោះទេពេលយកប្លង់ផ្ទះ ប្លង់ដីទៅដាក់បញ្ចាំជំនួសគេ។

 

ត្រូវចាំថាអំឡុងពេលសេដ្ឋកិច្ចសកលដាំក្បាលចុះ មនុស្សរកចំណូលសូវបានដូចមុនដូច្នេះការយកប្លង់ផ្ទះឬប្លង់ដីទៅដាក់បញ្ចាំជំនួសអ្នកដទៃនេះពិតជាគ្រាះថ្នាក់ខ្លាំងព្រោះពេលគេខ្ចីលុយធនាគារហើយអ្នកដាក់ប្លង់ផ្ទះ ប្លង់ដីជំនួសគេ ពេលគេអស់លទ្ធភាពបង់ធនាគារនោះប្លង់ផ្ទះប្លង់ដីរបស់អ្នកនឹងត្រូវបានគេរឹបអស់ជាមិនខានឡើយ។

 

. ខ្ចីលុយធនាគារយកទៅចង់ការប្រាក់បន្ដឲ្យអ្នកដទៃ

ត្រង់នេះមានមនុស្សមួយចំនួនក៏អនុវត្តន៍ធ្វើដែរព្រោះពួកគាត់គិតថាការធ្វើបែបនេះនឹងបានប្រាក់ចំណេញច្រើន។ ដូច្នេះពួកគាត់សម្រេចខ្ចីលុយធនាគារដើម្បីយកមករកស៊ីចង់ការប្រាកបន្តដើម្បីបានការប្រាក់ខ្ពស់។ យ៉ាងណាមិញការធ្វើបែបនេះមានហានិភ័យខ្ពស់ណាស់ ជាពិសេសអំឡុងពេលសេដ្ឋកិច្ចធ្លាក់ចុះនេះការរកស៊ីចងការប្រាក់អាចជួបហានិភ័ពោលគឺអ្នកខ្ចីលុយអាចនឹងមិនសងហើយទីបំផុតអ្នកនឹងធ្លាក់ទៅក្នុងបញ្ហាបំណុល។

 

. ចុះកិច្ចសន្យាធានាកម្ចីឲ្យអ្នកដទៃ

ត្រង់នេះប្រហែលជាមានពលរដ្ឋយើងមិនតិចទេដែលចុះកិច្ចសន្យធានាកម្ចីឲ្យអ្នកដទៃហើយក៏ទទួលរងថ្មបាក់ពីការធានាកម្ចីនេះផងដែរ។ បងប្អូនមួយចំនួនប្រហែលជាមិនដឹងរឿងនេះនោះទេ ដោយមន្រ្តីឥណទានបញ្ចុះបញ្ចូលឲ្យចុះកិច្ចសន្យាធានាកម្ចីឲ្យមិត្តភក្ដិឬសាច់ញាតិក៏ចេះតែចុះកិច្ចសន្យាតាមគេ ប៉ុន្ដែពួកគាត់មិនដឹងទេថាការចុះកិច្ចសន្យាធានាកម្ចីគឺពិតជាគ្រោះថ្នាក់ទាំងមិនដឹងខ្លួន។

 

ក្នុងករណីអ្នកចុះកិច្ចសន្យាធានាកម្ចីឲ្យអ្នកដទៃ ពេលអ្នកដទៃគេចវេសមិនព្រមបង់សងឬរត់ចោលស្រុក អ្នកនឹងទទួលរងថ្មបាកដោយត្រូវបង់សងបំណុលជំនួសគេពោលគឺវាប្រៀបដូចជានៅសុខៗអ្នកចូលខ្លួនទៅបង់សងបំណុលជំនួសអ៊ីចឹង។

 

គួរបញ្ជាក់ផងដែរថាចំណុចទាំង៣ខាងលើថ្មីៗនេះមានអ្នកមិនមានចំណេះដឹងហិរញ្ញវត្ថុ ឬមានចំណេះដឹងតិចតួចជាច្រើននាក់ធ្លាក់ក្នុងហានិភ័យនៃចំនុចទី១ និងទី២។ ពួកគាត់មិនយល់ពីហានិភ័យ គិតតែពីឱកាសចំណេញ និងដើរប្រាប់គេឯងថាខ្លួនឯងជាមនុស្សឆ្លាត៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia