បើបានពិតជាអេម! ផ្លូវដែកល្បឿនលឿនថ្មី​ ២ ខ្សែ តម្លៃជិត ៣ ពាន់លានដុល្លារកំពុងស្ថិតក្នុងផែនការសាងសង់របស់រដ្ឋ
Bunthoeun KoemAPRIL 4 20251.2 K views

បច្ចុប្បន្នកម្ពុជាមានផ្លូវដែកតែ ២ ខ្សែប៉ុនណោះគឺខ្សែផ្លូវដែកភាគខាងត្បូង (ភ្នំពេញ-ព្រះសីហនុ) និងខ្សែផ្លូវដែកភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ខណៈផ្លូវដែកទាំងពីរនេះត្រូវបានសាងសង់រយៈពេលជាយូរឆ្នាំណាស់មកហើយ ដោយមិនអាចបើកបរក្នុងល្បឿនលឿនខ្លាំងបានទេ។ យ៉ាងណាកន្លងទៅនេះ រាជរដ្ឋាភិបាលក៏បានដាក់ផែនការនៅក្នុងសាងសង់ផ្លូវដែកថ្មីជាច្រើនគម្រោង ពិសេសក៏មានផ្លូវដែកល្បឿនលឿនផងដែរ។

 

485750969 1180148157238686 4071313236863740736 N

 

យោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ របស់រាជរដ្ឋាភិបាលបានបង្ហាញថា គម្រោងផ្លូវដែកល្បឿនលឿនគឺមានចំនួន ២ ខ្សែកំពុងស្ថិតនៅក្នុងផែនការសាងសង់។ ដោយក្នុងនោះរួមមាន៖

 

១. ផ្លូវដែកល្បឿនលឿនភ្នំពេញ-បាវិត

 

តាមការបញ្ជាក់ផ្លូវដែកនេះ នឹងចាប់ផ្ដើមចេញពីរាជធានីភ្នំពេញបត់ទៅភាគអាគ្នេយ៍ឆ្លងកាត់តាមកំពង់ផែស្វយ័តភ្នំពេញថ្មី បន្ដទៅភាគខាងកើតតាមបណ្ដោយផ្លូវជាតិលេខ១ កាត់តាមខេត្ដកណ្ដាល ខេត្ដព្រៃវែង ខេត្ដស្វាយរៀង និងបញ្ចប់នៅមាត់ច្រកទ្វារព្រំដែនបាវិត (ព្រំដែនកម្ពុជា-វៀតណាម)។ ខណៈផ្លូវដែកនេះមានប្រវែងសរុប ១៥០ គីឡូម៉ែត្រ ដោយផ្ដោតសំខាន់លើការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ។

 

បន្ទាប់ពីសាងសង់រួចរាល់ល្បឿនដឹកជញ្ជូនអ្នកដំណើរគឺ ១៦០ គីឡូម៉ែត្រក្នុង ១ ម៉ោង និងដឹកជញ្ជូនទំនិញនឹងលើស ៨០ គីឡូម៉ែត្រក្នុង ១​ ម៉ោងផងដែរ។ តាមការប៉ាន់ស្មានគម្រោងនេះត្រូវការទុនវិនិយោគប្រមាណ ៨០០ ដុល្លារ។

 

២. ផ្លូវដែកល្បឿនលឿនភ្នំពេញ-កំពង់ធំ-សៀមរាប-ប៉ោយប៉ែត

 

គម្រោងផ្លូវដែកថ្មីនេះ គឺចាប់ផ្ដើមចេញពីប៉ោយប៉ែតភាគពាយ័ព្យ ឆ្លងកាត់តាមខេត្ដសៀមរាប ខេត្ដកំពង់ធំ តំបន់ជើងព្រៃ (ខេត្ដកំពង់ចាម) ភ្ជាប់មករាជធានីភ្នំពេញ។ ផ្លូវដែកនេះផ្ដោតសំខាន់លើការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ។ បន្ទាប់ពីការសាងសង់រួច ល្បឿនដឹកជញ្ជូនអ្នកដំណើរអាចធ្វើដំណើរបាន ១៦០ គីឡូម៉ែត្រក្នុង ១ ម៉ោង និងដឹកជញ្ជូនទំនិញអាចធ្វើដំណើរបានលើសពី ៨០ គីឡូម៉ែត្រក្នុង ១ ម៉ោង។ ដោយទម្ងន់បន្ទុកលើសពី ២០ តោនក្នុង១អ័ក្សកង់។

 

តាមការប៉ាន់ស្មាន គម្រោងផ្លូវដែកថ្មីខាងលើនេះ គឺត្រូវការទុនវិនិយោគប្រមាណ ២ ១៥០ លានដុល្លារ។ ខណៈគម្រោងផ្លូវដែកនេះ គឺជារបៀងដឹកញ្ជូនភាគពាយព្យ និងស្ថិតនៅក្នុងផែនការសាងសង់រយៈពេលវែង៕

 

472363998 122235055334029244 3565398256152468421 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia