របរចិញ្ចឹមបង្កងគឺជារបរដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ន ខណៈរបរនេះចាយពេលក្នុងការចិញ្ចឹមតិចហើយបើចេះពីបច្ចេកទេសក្នុងការចិញ្ចឹមច្បាស់នឹងធ្វើឱ្យទិន្នផលបង្កងទទួលបានល្អ អាចលក់បានថ្លៃអាចន្លោះពី ១៨ដុល្លារទៅ ២០ដុល្លារ ឬក៏អាចលោតទៅដល់ ៣០ដុល្លារក៏មានដែរ។
ជាក់ស្តែងក្នុងកិច្ចសម្ភាសន៍ជាមួយលោក ចន បូរ៉ា ជាកសិករចិញ្ចឹងបង្កងមួយរូបនៅខេត្តព្រៃវែងបានឱ្យដឹងថា “សម្រាប់បង្កងនាគនៅខាងលោកអាចលក់បានចន្លោះពី ១៨ដុល្លារទៅ ២០ដុល្លារ ចំពោះបច្ចេកទេសនៃការចិញ្ចឹមវិញ សម្រាប់កសិករជាដំបូង យើងត្រូវរើសប្រភេទ ពូជបង្កងដែលយើងចង់ចិញ្ចឹម អាចសាកល្បងចិញ្ចឹមក្នុងតង់ ឬអាងទឹកថ្ម ឱ្យស៊ីពោត សណ្ដែក ល្ពៅ ដែលស្ងោរហើយ ជាចំណីអាហារ សម្រាប់ការប្ដូរទឹកបើសិនជាយើងមើលឃើញថា ទឹកនោះល្អក់ខ្លាំង ឬ មានក្លិនស្អុយ ចាំយើងលាងសម្អាតដូរទឹកចេញ។”
លោកបានបញ្ជាក់បន្ថែមថា ដើម្បីចិញ្ចឹមបង្កងទទួលបានផលល្អ សម្រាប់ការចិញ្ចឹមបង្កងមួយយើង ផ្ដោតសំខាន់ទៅលើទឹក កាលណាដែលយើងរៀបចំទឹក ត្រូវយើងក៏ងាយស្រួលក្នុងការចិញ្ចឹមដែរ ហើយសម្រាប់បង្កងនេះទៀតសោតវាមិនរើសទឹកទេ ទឹកអីក៏ចិញ្ចឹម បានដែរទឹកអណ្ដូង ទឹករដ្ឋ ទឹកស្រះក៏ ចិញ្ចឹមបានដែរ អាស្រ័យលើការដែលយើងយកមកច្នៃប្រើប្រាស់ របស់ យើងជាក់ស្ដែង។
សម្រាប់ការ ផ្ដល់ចំណីវិញយើងអាចដាក់ តែពេលល្ងាច ក៏បានដែរ សម្រាប់បងប្អូនដែលគាត់ចង់ចិញ្ចឹមតែមិនសូវមានពេល គាត់ដាក់តែពេលល្ងាចទៅ ទាល់តែពេលល្ងាចទើបវាចេញមកស៊ី តែបើមានពេលគ្រប់គ្រាន់គាត់អាចដាក់ពេលព្រឹកនិងពេលល្ងាច គ្រាន់តែថាពេលព្រឹក វាចេញស៊ីចំណីតែ៣០ភាគរយទេ បានន័យថាវាស៊ីតិចជាងពេលល្ងាច។
ដោយឡែក លោក ចន បូរ៉ា ក៏បានប្រាប់បន្ថែមថា ប្រសិនបើបងប្អូនចង់សាកល្បងចិញ្ចឹមបងប្អូនអាចចំណាយទុនដំបូងចន្លោះពី ២០ ទៅ ៣០ម៉ឺនរៀលគឺអាចធ្វើបានហើយ ដោយចិញ្ចឹមត្រឹម ១០០ទៅ ២០០កូន និងរៀបចំជាស្រះតង់កៅស៊ូសមល្មម”។ ហើយចំពោះរយៈពេលនៃការចិញ្ចឹមជាទូទៅប្រសិនបើចិញ្ចឹមនៅក្នុងស្រះប្រើពេលតែខ្ទង់៣ខែគឺអាចប្រមូលផលបានហើយ ដោយឡែកសម្រាប់ការចិញ្ចឹមនៅក្នុងអាចគឺប្រើចន្លោះពេល៣ខែកន្លះទៅ៤ខែ ទៅតាមបច្ចេកទេសនៃការចិញ្ចឹម។
គូសបញ្ជាក់ផងដែរថា សម្រាប់បងប្អូនដែលចង់ប្រឹក្សាពីបច្ចេកទេសចិញ្ចឹម និងចង់ពូជឬបង្កងនាគសាច់ក៏អាចធ្វើការទំនាក់ទំនងទៅកាន់លោក ចន បូរ៉ា បានតាមរយៈហ្វេសប៊ុកផេក កសិដ្ឋានបង្កងនាគ ផ្សារកំចាយមារ ឬក៏តាមរយៈលេខតេឡេក្រាម ០97 777 4415 ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង